ភ្នំពេញ ៖ ទីតាំងឃ្លាំងវេចខ្ចប់ចេក ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតបន្ទប់បន្ទុំចេក ១បន្ទប់ និងត្រូវបានកម្លាំងជំនាញ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា ដោយប្រើប្រាស់ទឹកអស់ សរុបចំនួន៧ឡាន។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចសិប្បកម្ម សិ ប៊ិ អេ ផ្គត់ផ្គង់ចេកអំបូងលឿង មានទីតាំងស្ថិតនៅតាមផ្លូវ 68K ភូមិចម្ការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះ ជាប្រភេទសំណង់ឃ្លាំង រោងសង់ពីដែកប្រក់សង្ក័សី មានទំហំ ១០ម៉ែត្រ គុណនឹង ៦០ម៉ែត្រ មានម្ចាស់ឈ្មោះ HU SHENGJIANG អាយុ៣៦ឆ្នាំ ជនជាតិចិន។

តាមប្រភពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះ ធ្វើឱ្យឆេះខូចខាតបន្ទប់បន្ទុំចេក ១បន្ទប់ ទំហំ ៤ម៉ែត្រ គុណនឹង ២០ម៉ែត្រ ខូច ខាតដំបូលប្រហែល ៣០ភាគរយ និងចេក មួយចំនួន តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

ប្រភពដដែល បន្តថា ករណីអគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចជំនាញគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង (ភ្លើងរលត់ទៅវិញ) នៅវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន៦គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន៦ឡាន ស្មើនឹង ៣២ម៉ែត្រគូប និងមានរថយន្តជំនួយរបស់ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប៕
