Friday, August 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបន្លំជាកម្មកររោងចក្រ លួចលុយអ្នកលក់បាយ 

បន្លំជាកម្មកររោងចក្រ លួចលុយអ្នកលក់បាយ 

ខេត្តកណ្តាល ៖ នារីវ័យក្មេងម្នាក់ តែងបន្លំខ្លួនចូលក្នុងចំណោមកម្មការិនីរោងចក្រ អំឡុងពេលមុនចូលធ្វើការ និងពេលសម្រាកបាយថ្ងៃត្រង់ ដើម្បីលួចលុយ និងទូរស័ព្ទរបស់កម្មការិនី ព្រមទាំងអ្នកលក់ដូរ នៅខាងមុខរោងចក្រ លុះចុងក្រោយ ត្រូវអស់លក្ខណ៍ បន្ទាប់ពីបន្លំលួចលុយអ្នកលក់បាយ នៅមុខរោងចក្រ ចំនួន៥ម៉ឺនរៀល ត្រូវជនរងគ្រោះចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចមុខរោងចក្រវើលសុន វីនឌឺ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអង្គស្នួល៣ ឃុំពើក ស្រុកអង្គស្នួល។

ជនរងគ្រោះ មានឈ្មោះ ឆេង សុខលី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់បាយមុខរោងចក្រ វើលសុន វីនឌឺ មានលំនៅ ភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះប៊ុនធឿន លីហ្សាន ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល។

តាមប្រភពមន្ត្រីកងរាជអាវុធហត្ថស្រុកអង្គស្នួល បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានចេញទៅលក់បាយ នៅមុខរោងចក្រខាងលើ ដូចសព្វដង។ លុះពេលកម្មករចូលធ្វើការ កំពុងតែមមាញឹកលក់ដូរ ស្រាប់តែជនសង្ស័យម្នាក់ បានលូកដៃលួចយកប្រាក់ ចំនួន៥ម៉ឺនរៀល ដែលគាត់ដាក់នៅលើតុបាយ។ ភ្លាមៗនោះ ជនរងគ្រោះបានចាប់ខ្លួនជនសង្ស័យ រួចរាយការណ៍ប្តឹងទៅសមត្ថកិច្ចតែម្តង។

ប្រភពដដែល បន្តថា ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ខ្លួនបានបាត់លុយ ជាញឹកញាប់ ហើយធ្លាប់ចាប់បានជនសង្ស័យខាងលើម្តងរួចមកហើយ។ មិនតែប៉ុណ្ណោះ អ្នកលក់ដូរនៅមុខរោងចក្រ រួមទាំងកម្មករ ក៏ធ្លាប់បានបាត់លុយ និងទូរស័ព្ទ ជាញឹកញាប់ដែរ។ តាមពិត ជនសង្ស័យខាងលើ មិនមែនជាកម្មការិនី ធ្វើការនៅរោងចក្រនេះទេ តែងនាងតែងបើកម៉ូតូមកឈប់មុខរោងចក្រ នៅពេលកម្មករចូលនិងចេញពីធ្វើការ ដោយបន្លំធ្វើជាកម្មការិនីរោងចក្រ។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ព្រីងទុំ ស្លាក លេខ កំពង់ស្ពឺ 1B- 3122 និងទូរស័ព្ទ ១គ្រឿង ម៉ាក Realme។ ចំពោះប្រាក់ ៥ម៉ឺនរៀល ជនរងគ្រោះបានយកមកវិញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះប៊ុនធឿន លីហ្សាន បានឆ្លើយសារភាពថា នាងពិតជាបានលួចលុយរបស់ជនរងគ្រោះ ចំនួន ៥ម៉ឺនរៀល ប្រាកដមែន។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES