ខេត្តព្រះសីហនុ ៖ ព្យុះទីហ្វុង ឈ្មោះវីផា (Wipha) បានបោកបក់បំផ្លាញផ្ទះពលរដ្ឋមួយចំនួន និងដើមឈើមួយចំនួន តាមផ្លូវជាតិលេខ៤ ក្នុងឃុំជើងគោ ស្រុកព្រៃនប់។


មន្ត្រីមូលដ្ឋាន បានឱ្យដឹងថា ដំបូលផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំជើងគោ ចំនួន១១ខ្នងផ្ទះ រងការខូចខាត របើកស័ង្កសី និងមានខ្លះបាក់រលំ ខូចខាត ដោយសារឥទ្ធិពលព្យុះទីហ្វុង ឈ្មោះវីផា (Wipha) កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។


តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ដោយសារឥទ្ធិពលចំហាយព្យុះវីផា បោកបក់មកខ្លាំងមួយប្រាវ បានធ្វើឱ្យដើមឈើតាមផ្លូវជាតិលេខ៤ បានដួលរលំ ចំនួន២កន្លែង នៅម្តុំស្ពានព្រៃនប់ ក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើមឈើមួយដើម បានដួល រលំកាត់ទទឹងមកលើផ្លូវជាតិ។ មួយករណីទៀត នៅផ្លូវជាតិលេខ៤ដែរ ចន្លោះគីឡូម៉ែត្រលេខ១៨៣-១៨៤ ភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ដើមឈើមួយដើម បានដួលរលំលើតូបលក់កាហ្វេ ជាប់ចិញ្ចើមផ្លូវជាតិ បណ្តាលឱ្យខូចខាតរបស់របរក្នុងតូបមួយចំនួន តែមិនមានមនុស្សរងគ្រោះនោះទេ ដោយសារម្ចាស់អ្នកលក់ បានចេញពីតូប ទៅក្នុងផ្ទះ ខាងក្រោយតូបកាហ្វេនោះ។


នៅក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមសេចក្តីរាយការណ៍បឋម មានផ្ទះរបស់ប្រជាពលរដ្ឋចំនួន១១ខ្នងផងដែរ ដែលបានរងគ្រោះប៉ើងដំបូលស័ង្កសី ដែលបង្កឡើងដោយចំហាយខ្យល់ព្យុះនេះផងដែរ ។បើតាមការព្យាករណ៍ធាតុអាកាសពីក្រសួងជំនាញថា ព្យុះវីផា នឹងបន្តរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងនោះអាជ្ញាធរ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នផងដែរ៕


