Saturday, June 21, 2025
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រីកម្ពុជា ស្វាគមន៍លោកឪស៊ុច មកគង់នៅកម្ពុជា

នាយករដ្ឋមន្ត្រីកម្ពុជា ស្វាគមន៍លោកឪស៊ុច មកគង់នៅកម្ពុជា

ភ្នំពេញ ៖ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍ព្រះតេជ គុណ ស៊ុច (លោកឪ ស៊ុច) រួមទាំងព្រះសង្ឃអង្គណា ឬបងប្អូនប្រជាពលរដ្ឋដែលមានដើមកំណើតខ្មែរ រូបណាដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ពីប្រជាជនថៃ អាចមករស់នៅប្រទេសកម្ពុជា បានគ្រប់គ្នា និងពេលវេលា។  ចំណែកសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមអបអរសាទរជាមួយលោកឪ ស៊ុច ដែលត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា  ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា ហើសម្តេច ក៏សូមអរគុណនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសសម្រាប់លោកឪ ស៊ុច និងសង្ឃឹមថា នាយករដ្ឋមន្ត្រី នឹងទូលថ្វាយស្នើសុំព្រះមហាក្សត្រ ប្រ គេនសញ្ជាតិខ្មែរ ដល់លោកឪ ស៊ុច ដើម្បីព្រះអង្គបំពេញកាងារក្នុងព្រះនាមជាជនជាតិខ្មែរ។

ការប្រកាសស្វាគមន៍ទទួលយកលោកឪ ស៊ុច មកគង់នៅកម្ពុជា របស់សម្តេចនាយករដ្ឋមន្ត្រី  ខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីលោកឪ ស៊ុច ជាព្រះសង្ឃសញ្ជាតិថៃ ដើមកំណើតខ្មែរ គង់នៅវត្តមួយក្នុងខេត្តបុរីរម្យ (អតីតទឹកដីខ្មែរ) ដែលត្រូវបានជនជាតិថៃ រើសអើង ទាមទារឲ្យរដ្ឋាភិបាលថៃ ដកសញ្ជាតិថៃ ពីព្រះអង្គ ដោយសារតែព្រះអង្គ ជាព្រះសង្ឃដែលមិនភ្លេចដើមកំណើតខ្មែរ បានដេញនិងរកចាប់ព្រះកាយព្រះអង្គ ទើបព្រះអង្គភៀសព្រះកាយទៅក្រៅប្រទេស និងបានបិណ្ឌបាតសុំមកគង់នៅស្រុកខ្មែរ។

លោកឪ សុច បានអះអាងថា មានការស្វែងរកចាប់ព្រះអង្គ ប្រសិនបើនិមន្តចូលទៅទឹកដីថៃ ទើបព្រះអង្គបិណ្ឌបាតសុំគង់នៅប្រទេសកម្ពុជា ដោយព្រះអង្គថា ប្រសិនបើមានការចាប់ព្រះអង្គ បញ្ជូនទៅឱ្យថៃ នោះព្រះអង្គនឹងចងកបញ្ចប់េជីវិតនៅក្នុងឡានដែលដឹកបញ្ជូនព្រះអង្គនោះតែម្តង។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ថា “ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪ ស៊ុច) ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪ ស៊ុច) គ្រប់ពេលវេលា។ មិនត្រឹមតែចំពោះលោកឪ ស៊ុច ទេ បើសិនជាមានព្រះតេជគុណ ព្រះថេរានុត្ថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរ ណាម្នាក់ ដែលទទួលរងនូវការរើសអើងឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារតែការបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្តនិងអញ្ជើញព្រះតេជគុណនិងបងប្អូន មករស់នៅនៅប្រទេសកម្ពុជា។ រាជរដ្ឋាភិបាល និងប្រជាជនខ្មែរ ស្វាគមន៍ព្រះតេជគុណ និងបងប្អូន គ្រប់ពេលវេលា ហើយធានាថា នឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើង បញ្ជូនទៅប្រទេសណាផ្សេងនោះទេ…”។

បន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសទទួលស្វាគមន៍ព្រះអង្គ មកគង់នៅប្រទេសកម្ពុជា ដូចខាងលើ លោកឪ ស៊ុច បានចេញវីដេអូ ថ្លែងអំណរគុណសម្តេច ហ៊ុន ម៉ាណែត និងពលរដ្ឋខ្មែរ ដែលបានស្វាគមន៍ព្រះអង្គ និមន្តចូលមករស់នៅកម្ពុជា ហើយលោកឪ ស៊ុច បានប្រកាសថ្វាយនិងបូជាជីវិត ជូនព្រះ មហាក្សត្រខ្មែរ និងបានជូនពររាជរដ្ឋាភិបាលកម្ពុជា សុខសប្បាយ គ្រប់គ្រងប្រទេសក្នុងសន្តិភាព មានសេចក្តីសុខ សេចក្តីចម្រើន។

លោកឪ ស៊ុច បានមានថេរដីកាថា “ក្រាបបង្គំព្រះថេរានុត្ថេរៈគ្រប់ជាន់ គ្រប់ថ្នាក់ នៃព្រះរាជាណាចក្រកម្ពុជា សូមចម្រើនពរដល់រដ្ឋាភិបាលខ្មែរ ព្រមទាំងប្រជាជន ពុទ្ធបរិស័ទខ្មែរ មិនថានៅប្រទេសខ្មែរ ឬនៅបរទេស ក៏ខ្មែរ អាត្មា លោកតាស៊ុច សូមអរគុណដល់រដ្ឋាភិបាលខ្មែរ ដែលបានទទួលរាប់អាន ហើយទទួលអាត្មា ខ្ញុំករុណានេះ បានចូលប្រទេសខ្មែរ ដោយសុវត្ថិភាព។ សូមអរគុណ លើកទឹកចិត្តនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលខ្មែរ ព្រមទាំងប្រជាជនខ្មែរគ្រប់ៗគ្នា ជីវិតនេះ សូមលំឱនកាយថ្វាយជីវិត បូជាថ្វាយព្រះមហាក្សត្រខ្មែរ គ្រប់ៗព្រះ អង្គ  ហើយក៏សូមថ្វាយឧទ្ទិសជីវិតនេះក្នុងទឹកដីខ្មែរ សូមជូនពរឱ្យរដ្ឋាភិបាលខ្មែរ សុខសប្បាយ គ្រប់គ្រងប្រ ទេសដោយសន្តិភាព រហូតដល់ញាតិញោម ពុទ្ធបរិស័ទ គ្រប់គ្នាដែលបានរាប់អាននេះ ឱ្យជោគជ័យ និងមានសេចក្តីសុខ សេចក្តីចម្រើន…”។

ជុំវិញការប្រកាសមកគង់នៅក្នុងប្រទេសកម្ពុជា របស់លោកឪ ស៊ុច ខាងលើនេះ ភិក្ខុសីលរក្ខិតោ ស៊ន វិសាល ចៅអធិការវត្តសាមគ្គីមានជ័យ ដីថ្មី ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានប្រកាសនិមន្តលោកឪ ស៊ុច មកស្រុកខ្មែរ ព្រះអង្គនឹងនិមន្តមកធ្វើជាចៅអធិការវត្តសាមគ្គីមានជ័យ ដីថ្មី ជំនួសព្រះអង្គតែម្តង។

ភិក្ខុសីលរក្ខិតោ ស៊ន វិសាល បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គ នៅថ្ងៃទី១៩ ឃែមិថុនា ឆ្នាំ២០២៥ ថា «លោកឪ និមន្តមកស្រុកខ្មែរ សូមនិមន្តមកធ្វើជាចៅអធិការ (វត្តសាមគ្គីមានជ័យ ដីថ្មី) សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ តែម្តងទៅ ក្នុងនាមខ្ញុំព្រះករុណាអាត្មា ជាព្រះចៅអធិការវត្ត បច្ចុប្បន្ននេះ សូមប្រគេនតួនាទីនេះដល់លោកឪ សុំនៅក្រោមឱវាទលោកឪ ម្តង។ សូមអរព្រះគុណ!»។

ដោយឡែក ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ព្រះសង្ឃគង់នៅវត្តនាគវ័ន រាជធានីភ្នំពេញ បានសរសេរក្នុងគណីបណ្តាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ថា “លោកឪ ស៊ុច ហៅលោកតាស៊ុច  និមន្តមកដល់មកដល់កុដិ២៤ វត្តនាគវ័ន ថ្ងៃទី៣ ខែ៧ ឆ្នាំ២០២៥ ម៉ោង១១ ពេលព្រឹក ខាងមុខនេះ ដើម្បីកសាងវត្ត មួយកន្លែង នៅខេត្តឧត្តរមានជ័យ សូមញាតិញោម ចូលរួមចាប់កុសលផលបុណ្យ…”។

សូមបញ្ជាក់ថា នៅលើបណ្តាញសង្គម ហ្វេសប៊ុក មានការផ្សព្វផ្សាយថ្មីៗនេះថា លោកតា ស៊ុច មានបញ្ហាហើយ! ត្រូវប៉ូលិសថៃ ចុះទៅដល់វត្ត ពេលលោកតា និយាយប៉ះពាល់ខ្មែរសុរិន្ទ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដោយលោកតានិយាយថា ស្អប់ខ្មែរសុរិន្ទ លោកតាចង់មានន័យថា ខ្មែរលើ “ដើមកំណើតមកពីខ្មែរ តែភ្លេចកំណើតជាខ្មែរ” ជាហេតុធ្វើឱ្យខ្មែរលើ ឬខ្មែរសុរិន្ទ ភ្លេចកំណើតមួយចំនួន មិនពេញចិត្តលោកតាស៊ុច និងមានការរើសអើងចំពោះព្រះអង្គ រហូតទាមទារឲ្យដកសញ្ជាតិថៃ ពីព្រះអង្គ និងបណ្តេញចេញពីប្រទេសថៃ ជាដើម…៕

RELATED ARTICLES