ខេត្តត្បូងឃ្មុំ ៖ ឡកែច្នៃកៅស៊ូក្រែប មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យរងការខូចខាតគិតជាទឹកប្រាក់ប្រមាណជាង ៦ម៉ឺនដុល្លារ និងត្រូវបានសមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចក្រុមហ៊ុនរោងចក្រជ័រ ថុងតុងរ៉ាប់ប៊ឺរ មានទីតាំងស្ថិតក្នុងភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ថា ដំបូងឡើយ គេបានឃើញផ្សែងហុយចេញពីឡកៅស៊ូក្រែប ដោយមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទៀតផង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ក្រុមកម្មករ ជួយពន្លត់ផង និងរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីចុះមកជួយអន្តរាគមន៍ផង។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ និងដោយយោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត ដែលបានឱ្យរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ប្រចាំការ២៤ម៉ោង ប្រញាប់ចេញទៅអន្តរាគមន៍បាញ់ ទឹកពន្លត់ជាបន្ទាន់ ដើម្បីទប់ស្កាត់ ក្រែងអណ្តាតភ្លើងឆាបឆេះទៅកន្លែងផ្សេងទៀត ឬក៏ប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋដែលនៅក្បែរនោះជាដើម។
សកម្មភាពសហការរបស់កម្លាំងសមត្ថកិច្ច ដោយប្រើប្រាស់រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែក និងប្រជាពលរដ្ឋ ព្រមទាំងកម្មកររោងចក្រ បានសហការគ្នាជួយពន្លត់ភ្លើងរលត់ទៅវិញបានទាន់ពេលវេលា។

ចំពោះការខូតខាតសម្ភារៈ រួមមាន ១-ខូចខាតឡចម្អិនជ័រក្រែបកៅស៊ូទាំងស្រុង ដែលគិតទឹកប្រាក់ប្រហែល ៥ម៉ឺនដុល្លារ។ ២-ខូចខាតជ័រក្រែប ចំនួន១០តោន ស្មើនឹងទឹកប្រាក់ចំនួន ១៥៥០០ដុល្លារ និងសម្ភារៈមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់ខូចខាតអស់ចំនួន ៦៥៥០០ដុល្លារ។

ជុំវិញប្រតិបត្តិការអន្តរាគមន៍ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តទឹក ចំនួន១គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះទេ៕