ភ្នំពេញ ៖ ព្រះរាជអាជ្ញាចំនួន២រូប ត្រូវបានទទួលរងទណ្ឌកម្មវិន័យ ក្រោមរូបភាព ១រូប ត្រូវបណ្តេញចេញពីក្របខ័ណ្ឌ និង១រូបទៀត ជាព្រះរាជអាជ្ញារង ត្រូវផ្អាកមុខងារ ដោយសារពាក់ព័ន្ធការដោះលែងជនល្មើសឆបោកអនឡាញ។ វិធានការលើមន្ត្រីស្ថាប័នអយ្យការ ទាំងពីររូបនេះ ធ្វើឡើងខណៈដែលរដ្ឋាភិបាល កំពុងអនុវត្តចំ ណាត់ការក្តៅ ក្នុងការបង្ក្រាបបទល្មើសឆបោកអនឡាញ នៅទូទាំងប្រទេស។

ព្រះរាជអាជ្ញា ទាំង២រូប ដែលត្រូវបានទទួលរងទណ្ឌកម្មវិន័យនោះ ទី១-លោកសុច សុផាន់ណារ៉ា ព្រះរាជអាជ្ញា នៅក្រសួងយុត្តិធម៌ ត្រូវបានទទួលរងវិន័យបណ្តេញចេញពីក្របខ័ណ្ឌ និងទី២-លោកគ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ត្រូវទទួលរងវិន័យផ្អាកមុខងារជាបណ្តោះអាសន្ន។
គួរបញ្ជាក់ថា លោកសុច សុផាន់ណារ៉ា ព្រះរាជអាជ្ញា នៅក្រសួងយុត្តិធម៌ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់វិន័យ ដោយបណ្តេញចេញពីក្របខ័ណ្ឌព្រះរាជអាជ្ញាកាល ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដែលការដាក់វិន័យក្រោម រូបភាពបណ្តេញចេញពីក្របខ័ណ្ឌនេះ គឺធ្វើឡើងតាមការទូលថ្វាយរបស់លោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបានការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
ជុំវិញការបណ្តេញចេញពីក្របខ័ណ្ឌចំពោះព្រះរាជអាជ្ញា សុច សុផាន់ណារ៉ា នេះ ត្រូវបានលោកសេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ថា ករណីលោកសុច សុផាន់ណារ៉ា គឺត្រូវបានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុម ប្រឹក្សានៃអង្គចៅក្រម ប្រជុំសម្រេច តាំងពីមុនមក មុននឹងមានព្រះរាជក្រឹត្យ បណ្តេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញថា បានប្រព្រឹត្តខុសវិន័យ។ អ្នកនាំពាក្យរូបនេះ បានអះអាងថា ការបណ្តេញចេញព្រះរាជអាជ្ញា សុច សុផាន់ណារ៉ា គឺមិនជាប់ពាក់ព័ន្ធនឹងករណីលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ នោះទេ ហើយក៏មិនពាក់ព័ន្ធនឹងសំណុំរឿងឆបោកអនឡាញដែរ។

ដោយឡែក នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវមុខងារលោកគ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ទាក់ ទងនឹងការអនុវត្តច្បាប់ ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។
ការសម្រេចផ្អាកមុខងារលោកគ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ខាងលើនេះដែរ គឺបានធ្វើឡើងបន្ទាប់ពីកាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ មានការបែកធ្លាយសំឡេងសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះព្រះ រាជអាជ្ញារងខេត្តពោធិ៍សាត់ ម្នាក់ (គ្រី សីហា) ដែលដោះលែងក្រុមជនល្មើសឆបោកអនឡាញ។
ក្នុងសារសំឡេងបែកធ្លាយនោះ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា “ករណីដែលខេត្ត បានរាយការណ៍មក ខេត្តពោធិ៍សាត់ ខំបើកយុទ្ធនាការដើម្បីបង្ក្រាបទីតាំងល្បែងអនឡាញ ស្រាប់តែមានព្រះរាជអាជ្ញារងមួយ ទៅដោះលែងជនដែលប្រព្រឹត្តបទល្មើស ខ្ញុំឱ្យក្រសួងយុត្តិធម៌ ចាត់ចែងជាបន្ទាន់”។
បន្ថែមពីនោះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បើសិនជារកឃើញថា ព្រះរាជអាជ្ញារង មួយរូបនោះ មានការយកលុយពីជនប្រព្រឹត្តបទល្មើស សម្តេច បញ្ជាឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ត្រូវចាត់វិធានការភ្លាមៗផងដែរ។

ដោយឡែក តាមប្រភពព័ត៌មានចុងក្រោយ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ថា ជនល្មើសឆបោកអនឡាញ ដែលលោកគ្រី សីហា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចធ្វើការដោះលែង ដោយភាពមិនប្រក្រតីនោះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា នៃអធិការដ្ឋាននគរបាលស្រុកវាល វែង តាមចាប់ខ្លួនបានមកវិញហើយ សរុបចំនួន៥នាក់ (ប្រុស១ ស្រី៤) សុទ្ធសឹងតែជាជនបរទេស៕