Saturday, June 28, 2025
Homeតារាខ្មែរទេព រិនដារ៉ូ ចង់គេចស្រីក្មេង

ទេព រិនដារ៉ូ ចង់គេចស្រីក្មេង

 ភ្នំពេញ ៖ តារាសម្ដែងជើងចាស់ លោកទេព រិនដារ៉ូ បានថ្លែងកាលពីថ្ងៃទី២៦ ខែមិថុនា ថា លោកលែងចង់ថតសម្ដែងចាប់ដៃគូជាមួយស្រីស្រស់ក្មេង តាន់ សុផា ហៅជេស៊ីកា ទៀតហើយ មូលហេតុដោយសារលោកធុញនិងពិបាក ពេលទៅណាមកណាក៏ត្រូវគេសួរនាំរហូតថា តើលោកស្រលាញ់ជេស៊ីកា មែនទេ? និងខ្លះសួរលោកថា ជេស៊ីកា និងលោក ជាប្ដីប្រពន្ធ ឬយ៉ាងណា ? លោកដារ៉ូ ពាក្យទាំងនោះ ពេលលោកទៅណា តែងតែឮជានិច្ច ធ្វើឲ្យលោកគិតថា លងចង់ចាប់ដៃស្រីក្មេងរូបនេះ ថតជាដៃគូតទៅទៀត ។

  លោកទេព រិនដារ៉ូ ថ្លែងថា «ធុញណាស់ ពួកម៉ាកឯង ជាពិសេសហ្មង សួរខ្ញុំថា អ្ហែងម៉េច ជាមួយអាកា? ឮសូរតែណេះណុះ ឥឡូវពិបាកណាស់ ចាំតែឆ្លើយគ្រប់ពេល…»។

  តាមរយៈការអះអាងរបស់លោកទេព រិនដារ៉ូ នាពេលនេះ បញ្ជាក់ថា លោកហាក់ចង់បាក់ស្បាត ឬខ្លាច ពេលអ្នកដឹកនាំសម្ដែង ឲ្យលេងជាតួប្ដីរបស់ជេស៊ីកា ព្រោះទៅដល់ណា ក៏គេច្រឡំថា រូបលោកជាស្វាមីជេស៊ីកា តែខ្លះសរសើរថា លោកសំណាង បានប្រពន្ធក្មេងទៀតផង។

  ទាក់ទងបញ្ហាលោកទេព  រិនដារ៉ូ លើកឡើងខាងលើនេះ ស្រីស្អាតជេស៊ីកា បាននិយាយថា នាងបានធ្វើការជាមួយលោកទេព រិនដារ៉ូ រយៈពេល៤ឆ្នាំហើយ តែការធ្វើប្រពន្ធលោកដារ៉ូ មានតែក្នុងសាច់រឿងប៉ុណ្ណោះ នៅក្រៅឆាកវិញ នាងហៅលោកថា «ឪ» ឬ «ប៉ា» ។

  ជេស៊ីកា ដែលមានឈ្មោះដើម តាន់ សុផា ប្រាប់ «នគរធំ» កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ថានាងនៅតែបន្ដថតរឿងជាមួយលោកទេព រិនដារ៉ូ ធម្មតា អត់មានគម្រោងឈប់ទេ ។ ប៉ុន្ដែនាងទទួលស្គាល់ថា រឿងគេច្រឡំថា នាងជាប្រពន្ធលោកដារ៉ូ នោះគឺជាការពិត ហើយនាងក៏មិនអាចហាមឃាត់បានដែរ ក្រោយធ្វើការជាមួយគ្នាច្រើនឆ្នាំ ដូច្នេះមានតែបន្ដធ្វើការងារសិល្បៈជាមួយគ្នាទៀត ។

  លោកទេព រិនដារ៉ូ អាយុ៦២ឆ្នាំ ពោលគឺបងជេស៊ីកា ដែលទើបអាយុ៣០ឆ្នាំ ដល់ទៅ៣២ឆ្នាំ ហើយទោះជាតាន់ សុផា ថានាងនិងលោកដារ៉ូ  ក្រៅសាច់រឿង ប្រៀបបានឪនិងកូនក្ដី ប៉ុន្ដែនៅក្នុងភាពយន្ដខ្លី (Shot Film) នោះ គេឃើញលោករ៉ូ ឱបថើបនាងយ៉ាងស្អិតល្មូត ពោលគឺដូចគូសង្សារថើបគ្នាអីចឹង ។

  ជេស៊ីកា បន្ថែមថា រឿងនាងនិងលោកដារ៉ូ ដែលនាងហៅ ប៉ារ៉ូ ថើបគ្នា មើលទៅដូចមែនទែននោះ តាមពិតគឺជាបច្ចេកទេសអ្នកថតទេ ។ នាងថា មិនបានថើបមែនទែន ដូចគេមើលមួយភ្លែតនោះឡើយ ។ ស្រីស្អាតរូបនេះ ថែមទាំងសរសើរលោកដារ៉ូ ថាជាតារាសម្ដែងជើងចាស់ គួរឲ្យគោរព អត់ចេះកេងចំណេញលើនាង ពេលលេងឈុតពិសេសៗនោះឡើយ ។

  ទេព រិនដារ៉ូ បានប្រើជីវិតជាបុរសពោះម៉ាយ រយៈពេល ៣៧ឆ្នាំមកហើយ ក្រោយលែងលះប្រពន្ធ កាលពីឆ្នាំ១៩៨៨  ។ ពេលត្រូវសួរថា តើហេតុអ្វីបានជាលោកមិនយកប្រពន្ធថ្មី? លោកធ្លាប់ប្រាប់ថា ជីវិតលោកនៅម្នាក់ឯងមានអារម្មណ៍ថាស្រួល ហើយលោកគ្មានគម្រោងការប្រពន្ធថ្មីទេ ។

  ប្រភពបានឲ្យដឹងថា ទោះជាលោកទេព រិនដារ៉ូ និងជេស៊ីកា សុទ្ធតែអះអាងដូចគ្នាថាអ្នកទាំងពីរគ្មានទំនាក់ ទំនងស្នេហាក្រៅឆាកជាមួយគ្នាក្ដី ប៉ុន្ដែជាញឹកញាប់ គេឃើញ សុផា គេងនិងផ្លាស់សម្លៀកបំពាក់លើឡានប៉ារ៉ូ រហូតមានពេលខ្លះ អ្នកដឹកនាំរឿងមួម៉ៅ ព្រោះខឹងរកជេស៊ីកា មិនឃើញ ប៉ុន្ដែតាមពិត នាងសម្ងំគេងលើឡានលោករ៉ូ សោះ។

  ទស្សនិកជនរង់ចាំមើលថា លោកទេព រិនដារ៉ូ ធុញនឹងស្រីក្មេង ជេស៊ីកា ឬនឹងយកប្រពន្ធ ជាស្រីស្អាតជេស៊ីកា  ឬមួយក៏លោកសុខចិត្តប្រើជីវិតពោះម៉ាយបន្ដទៀត?…៕

RELATED ARTICLES