Thursday, July 31, 2025
Homeព័ត៌មានជាតិរដ្ឋបាលខេត្ត ដឹកជញ្ជូនពលករមកពីថៃ ទៅកាន់លំនៅឋាន

រដ្ឋបាលខេត្ត ដឹកជញ្ជូនពលករមកពីថៃ ទៅកាន់លំនៅឋាន

ភ្នំពេញ ៖ អាជ្ញាធរតាមបណ្តាខេត្ត បានដឹកជញ្ជូនពលករដែលសម្រុកមកពីថៃ ជាច្រើនម៉ឺននាក់ ចូលប្រទេសកំណើតវិញ តាមរថយន្តក្រុងសាធារណៈ ទៅដល់លំនៅឋានរបស់ពួកគេ។ ការសម្រុកវិលមកវិញនេះ ដោយសារ ជម្លោះព្រំដែនកម្ពុជា-ថៃ បានរីករាលដាលធ្ងន់ រហូតកើតមានការរើសអើងពលរដ្ឋខ្មែរ ក្នុងប្រទេសថៃ។

គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលពលករពីថៃ បានជាង ២ ២៨៩នាក់។ ពួកគេភាគច្រើន វិលចូលមកកម្ពុជា វិញ តាមច្រកព្រំដែន ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ជាដើម។ បើតាមលោកម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ ប្រាប់សារព័ត៌មាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

នៅខេត្តតាកែវ អាជ្ញាធរខេត្ត បានបង្កើតគណៈកម្មការទទួលពលករ ដោយមានរដ្ឋបាលខេត្តជាអ្នកទទួលចាត់ ចែង។ គិតត្រឹមថ្ងៃទី២៨ ខែកក្កដា មានពលករពីថៃ ជាង ៣០០០នាក់ បានវិលចូលក្នុងខេត្តវិញ។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។

ជាមួយគ្នាដែរ ចាប់ជម្លោះព្រំដែកកម្ពុជា កើនកម្តៅ អំឡុងខែមិថុនា ដល់ថ្ងៃទី២៨ ខែកក្កដា នៅខេត្តពោធិ៍សាត់ មានពលករត្រឡប់មកពីថៃ ៣៧៨៣នាក់ ខេត្តព្រះវិហារ មាន ៤៥០នាក់ ខេត្តសៀមរាប មានជាង ១៥០០០នាក់ និងខេត្តកំពង់ចាម មានជាង ២៤៣៩នាក់។ នេះបើតាមការបញ្ជាក់របស់អភិបាលខេត្ត និងនាយករដ្ឋបាល នៃខេត្តទាំង៤។

ពាក់ព័ន្ធនឹងពលរដ្ឋខ្មែរ នៅថៃ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប៉ាន់ស្មានថា ក្នុងរយៈពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ពលករខ្មែរសម្រុកពីថៃ ចូលក្នុងប្រទេសវិញ ជិត៤០ម៉ឺននាក់។ នេះបើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បង្ហាញក្នុងសន្និសីទស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ផ្អែកតាមស្ថានភាពនេះ រដ្ឋបាលខេត្តជាប់ព្រំដែន ដូចជាខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យនិងបណ្តារាជ ធានី-ខេត្តដទៃទៀត បានចុះជួយសម្រួលនិងដឹកជញ្ជូនពលរដ្ឋខ្មែរ ទៅកាន់ស្រុកភូមិ ដោយយកចិត្តទុកដាក់។ ពាក់ព័ន្ធនឹងការវិលត្រឡប់ពីប្រទេសថៃ នាពេលនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ជួយគាំពារ ផ្តល់ព័ត៌មាន និងប្រឹក្សាផ្តល់សេវារៀនជំនាញ អាជីព និងឱកាសការងារថ្មី សម្រាប់ពួកគេ ដែលមានបំណងស្វែងរកការងារធ្វើផងដែរ៕

RELATED ARTICLES