ខេត្តក្រចេះ ៖ លោកគង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តក្រចេះ ដោយផ្អែកលើស្ថានភាពទឹកទន្លេមេគង្គ បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមបង្ការលើការងារត្រៀមបម្រុងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅ សាលប្រជុំផ្ការំដួល សាលាខេត្ត។

ជាក់ស្តែង ស្ថានភាពកម្ពស់ទឹកជំនន់ទន្លេមេគង្គ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ មានកម្ពស់ ២០,២២ម៉ែត្រ បើប្រៀធៀបឆ្នាំ២០២៤ មានកម្ពស់ ១៨,៥៤ម៉ែត្រ ខណៈកម្ពស់ទឹកប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ។
លោកគង់ គឹមនី អភិបាលរងខេត្ត បានឱ្យដឹងនៅរសៀលថ្ងៃនេះថា នាព្រឹកមិញនេះ លោកបានដឹកនាំកិច្ចប្រជុំ ពាក់ព័ន្ធទៅនឹងការត្រៀម ឆ្លើយតបគ្រោះមហន្តរាយ ជាពិសេស គឺស្រុកដែលនៅជាប់ដងទន្លេ ដែលមានបញ្ហាប្រឈមជារៀងរាល់ឆ្នាំ គឺមានក្រុងក្រចេះ ស្រុកចិត្របុរី ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងស្រុកសម្បូណ៌។
លោកអភិបាលរងខេត្ត បានណែនាំទៅឱ្យក្រុង/ស្រុក ដែលនៅជាប់ដងទន្លេមេគង្គឱ្យត្រៀមលក្ខណៈខ្ពស់បំផុត និងបានប្រកាសឱ្យ ក្រុង/ស្រុក ទាំងអស់នោះ ពិនិត្យមើលទីទួលសុវត្ថិភាពដើម្បីជម្លៀសប្រជាពលរដ្ឋនៅពេលណាដែលមានហានិភ័យកើតឡើង ហើយអ្វីដែលសំខាន់ នោះ គឺអាជ្ញាធរខេត្តបានរៀបចំផែនការឆ្លើយតបរួចជាស្រេច រួមទាំង ស្បៀង ជាដើម ដែលមានលោកវ៉ា ថន អភិបាលខេត្ត និងជាប្រធាន គណៈកម្មាការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត គឺបានត្រៀមរួចរាល់ជាស្រេច ក៏ដូចជារៀងរាល់ឆ្នាំផងដែរ។

លោកបានបញ្ជាក់ថា ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ នឹងចុះពិនិត្យស្ថានភាពទឹក និងទីទួលសុវត្តិភាព តាឃីន ជាក់ស្តែងនៅ ឃុំបុសលាវ ស្រុកចិត្របុរី ផងដែរ៕