ភ្នំពេញ ៖ តារាកូន២ គង់ សុកញ្ញា ហៅអែនជី (NG) បានបង្ហាញរថយន្ដលំដាប់សេដ្ឋីLamborghini Revuelto ស៊េរីថ្មី ពណ៌ត្រួយចេក តម្លៃជាង៣០ម៉ឺនលានដុល្លារ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ដោយគ្រាន់តែឃើញខាងក្រុមហ៊ុនដឹកឡាននោះមកដល់មុខផ្ទះ នាងអរចង់ហោះ ។ អែនជី បាននាំកូនចៅ មិត្តភក្ដិជិតដិត មករាំអប អររថយន្ដថ្មីរបស់ខ្លួន ខណៈដែលអ្នករកស៊ី Online ដូចគ្នា បានសរសើរអតីតតារាចម្រៀងរូបនេះថា ពិតជានារីពូកែរកស៊ី និងសន្សំលុយមែន ។

សូមបញ្ជាក់ថា មុនទិញរថយន្តទំនើប ឡាំបូគីនី (Lamborghini) នេះ អែនជី ជិះរថយន្តម៉ាកតូយ៉ួតា ឡង់គ្រីសឺរ (Land Cruiser) ហើយនាងព្យាយាមសម្រកទម្ងន់ បានដល់ទៅ ២០គ.ក្រ (៧០គ.ក្រ-៥០គ.ក្រ) បន្ទាប់ពីសម្រាលកូនកូនស្រីទី២ ឈ្មោះគង់ រ៉ាឌីការអមរា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ខណៈកូនប្រុសទី១ របស់នាង ឈ្មោះគង់ វីរៈអ៊ីដេន អាយុ៥ឆ្នាំ ។ អតីតតារា M និងសាន់ដេ អ្នកនាងអែនជី បានរៀបការកាលពីឆ្នាំ២០១៨ ហើយបានបានផ្ដាច់ខ្លួនចេញពីអាជីពសិល្បៈទាំងស្រុង ដោយងាកទៅរកស៊ីលក់ Online។ ការចំណាយលុយខ្ទង់ជាង៣០ម៉ឺនដុល្លារ ទិញឡានទំនើប ១គ្រឿង របស់អែនជី នាពេលនេះ ចំពេលដែលតារាមួយចំនួន ត្អូញជួបវិបត្តិសេដ្ឋកិច្ច លក់ដូរតាម Online លែងដាច់ រហូតមានតារាខ្លះ ហ៊ាននិយាយថាខ្លួនដាច់បាយទៀតផង។ ប៉ុន្តែអែនជី បែរជាត្រូវប៉ាន់ធំ ជះលុយទិញរថយន្ដមួយគ្រឿង តម្លៃស្មើផ្ទះវីឡាមួយ ។

ក្រៅពីអែនជី តារាដែលជិះរថយន្ដទំនើប ម៉ាក Lamborghini នៅឆ្នាំ២០២៥ មានដូចជាលោកងួន ចាន់ដេវីត, ម៉ាន់ វណ្ណដា, ខេមរៈ សិរីមន្ដ, ថុល សុភិទិ និងអ្នកនាង ផន សុផារី ជាដើម ។

អែនជី បោះបង់អាជីពចម្រៀង ៧ឆ្នាំមកហើយ តែនៅតែអាល័យអាជីពចាស់ ប៉ុន្ដែគ្មានគម្រោងចូលផលិតកម្មថ្មីនោះទេ គឺគ្រាន់តែចង់ផលិតបទចម្រៀងអមជាមួយការលក់ផលិតផលរបស់ខ្លួនប៉ុណ្ណោះ ។ អែនជី បានជ្រើស ផ្លូវដូចអតីតតារាស្រីស្អាតមួយចំនួន ពោលគឺកំពុងតែមានទីផ្សារសិល្បៈ ក៏បោះបង់អាជីពចាស់ តម្រូវចិត្តគូស្នេហ៍ ដូចគ្នាទៅនឹងអ្នកនាង វ៉ាន់ សម្ផស្ស, គីម ហួរ, គឹម លក្ខិណា, វ៉េត រតនា, ដាញ់ ម៉ូនីកា និងអាលីហ្សា ជាដើម ។ ប៉ុន្ដែអែនជី មិនបានរងសម្ពាធពីគីស្នេហ៍ឡើយ ពោលគឺលោក គង់ សុខអេង តម្រូវតាមចិត្តនាងជានិច្ច ហើយគូស្នេហ៍តារា ១គូនេះ មិនដែលមានជម្លោះ ឬធ្វើទីផ្សារ Online របស់ខ្លួននៅលើបណ្ដាញសង្គម បែបបំពុលសង្គមនោះទេ ។ ក្រោយចោលលុយសិល្បៈដូចគ្នា អែនជី និងស្វាមី រស់នៅផ្ទះវីឡាធំស្កឹមស្កៃ ជា មួយកូនប្រុសស្រីរបស់ពួកគេ និងចេញទៅដើរលេងកម្សាន្ដនៅក្រៅស្រុក ជាបន្ដបន្ទាប់ទៀតផង ព្រោះកាក់កប មុខរបរលក់គ្រឿងសម្អាង (Cosmetic) ។ អែនជី ត្រូវបានគេចាត់ទុកថា នាងជិះរថយន្ដតម្លៃខ្ពស់ជាងគេ នៅឆ្នាំ២០២៥ បើប្រៀបធៀបតារាធ្លាប់រួមអាជីពជាមួយខ្លួន តែការទាក់ទងតាមទូរស័ព្ទទៅនាង កាលពីពេលថ្មីៗនេះ គ្មានអ្នកលើកទទួល ទើបមិនទាន់អាចសុំការបញ្ជាក់ពីអែនជី ពីរឿងទិញរថយន្ដលំដាប់សេដ្ឋី ជិះហ៊ឺហាផ្អើលមេឃ នាពេលនេះបានឡើយ ៕




