Friday, July 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជាប់គុក៥ដង ចេញវិញលួចម៉ូតូ

ជាប់គុក៥ដង ចេញវិញលួចម៉ូតូ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ដល់ទៅ៥លើករួចមកហើយ លុះចេញមកវិញ មិនព្រមកែប្រែខ្លួន បែរជាបន្តប្រព្រឹត្តបទល្មើសដដែល ដោយបានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច រួចយកទៅផ្ញើទុកនៅកន្លែងផ្ញើម៉ូតូ ក្នុងមន្ទីរពេទ្យ លោកសង្ឃ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឌុល ឆាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចបន្ទប់ជួល ភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល (មានសារធាតុញៀន)។ ជនសង្ស័យរូបនេះ មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ ចំនួន៥លើករួចមកហើយ ពាក់ព័ន្ធនឹងបទល្មើសលួចបារី ស្រាបៀរ និងទូរស័ព្ទដៃ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា មុនពេលកើតហេតុជន រងគ្រោះឈ្មោះឡេង ហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជាបុគ្គលិករោងចក្រ បានឱ្យម្តាយជិះម៉ូតូរបស់ខ្លួន ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ត្រឡប់ទៅបន្ទប់ជួលវិញ។ លុះពេលទៅដល់ ស្ត្រីជាម្តាយ បានទុកសោនៅជាប់ម៉ូតូ (ភ្លេចដកសោ) រួចក៏ឡើងទៅសម្រាកនៅលើផ្ទះ។ លុះក្រោយមក ក្រោកពីសម្រាកមកវិញ បាត់ម៉ូតូ ទើបប្រញាប់មកដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច។

លោកអធិការ បានបន្តថា ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចបានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូនោះប្រាកដមែន ដោយពេលលួចបាន ក៏ជិះយកទៅផ្ញើនៅកន្លែងទទួលផ្ញើម៉ូតូ ក្នុងមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។ ជនសង្ស័យ ក៏បានបន្តសារភាពថា ខ្លួនចេះប្រើប្រាស់គ្រឿង ញៀន រយៈពេល៥ឆ្នាំមកហើយ។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES