Sunday, July 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចបង្ហូរសាំងម៉ូតូ ម្ចាស់គេទាន់ ខ្នោះ

លួចបង្ហូរសាំងម៉ូតូ ម្ចាស់គេទាន់ ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ បាននាំគ្នាធ្វើសកម្មភាពលួចបង្ហូរសាំងពីរ៉ឺម៉កម៉ូតូ ១គ្រឿង ដែលម្ចាស់ចតទុកនៅមុខផ្ទះ លុះពេលកំពុងធ្វើសកម្មភាព ត្រូវបានម្ចាស់ម៉ូតូរ៉ឺម៉ក ប្រទះឃើញ ស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាងព័ទ្ធចាប់ក្របួចជាប់ម្នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់ គេចខ្លួនបាត់។ 

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះទុយ អំរិន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ រស់នៅម្តុំថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់រ៉ឺម៉កម៉ូតូខាងលើ តែងចតម៉ូតូរ៉ឺម៉ករបស់ខ្លួនចោល នៅខាងមុខផ្ទះ រហូតដល់វេលាទៀបភ្លឺ ទើបក្រោកមកបើករ៉ឺម៉ក ទៅដឹកផ្លែឈើលក់។ លុះមកដល់យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ជនរងគ្រោះបានចតរ៉ឺម៉ក នៅមុខផ្ទះ ដូចធម្មតា រួចចូលទៅសម្រាកបាត់ទៅ រហូត មកដល់វេលាម៉ោង ៤និង១៥នាទីទៀបភ្លឺ ខណៈជនរងគ្រោះបើកទ្វារចេញពីក្នុងផ្ទះ មករៀបចំយករ៉ឺម៉កម៉ូតូ ទៅដឹកផ្លែឈើ ស្រាប់តែឃើញជនសង្ស័យ មានគ្នា២នាក់ កំពុងតែធ្វើសកម្មភាពលួចបង្ហូរសាំងពីម៉ូតូសណ្តោងរ៉ឺម៉ក របស់ខ្លួន ភ្លាមនោះ ជនរងគ្រោះ បានស្រែកចោរ!ៗ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំគ្នាចេញមកព្រោងព្រាត និងនាំគ្នាស្ទាក់ឃាត់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

តាមប្រភពដដែល បានបន្តថា កន្លងមក តែងតែបាត់របស់របរ ដូចជា ផ្លែឈើ និងរ៉ឺម៉ក អស់ចំនួន២គ្រឿង ដោយ រកមុខជនសង្ស័យ ទាំងនោះពុំឃើញឡើយ ចៃដន្យថ្ងៃនេះទើបឃាត់បានចាប់ចងស្លាបសេក រួចទាក់ទងប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យមកយកជនសង្ស័យ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋសម្រេចចិត្តដឹកយកជនសង្ស័យខាងលើ ទៅប្រគល់ជូនសមត្ថកិច្ច ដល់ប៉ុស្តិ៍តែម្តង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES