Tuesday, July 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែកូន២នាក់ទៀត ហូបមាន់ឈឺងាប់ ឆ្លងផ្តាសាយបក្សី

ម៉ែកូន២នាក់ទៀត ហូបមាន់ឈឺងាប់ ឆ្លងផ្តាសាយបក្សី

ភ្នំពេញៈ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា បានរកឃើញមានអ្នកជំងឺផ្តាសាយបក្សី ចំនួន២ករណីថែមទៀត កើតលើម្តាយកូន២នាក់ រស់នៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលយកមាន់ឈឺងាប់ មកធ្វើម្ហូបហូប។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ថា  បានឱ្យដឹងថា តាមការចុះអង្កេតស្រាវជ្រាវសកម្ម ដើម្បីស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ នៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ជាភូមិកើតហេតុនៃស្ត្រីអាយុ៤១ឆ្នាំ មានវិជ្ជមានជំងឺផ្តាសាយបក្សី ដែលបានចេញផ្សាយព័ត៌​មានកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានរកឃើញមានអ្នកជំងឺផ្តាសាយបក្សី ចំនួន២ករណីថែមទៀត កើតលើស្ត្រីអាយុ៤៦ឆ្នាំ និងក្មេងប្រុស អាយុ១៦ឆ្នាំ ដែលត្រូវជាម្តាយនិងកូន និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តា​សាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

នេះជាករណីទី៩ និងទី១០ សម្រាប់ឆ្នាំ២០២៥។ ករណីទាំងពីរនេះ មានលំនៅចម្ងាយប្រមាណ២០ម៉ែត្រ ពីផ្ទះអ្នក​ជំងឺអាយុ៤១ឆ្នាំ។ បច្ចុប្បន្នស្ថានភាពសុខភាពអ្នកជំងឺទាំងពីរ ស្ថិតក្នុងស្ថិរភាព និងកំពុងត្រូវបានព្យាបាលដោយឱសថតាមីភ្លូ (Tamiflu) ជាមួយការតាមដានបន្តដោយយកចិត្តទុកដាក់។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺ ផ្ទះអ្នកជិតខាង និងនៅក្នុងភូមិ មានមាន់ទាឈឺនិងងាប់ អ្នកជំងឺបានកាន់និងប៉ះពាល់មាន់ឈឺនិងងាប់ រួចយកមកធ្វើម្ហូប ទទួលទាន។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុម​ការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅ តាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហ​គមន៍ ព្រមទាំងចែកជូនឱសថតាមីភ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រ​ជាពលរដ្ឋនៅក្នុងភូមិ ដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសាជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សី ជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគ​សញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត ជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។

របៀបចម្លង ៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សី លើមនុស្ស ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យ មានការធ្វើការព្យាបាលនៅមន្ទីរពេទ្យ ទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្ស ទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយ តាមរដូវកាលផងដែរ។

របៀបបង្ការ ៖ កុំប៉ះពាល់ ឬទទួលទានមាន់ទា ឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស ឬយកក្រមា ចងបិទច្រមុះ មុនពេលចាប់កាន់មាន់ទា ធ្វើម្ហូបអាហារ រួចហើយស្រុសវាក្នុងទឹកពុះ មុននឹងបោចសម្អាតរោម។

-ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោចសម្អាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ ត្រូវចម្អិនម្ហូបអាហារ ឱ្យបានឆ្អិនល្អ មុនបរិភោគ ជាពិសេសសាច់សត្វបក្សី និងស៊ុត។ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅនិងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារ ឱ្យបានត្រឹមត្រូវ។

-ប្រសិនបើមានមាន់ទាឈឺឬងាប់ច្រើន នៅផ្ទះ ឬក្នុងភូមិ ហើយមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិត ជាបន្ទាន់ ចៀសវាងការពន្យារពេលធ្វើឱ្យ ប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាពតាមរបៀបបង្ការខាងលើ។ ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងអំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ…៕

RELATED ARTICLES