Friday, August 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្ពុជា រងឥទ្ធិពលព្យុះទី៨-ទី៩ ដល់ថ្ងៃ១សីហា

កម្ពុជា រងឥទ្ធិពលព្យុះទី៨-ទី៩ ដល់ថ្ងៃ១សីហា

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា ខណៈសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី៨ ឈ្មោះភូម៉ាយ (Co-May) T2508 ឡើងវិញ និងព្យុះទី៩ ឈ្មោះក្រសារ (Krosa) T2509 ក្នុងឆ្នាំ២០២៥ នៅតែបន្តមាន ឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ព្យុះ ភូម៉ាយ និងក្រសារ នេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ៖ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ៖

១-តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ។ ខ្យល់បក់មកពី ទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម ៦ម៉ែត្រ ក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១០ភាគរយ។

២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣អង្សាសេ។ ខ្យល់បក់មកពី ទិសនិរតី និងទិសពាយ័ព្យ មានល្បឿនមធ្យម ៧ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក នឹងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥ភាគរយ។

៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម ៨ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ២០ភាគ រយ។

– រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

RELATED ARTICLES