Saturday, July 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសចាប់ឲ្យលាងបង្គន់

ក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសចាប់ឲ្យលាងបង្គន់

ខេត្តកណ្តាល ៖ ក្មេងទំនើង ចំនួន២នាក់ បានធ្វើសកម្មភាពដឹកគ្នាជិះម៉ូតូបង្ហោះតាមផ្លូវ និងត្រូវបានប្រជាពល​រដ្ឋប្រទះឃើញ ថតបង្ហោះហ្វេសប៊ុក ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន នាំយកមកអប់រំ ឱ្យធ្វើអនាម័យនៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុក រួចទើបកោះហៅឪពុក ម្តាយមកធានាយកទៅអប់រំបន្ត។

ករណីក្មេងទំនើងបង្ហោះម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវបេតុងស្ថិតក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង។ លុះមកដល់វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចតាមស្រាវជ្រាវឃាត់ខ្លួនបានទាំង២នាក់។

លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានបញ្ជាក់ប្រាប់ថា ក្មេងទំនើងទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន  ទី១-ឈ្មោះហេង ម៉េងហួ ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AP-0377 និងទី២-ឈ្មោះវង់ រ៉ាយុ ហៅយូ អាយុ១៥ឆ្នាំ ជាអ្នកជិះខាងក្រោយ។ ជនសង្ស័យទាំង២នាក់ មានមុខរបរជាកម្មករ មានលំនៅក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង។ ចំពោះវត្ថុតាងចាប់យក ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AP-0377។

លោកអធិការ បានបន្តថា នៅវេលាថ្ងៃកើតហេតុ តាមរយៈគណនីហ្វេសប៊ុក ឈ្មោះ DY Rothana បានថតវីដេអូដែលជនសង្ស័យ ទាំង២នាក់ បានធ្វើសកម្មភាពជិះម៉ូតូបង្ហោះក្នុងបណ្តាញសង្គម។ ពេលទទួលបានព័ត៌មានខាងលើនេះ ភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ សហការជាមួយប្រជាការពារ បានចុះស្រាវជ្រាវអស់រយៈពេល៤ថ្ងៃ រហូតកំណត់មុខសញ្ញាបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ នាំយកមកប៉ុស្តិ៍ស្អាងភ្នំ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូប្រាកដមែន។

ចំពោះករណីខាងលើ កម្លាំងជំនាញសូមគោលការណ៍អប់រំរយៈពេល ៤៨ម៉ោង ឱ្យក្មេងទំនើងទាំង២នាក់ ធ្វើអនាម័យជុំវិញអធិការដ្ឋាន នគរបាលស្រុក និងឱ្យធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅផ្ទះ។

ដោយឡែកម៉ូតូដែលជិះធ្វើសកម្មភាពបង្ហោះ សមត្ថកិច្ច បានដកហូតរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង រយៈពេល៣ខែ៕

RELATED ARTICLES