Friday, August 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមធ្លាយអ្នកទោស២នាក់ ហែកគុករត់

ធ្លាយអ្នកទោស២នាក់ ហែកគុករត់

ខេត្តកំពង់ស្ពឺ ៖ ជនជាប់ចោទ២នាក់ ត្រូវបានប្រភពព័ត៌មានបង្ហើបថា បានលួចរត់ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ហើយក៏ឃើញមានខាងអគ្គនាយកដ្ឋានពន្ធនាគារ ចុះមកត្រួតពិនិត្យដែរ ប៉ុន្តែហាក់បីដូចជាលាក់លៀមព័ត៌មាន។

តាមប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា ជនជាប់ចោទ ចំនួន២នាក់ បានហែកគុក រត់គេចខ្លួនបានសម្រេច កាលពីរំលងអធ្រាត្រថ្ងៃទី២៦ ឈានចូលថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិត្រស់សាលា សង្កាត់ស្វាយ ក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បើតាមប្រភពព័ត៌មាន បានបន្តថា ក្រុមជនជាប់ចោទដែលហែកគុក រត់គេចខ្លួនបាត់នោះ មិនទាន់ស្គាល់ឈ្មោះ និងជាប់ពាក់ព័ន្ធនឹងករណីបទល្មើសអ្វីនោះទេ ដោយលេចឮថា មានទោសជាប់ខ្លួន តុលាការកាត់ជម្រះមួយរឿងរួចហើយ នៅច្រើនករណីទៀត ទើបក្រុមជនជាប់ចោទនាំគ្នាហែកគុករត់គេចខ្លួនតែម្តងទៅ។

ប្រភពព័ត៌មានបានបង្ហើបទៀតថា បន្ទាប់ពីមានករណីហែកគុក រត់គេចខ្លួនដោយសុវត្ថិភាព របស់ជនជាប់ចោទចំនួន២នាក់ខាងលើនេះ កាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ឃើញមានមន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារ ចុះមកពិនិត្យផងដែរ ប៉ុន្តែលទ្ធផលនៃការអង្កេត ស្រាវជ្រាវស្វែងរកជនជាប់ចោទទាំង២នាក់នោះ ហាក់ងងឹតសូន្យឈឹងនៅឡើយ។

ពាក់ព័ន្ធនឹងការលេចឮព័ត៌មានខាងលើនេះ អ្នកសារព័ត៌មានបានទូរស័ព្ទទៅសុំការបំភ្លឺពីលោកទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ តែមិនអាចទាក់ទងបានទេ កាលពីម្សិលមិញ៕

RELATED ARTICLES