ខេត្តបាត់ដំបង ៖ ក្រុមជនសង្ស័យក្នុងអំពើ “ចោរកម្ម” ចំនួន២នាក់ និងអ្នកទទួលផលចោរកម្មចំនួន២នាក់ សរុប៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបចំកសាងសំណុំរឿងបញ្ជូនទៅប្រគល់ជូនតុលាការ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្រោយបញ្ជប់ការសាកសួរ។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះផល គឹមហ៊ាត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនិងស្នាក់ នៅមិនពិតប្រាកដ (ជនដៃដល់ធ្វើសកម្មភាពលួច)។ ទី២-ឈ្មោះឆេង សម្បត្តិ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (ជនដៃដល់ធ្វើសកម្មភាពលួច)។ ទី៣-ឈ្មោះគឿ សុខជា ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (អ្នកទទួលទិញផលចោរកម្ម) និងទី៤-ឈ្មោះចាន់ ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែន សុខ រាជធានីភ្នំពេញ (អ្នកទទួលទិញផលចោរកម្ម)។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ទួរណឺវីស ចំនួន២ដើម។ សោលេខ១២ ចំនួន១ដើម។ សោលេខ១០-១៤ ចំនួន១ដើម។ ខ្សៀសម្រាប់ដោះប៊ូហ្ស៉ីម៉ូតូ ចំនួន១។ សោរាងអក្សរ T លេខ៨ ចំនួន១ដើម។ ដែករាងសំប៉ែតចុងស្រួច សម្រាប់កាច់សោម៉ូតូ ចំនួន១ដើម។ ស្កុតពណ៌ខ្មៅ សម្រាប់រុំខ្សែភ្លើង ចំនួន១។ ដែកអង់តែន ចំនួន១ដើម។ ស្លាកលេខម៉ូតូ បាត់ដំបង 1V-7542 បិទស្គុត បាត់ដំបង 1V-7548 ចំនួន១សន្លឹក។ ម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ លេខតួ-ម៉ាស៊ីន ០២២៩២១៧ គ្មានស្លាកលេខ ១គ្រឿង។ ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ បិទតែមស៊េរីឆ្នាំ២០១៩ លេខតួ-ម៉ាស៊ីន ៩២៩៦៣៣៦ ពាក់ស្លាកលេខ ភ្នំពេញ 1CY-0156 ចំនួន១គ្រឿង។
យោងតាមរបាយការណ៍ របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ជនដៃដល់ ចំនួន២នាក់ (ឈ្មោះផល គឹមហ៊ាត និងឈ្មោះឆេង សម្បត្តិ) ត្រូវបានកម្លាំងការិ យាល័យជំនាញ និងកម្លាំងអធិការក្រុងបាត់ដំបង ឃាត់ខ្លួនបាន ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោយជនដៃដល់បានប្រព្រឹត្តបទល្មើស។ រីឯជនសង្ស័យ ២នាក់ទៀត (ឈ្មោះគឿ សុខជា និងឈ្មោះចាន់ ដារ៉ា) ដែលទទួលទិញផលចោរកម្ម ត្រូវបានកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនដល់ទឹកដីក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ដែលជាកន្លែងជនសង្ស័យទាំង២នាក់ ណាត់ជួបទិញម៉ូតូរបស់ជនដៃដល់ដែលលួចបាន ដោយមានកិច្ចសហការពីកម្លាំងជំនាញនៃស្នងការខេត្តកំពង់ស្ពឺ ផង។
នៅក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ផល គឹមហ៊ាត និងឈ្មោះឆេង សម្បត្តិ បានកាច់សោកម៉ូតូ ១គ្រឿង ជាលើកចុងក្រោយ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ត្រង់ចំណុចពេទ្យយាយជី ស្ថិតក្នងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ក្រោយពីលួចបានម៉ូតូ ជនសង្ស័យបានជិះយកទៅលក់ឱ្យអ្នកចាំទទូលទិញ ពីរនាក់ខាងលើនេះ លុះប៉ុន្មានថ្ងៃក្រោយ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានទាំងអ្នកលួច ទាំងអ្នកទិញ សរុប៤នាក់។
លោកឈឿង គឹមសុង ស្នងការរងផែនព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យឈ្មោះផល គឹមហ៊ាត និងឈ្មោះចាន់ ដារ៉ា មានប្រវត្តិប្រព្រឹត្តអំពើចោរកម្មនេះ ច្រើនករណីណាស់ ទាំងនៅក្នុងនិងនៅក្រៅទឹកដីខេត្ត បាត់ដំបង។ ដោយឡែក បើនិយាយពីប្រវត្តិអ្នកទទួលទិញផលចោរកម្មវិញ ក៏សកម្មណាស់ដែរ ក្នុងការរង់ចាំទទូលទិញម៉ូតូ ពីក្រុមជនសង្ស័យ ដែលលួចបាន។ ពោលគឺអ្នកទទូលទិញ និងអ្នកលួច ជាម៉ូយរកស៊ីបទល្មើសជាមួយគ្នា ជាប្រចាំតែម្តង។
លោកឈឿង គឹមសុង បានបញ្ជាក់ថា បើតាមការស្រាវជ្រាវកន្លងមក ក្រុមជនដៃដល់ បានធ្វើសកម្មភាពលួចម៉ូតូគ្រប់ទីកន្លែង នៅតាម បណ្តាខេត្តផ្សេៗទៀត ក្រៅពីខេត្តបាត់ដំបង។ រីឯអ្នកទទូលទិញម៉ូតូចោរខាងលើនេះ គ្រាន់តែជាដៃជើងសម្រាប់មេខ្លោងធំ ប្រើឱ្យចាំទទួលយក ម៉ូតូពីដៃក្រុមចោរតែប៉ុណ្ណោះ។

លោកស្នងការរង បានបញ្ជាក់បន្ថែមថា តាមពិតអ្នកទទូលទិញម៉ូតូពីក្រុមចោរខាងលើនេះ រស់នៅភ្នំពេញ តែពេលក្រុមចោរលួចម៉ូតូបាន ពួកគេតែងណាត់ជួបដោះដូរទំនិញក្តៅ នៅក្នុងទឹកដីក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ យ៉ាងណាក្តី ជាមួយនឹងការឃាត់ខ្លួន មន្ត្រីជំនាញដកហូតបាន ម៉ូតូ ចំនួន២គ្រឿង និងសម្ភារៈសម្រាប់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ជាច្រើនទៀត ដែលជាវត្ថុតាង។ ពេលនេះទាំងអ្នកលួច និងអ្នកទិញ ត្រូវបានមន្ត្រីការិយាល័យជំនាញ នៃស្នងការខេត្តបាត់ដំបង កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕