Saturday, July 12, 2025
Homeព័ត៌មានអន្តរជាតិទាហានថៃ ប្រើផ្លូវក្នុងនិងវត្ថុស័ក្តិសិទ្ធិជួយ

ទាហានថៃ ប្រើផ្លូវក្នុងនិងវត្ថុស័ក្តិសិទ្ធិជួយ

ខេត្តស៊ីសាកេត (ថៃ) ៖ ឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ថៃ បាននាំយកព្រះរាជអំណោយពីព្រះរាជវាំង និងពីព្រះអង្គម្ចាស់ មហាចក្រី សិរិន្ទថន ដល់យោធិននៅព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកកន្ទ្រលក្ខណ៍ ខេត្តស៊ីសាកេត ដើម្បីជាសិរីមង្គល និងជាវត្ថុស័ក្តិសិទ្ធិផ្លូវក្នុង ជួយឲ្យមានសេចក្តីសុខក្នុងការបំពេញតួនាទីការងារ។

តាមប្រភពបណ្តាញព័ត៌មានថៃ បានរាយការណ៍នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ថា វត្ថុស័ក្តិសិទ្ធិដែលឧត្តមសេ នីយ៍ទោ ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគ២ នាំយកទៅចែកជូនពលទាហាននោះ រួមមាន បន្តោងខ្សែកព្រះ អាវយ័ន្តតេជះ ខ្សែគាថា កន្សែងយន្ត ជាដើម ។

មេបញ្ជាការភូមិភាគ២ បាននិយាយនៅពេលនោះថា “ព្រះករុណា ព្រះមហាក្សត្រ និងសម្តេច មហាចក្រី សិរិន្ទថន ទ្រង់មានព្រះទ័យបារម្ភ និងផ្តល់ការគាំទ្រផ្នែកផ្លូវចិត្តដល់យោធិនជួរមុខ ការពារទឹកដី ព្រះអង្គបានយកចិត្តទុកដាក់ចំពោះសុខភាព សុខុមាលភាព និងសុវត្ថិភាពរបស់ពួកយើងទាំងអស់គ្នា ហើយបានពាំនាំនូវក្តីកង្វល់របស់មេទ័ព និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់។ ខ្ញុំសូមសរសើរចំពោះការលះបង់ ការអត់ធ្មត់ និងសូមឲ្យអ្នករាល់គ្នាបំពេញតួនាទីជាយោធិនអាជីពឲ្យអស់ពីសមត្ថភាព»។

សូមបញ្ជាក់ថា កន្លងមក មេទ័ពភូមិភាគ២ នៃកងទ័ពជើងគោកថៃ នេះ ធ្លាប់បាន នាំយកព្រះពុទ្ធរូប និងព្រះរាជអំណោយពីព្រះមហាក្សត្រ និងសម្តេច មហាចក្រី សិរិន្ទថន ចែកជូនពលទាហានដែលបំពេញកាតព្វកិច្ចតាមព្រំដែន នៅមូលដ្ឋានប្រតិបត្តិការនានាក្នុង ស្រុកណាម ខេត្តឧប៊ុនរាជថានី ផងដែរ។ ក្រៅពីនេះ កន្លងទៅនេះ ក៏ធ្លាប់មានគ្រូអាគមអូមអាមស៊ីក្តាមដុត ចុះទៅចងអំបោះសីមា បំពាក់ខ្សែគាថា ដល់ទាហានថៃ កុំឲ្យភ័យចាញ់ ច្រាបទាហានកម្ពុជា ផងដែរ បន្ទាប់ពីពលទាហានថៃ ក្មេងៗមួយចំនួន បានកើតមានអាការជំងឺ ភ័យញ័រញាក់ ក្រោយព្យាយាមឈ្លានពានចូលទឹកដីកម្ពុជា ហើយត្រូវបានទាហានកម្ពុជា ស្រែកសម្លុតឲ្យចេញទៅវិញជា បន្ទាន់។

ជាមួយគ្នានេះ មជ្ឈដ្ឋានជាតិ អន្តរជាតិ មួយចំនួន ដែលតាមដានស្ថានការណ៍វិវាទព្រំដែនថៃ-កម្ពុជា យល់ឃើញថា ដោយសារទាហានថៃ សាងបាប ចូលចិត្តបង្ករឿងនៅតាមព្រំដែន និងព្យាយាមឈ្លានពានទឹកដីកម្ពុជា ទើបចាញ់បារមីទេវតា អារក្ខអារក្សអ្នកតា ថែរក្សាទឹកដី ព្រៃភ្នំក្រំថ្ម និងបារមីនៃអតីតព្រះមហាក្សត្រ បុព្វបុរស ដូនតាខ្មែរ ទៅជាឈឺថ្កាត់ បាត់ព្រលឹងព្រលះ ចាញ់ទឹកចាញ់ដីជារឿយៗ រហូតរត់រកផ្លូវក្នុង និងវត្ថុស័ក្តិសិទ្ធិមកជួយ តែបារមីវត្ថុស័ក្តិសិទ្ធិ និងបារមីព្រះពុទ្ធ បរមគ្រូ នឹងមិនជួយមនុស្សអាក្រក់ មានចិត្តលោភលន់ ដែលឈ្លានពាន ចង់បានទឹកដីគេនោះឡើយ ដូច្នេះជនជាតិថៃ ដែលកាន់ព្រះពុទ្ធសាសនា ដែរ គួរងាកមកសាងអំពើល្អ ឈប់បៀតបៀន ឈ្លានពានទឹកដីកម្ពុជា ទៀតទៅ ទើបបានសុខ៕

RELATED ARTICLES