ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម មានគ្នា៣នាក់ បានធ្វើសកម្មភាពលួចគោ ១ក្បាល របស់បងប្អូនប្រជាពលរដ្ឋ ដឹកតាមរ៉ឺម៉ក បំណងយកទៅលក់ ស្រាប់តែជួបជាមួយកម្លាំងសមត្ថកិច្ចកំពុងល្បាត ព្យាយាមបើករត់គេច រួចទុករ៉ឺម៉កចោល ហើយនាំគ្នាលោតចូលទឹក រត់គេចខ្លួនបាត់អស់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០២៥ ស្ថិតក្នុង ដីឡូត៍មួយកន្លែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នបាលសំរោងក្រោម បានចុះល្បាតក្នុងមូល ដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ខណៈកំពុងល្បាតតាមផ្លូវ ស្រាប់តែប្រទះឃើញជនសង្ស័យ ៣នាក់ ជិះរ៉ឺម៉កម៉ូតូ ១គ្រឿង មានគ្របតង់កៅស៊ូជិត ពេលនោះ សមត្ថកិច្ច មានការសង្ស័យ ក៏ហៅឈប់ ដើម្បីត្រួតពិនិត្យ តែម៉ូតូសណ្តោងរ៉ឺម៉ក មិនបានឈប់នោះទេ បែតជាបន្ថែមល្បឿនគេច។

ប្រភពដដែល បន្តថា នៅពេលឃើញសភាពបែបនេះ សមត្ថកិច្ចបានព្រដេញតាម ធ្វើឱ្យជនសង្ស័យទាំង៣នាក់ បើករ៉ឺម៉កចូលក្នុងដីឡូត៍ ១កន្លែង រួចទុករ៉ឺម៉កចោល ហើយនាំគ្នាលោតចូលក្នុងទឹក គេចខ្លួនបាត់អស់។
បន្ទាប់មក សមត្ថកិច្ចបានឆែកឆេលើរ៉ឺម៉ក ប្រទះឃើញសត្វគោ មួយក្បាល ដែលជនសង្ស័យលួចពីបងប្អូនប្រជា ពលរដ្ឋ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយករ៉ឺម៉ក និងគោ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសំរោងក្រោម ដើម្បស្រាវជ្រាវរកម្ចាស់គោ មកទទួលយកវិញ៕