ភ្នំពេញ ៖ កម្លាំងផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន សហការជាមួយកម្លាំងការិយាល័យចរាចរណ៍នគរបាលផ្លូវគោក រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះអនុវត្តអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបើកបរបញ្ច្រាសទិស សញ្ញាចរាចរណ៍តាមបណ្តោយផ្លូវព្រះនរោត្តម នៅចំណុចផ្លូវព្រះនរោត្តម ចន្លោះពីស្ថានីយប្រេងសូគីម៉ិច មកដល់អតីតសណ្ឋាគារតាយម៉េងចាស់ ដោយបានអប់រំណែនាំដល់អ្នកបើកបរយានយន្តសរុប ចំនួន៩៦នាក់ ដែលបើកបរបញ្ច្រាសផ្លូវនិងការអប់រំណែនាំ រួចឱ្យត្រលប់ទៅវិញ ដោយមិនបានផាកពិន័យប្រាក់នោះទេ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅព្រឹកថ្ងៃដដែលនេះ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន បានចុះការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជូនថ្នាក់ដឹកនាំនៅមហាវិថីព្រះនរោត្តម ក្នុងភូមិសាស្ត្រខណ្ឌចម្ការមន។ ជាមួយគ្នានេះ កម្លាំងអធិការដ្ឋានខណ្ឌ បានធ្វើការបែងចែកកម្លាំងចេញ ល្បាត ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕
