ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលបានវិលត្រឡប់មកពីប្រទេសថៃ ឱ្យសិក្សានៅតាមគ្រឹះស្ថាន ឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា ក្រោមឈ្មោះថា “អាហារូបករណ៍សម្តេចតេជោ”។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និស្សិតដែលបានវិលត្រឡប់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា វិញ មានចំនួន ៤២៣នាក់។
និស្សិតចំនួន១៧២នាក់ ក្នុងចំណោម៤២៣នាក់ បានស្នើសុំអាហារូបករណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តការសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។
ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា អាហារូបករណ៍ ក្រោមឈ្មោះថា “អាហារូបករណ៍សម្តេចតេជោ” នឹងផ្តល់ជូននិស្សិតកម្ពុជា ទាំង១៧២នាក់ ឱ្យបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ក្នុងប្រទេសកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់និស្សិតកម្ពុជា ទាំង១៧២នាក់ សូមទាក់ទងគ្រឹះស្ថានឧត្តម សិក្សា ដោយផ្ទាល់ ដើម្បីរៀបចំបែបបទ និងដាក់ពាក្យស្នើសុំចូលរៀន។
ក្រសួងអប់រំ យុវជននិងកីឡា ចាត់តាំងលោកបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការ ដែលមានលេខទូរស័ព្ទ ០១២ ២២៥ ៣០៣ ដើម្បីជួយសម្របសម្រួលជូនដល់និស្សិតកម្ពុជា៕