ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យប្រុសស្រី ២គូ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ កំពុងដេកឱបគ្នានៅក្នុងផ្ទះសំណាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួន និងដកហូតបានវត្ថុតាង ថ្នាំញៀន ចំនួន២០កញ្ចប់។ លុះក្រោយធ្វើការសាកសួរ ក៏ឈានដល់ការឃាត់ខ្លួនបក្ខពួកថែម២នាក់ទៀត សរុបចំនួន៦នាក់ (ស្រី២)។

ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្ទះសំណាក់ ជាសួរ ស្ថិតនៅភូមិទី ៤ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
ជនសង្ស័យទាំង៦នាក់ (ស្រី២) ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះស៊ឹម វណ្ណ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពង្រ ឃុំធម្មតាអរ ស្រុកសំរោងទង។ ទី២-ឈ្មោះរឿង ឈុនលាង ហៅឈីត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួច។ ទី៣-ឈ្មោះវង់ ដែន ភេទស្រីអាយុ១៧ឆ្នាំ ស្នាក់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ ទី៤-ឈ្មោះអុល លីហ្សា ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅ ភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ ទី៥-ឈ្មោះខាត់ ខន ហៅអ៊ូក ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិផ្សារតាឡាត់ ឃុំអូរ ស្រុកភ្នំស្រួច និងទី៦-ឈ្មោះចន ចាន់នឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងអូល ឃុំព្នាយ ស្រុកសំរោងទង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សមត្ថកិច្ចនគរបាលអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុក នៅវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្ទះសំណាក់ ជាសួរ ស្ថិតនៅភូមិទី ៤ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កំលាំងជំនាញស្រុកភ្នំស្រួច ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រ យឹង បានស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនមុខសញ្ញាសង្ស័យ ចំនួន៤នាក់ (១-ឈ្មោះស៊ឹម វណ្ណ ២-ឈ្មោះរឿង ឈុនលាង ហៅឈីត ៣-ឈ្មោះវង់ ដែន ៤-ឈ្មោះ អុល លីហ្សា)។

ប្រភពដដែល បន្តថា ផ្អែកតាមចម្លើយរបស់ឈ្មោះរឿង ឈុនលាង ហៅឈីត សមត្ថកិច្ចបានបន្តឃាត់មុខ សញ្ញា ២នាក់បន្ថែមទៀត (១-ឈ្មោះខាត់ ខន ហៅអ៊ូក ២-ឈ្មោះចន ចាន់នឿន)។
ជាក់ស្តែងក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ច នធ្វើការដកហូតវត្ថុតាង រួមមាន ជនសង្ស័យចំនួន៦នាក់ (ស្រី២)។ ម្សៅក្រាមពណ៌សថ្លា ២០កញ្ចប់ (តូច១៧ មធ្យម៣)។ ទូរស័ព្ទដៃ ៣គ្រឿង។ ម៉ូតូ ១គ្រឿង។ ដាវកែច្នៃ ២ ដើម។ កាំភ្លើងកែច្នៃ ១ដើម។ សម្ភារៈសម្រាប់ប្រើប្រាស់និងវេចខ្ចប់ មួយចំនួន។

ជនសង្ស័យទាំង៦នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕