ភ្នំពេញ ៖ ក្រសួងអប់រំ បានចេញសេចក្តីណែនាំ ហាមឃាត់និងទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E- Cigarettes & Vape) នៅគ្រប់គ្រឹះស្ថានអប់រំនិងកីឡា ទាំងរដ្ឋនិងឯកជន ដោយរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់បានទាន់ពេលវេលា និងអនុវត្តវិធានការ តាមច្បាប់ជាធរមាន។

សេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា លេខ ២២ អយក.សណន ចុះថ្ងៃ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយលោកបណ្ឌិត ហង់ជួន ណារ៉ុន ស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចឆ៍ធីភី (HTPs) នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ឯកជន គ្រឹះស្ថានបណ្តុះ បណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការងារ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទីកន្លែងហ្វឹកហាត់កីឡា និងទីកន្លែងប្រកួតកីឡា មានខ្លឹមសារទាំងស្រុងថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញបទបញ្ជា លេខ ០២ បប ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្តីពី ការដាក់ចេញវិធានការហាមឃាត់ការ នាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការ ប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងគោលបំណងទប់ស្កាត់ បង្ការ និងដោះ ស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ព្រមទាំងរក្សាសណ្តាប់ធ្នាប់សង្គម និងការពារសុខភាពសាធារណៈ ជា ពិសេស សុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ។
ដើម្បីចូលរួមអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងនិរន្តរភាព ក្នុងការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចឆ៍ធីភី (HTPs) ក្រសួងអប់រំ យុវជននិងកីឡា សូមណែនាំដល់ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ប្រធានការិយាល័យអប់រំ យុវជននិងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នាយកគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន គ្រប់កម្រិត នាយកគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អ្នកគ្រប់គ្រងអន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទីកន្លែងហ្វឹកហាត់កីឡា និងទីកន្លែងប្រកួតកីឡា ចូលរួមអនុវត្តដូចខាងក្រោម ៖
-ត្រូវរៀបចំនិងអនុវត្តកម្មវិធីអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់រូបភាព អំពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ធីភី ដល់បុគ្គលិកអប់រំ អ្នកសិក្សា អ្នកលេងកីឡា និងសា ធារណជន។
-ត្រូវហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ និងការផ្សាយពាណិជ្ជកម្មគ្រប់រូបភាព នៃបារី អេឡិចត្រូនិក និងផលិតផល អេចឆ៍ធីភី ទាំងនៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សា អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការងារ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទីកន្លែង ហ្វឹកហាត់កីឡា និងទីកន្លែងប្រកួតកីឡា

-ត្រូវសហការជាមួយមាតាបិតា ឬអ្នកអាណាព្យាបាល បុគ្គលិកអប់រំ អ្នកសិក្សា និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីកំណត់មុខសញ្ញា និងទីតាំងចែកចាយ ឬជួញដូរ បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ហើយរាយការ ណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់បានទាន់ពេលវេលា និងអនុវត្តវិធានការ តាមច្បាប់ជាធរមាន។ទទួលបានសេចក្តីណែនាំនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចាត់ ចែងអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់»៕ ខៀវទុំ