ខេត្តកណ្តាល ៖ ប្តីប្រពន្ធ ២នាក់ បាននាំគ្នាចេញទៅស៊ីឈ្នួលដកខ្ទឹម ឱ្យគេ ដោយទុកឱ្យកូនប្រុសស្រីតូចៗ២នាក់ នៅចាំផ្ទះ ស្រាប់តែក្រោយមក កើតមានបាតុភូតគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បណ្តាលឱ្យផ្ទះបាក់រំលំដល់ដី សង្កត់កូនតូច២នាក់ តែសំណាងល្អ ត្រូវបានអ្នកជិតខាងជួយទាន់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិព្រែករាំង (ក) ឃុំទឹកវិល ស្រុកស្អាង។
តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ម្ចាស់ផ្ទះខាងលើ មានឈ្មោះសៀង ខន ភេទប្រុស អាយុ៥០ឆ្នាំ មានប្រពន្ធ ឈ្មោះធឿន សុខណា អាយុ៤៩ឆ្នា និងមានកូនក្នុងបន្ទុកចំនួន៦នាក់។ ចំណែកផ្ទះដែលរងការខូខាត ជាប្រភេទផ្ទះឈើ ១ខ្នង ទំហំ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ សសរថ្មកម្ពស់៣ម៉ែត្រ ដំបូលស័ង្កសី និងជញ្ជាំងស័ង្កសី។

តាមសម្តីជនរងគ្រោះ២នាក់ប្តីប្រពន្ធ ជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ បាននាំគ្នាចេញទៅស៊ីឈ្នួលដកខ្ទឹមឱ្យគេ នៅចម្ការ ដូចសព្វដង ដោយទុកកូនប្រុសស្រីតូច២នាក់ ឱ្យនៅចាំផ្ទះ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ មានខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំផ្ទះ សង្កត់កូនៗរបស់គាត់ដែរ ប៉ុន្តែមិនរងរបួសទេ ដោយមានអ្នកជិតខាងជួយសង្គ្រោះទាន់ពេល។ លុះបន្ទាប់ពីកើតមានហេតុការណ៍ខាងលើភ្លាមៗ មានអ្នកជិតខាងទូរស័ព្ទមកប្រាប់ពួកគាត់ថា ផ្ទះរបស់គាត់រលំហើយ ហើយកូននៅខាងក្រោមផ្ទះ ទើបពួកគាត់ប្រញាប់ប្រញាល់មកមើលផ្ទះ និងកូនៗ លុះមកដល់ឃើញផ្ទះបាក់រាបដល់ដីខ្ទេចអស់ទាំងស្រុងទៅហើយ រួមនិងទ្រព្យសម្បត្តិ និងសម្ភារៈក្នុងផ្ទះទៀតផង តែសំណាងល្អ កូនៗរបស់គាត់ មិនមានរបួស ហើយពួកគាត់បានរាយការណ៍ទៅអាជ្ញាធរភូមិ-ឃុំ និងសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ច សហការជាមួយមេភូមិ ដោយលោកមេឃុំ ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យមើលស្ថានភាពផ្ទះខូចខាត និងបានជួយសម្រួលទុក្ខលំបាកជូនក្រុមគ្រួសារជនរងគ្រោះ៕