ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានធ្វើតេស្តទឹកនោម រកសារធាតុញៀន លើអ្នកបើកបររថយន្តធុនធំ ចំនួន១១នាក់ ជាលទ្ធផលវិជ្ជមានម្នាក់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងផ្នែកចរាចរណ៍ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដាក់គោលដៅនៅចំណុចគីឡូម៉ែត្រលេខ ១៨១-១៨២ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីធ្វើតេស្តទឹកនោម រកសារធាតុញៀន លើអ្នកបើកបររថយន្តធុនធំ ចំនួន១១នាក់ ជាលទ្ធផលវិជ្ជមានម្នាក់ (មានសារធាតុញៀន)។
ជនសង្ស័យដែលត្រូវបានពិនិត្យឃើញមានសារធាតុញៀន និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈុំ សុ ភាព ភេទប្រុស អាយុ២៧ឆ្នាំ (ឆ្នាំកំណើត១៩៩៨) មុខរបរអ្នកបើកបររថយន្ត មានស្រុកកំណើតភូមិច្រេះ ឃុំត្របែក ស្រុកកំចាយមា ខេត្តព្រៃវែង សព្វថ្ងៃមានលំនៅ ភូមិអូរស្មាច់ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តមានជ័យ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅមណ្ឌលកែប្រែ ស្រុកស្ទឹងហាវ៕