ខេត្តកំពង់ចាម ៖ មន្ត្រីជំនាញអគ្គដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយអង្គភាពពាក់ព័ន្ធ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង លួចនាំចូលសាច់សត្វបង្កក មកពីប្រទេសវៀតណាម ប្រមាណជិត៤តោន។ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅលើផ្លូវបេតុង ឃុំជីហែ ស្រុកកោះសូទិន។



តាមប្រភពមន្ត្រីជំនាញ បានឱ្យដឹងថា នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ចាម ចុះចាប់រថយន្ត ១គ្រឿង ម៉ាក SSANGYONG ISTANA ដឹកសាច់សត្វបង្កក សរុបចំនួន ៣៧៩៨ គីឡូក្រាម ចំនួន១៨៧កេសក្រដាស ស្មើនឹង២២៤៨គីឡូក្រាម (ស្បែកជ្រូក ជើងជ្រូក) និងហតដកសាច់មាន់ ចំនួន៣១បាវ ស្មើនឹង១៥៥០គីឡូក្រាម ដោយក្រុមការងារចាប់បាននៅលើផ្លូវបេតុង ឃុំជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រថយន្តខាងលើ បានដឹកសាច់សត្វបង្កកទាំងនេះ ចេញពីប្រទេសវៀតណាម ឆ្ពោះមកចែកចាយលក់នៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រុមការងារបាននាំយកវត្ថុតាងខាងលើ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕


