Tuesday, June 17, 2025
Homeនយោបាយលិខិតផ្លូវការទៅ ICJ រយលានអត្ថន័យ បញ្ជាក់ស្មារតីមហាសាមគ្គីជាតិខ្មែរ ដ៏រឹងមាំ

លិខិតផ្លូវការទៅ ICJ រយលានអត្ថន័យ បញ្ជាក់ស្មារតីមហាសាមគ្គីជាតិខ្មែរ ដ៏រឹងមាំ

ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់លិខិតផ្លូវការ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្នើសុំឱ្យតុលាការនេះ ជួយរកដំណោះស្រាយពាក់ព័ន្ធនឹងវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលភាគីថៃ ប៉ុនប៉ងរំលោភយកនោះមក អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា លិខិតនេះ បង្កប់រយលានអត្ថន័យ ក្រោមស្មារតីមហាសាមគ្គីជាតិខ្មែរ ដ៏រឹងមាំ ដើម្បីការពារបូរណភាពទឹកដី។

លោកប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋភិបាល បានសរសេរក្នុងគណនី និងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «លិខិតរយលានអត្ថន័យ បញ្ជាក់ស្មារតីមហាសាមគ្គីជាតិខ្មែរ ដ៏រឹងមាំ» ដែលមានខ្លឹមសារទាំងស្រុងថា «ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់លិខិតផ្លូវការ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ ដើម្បីស្នើសុំឱ្យតុលាការនេះ ជួយរកដំណោះស្រាយពាក់ព័ន្ធនឹងវិវាទព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ លិខិតនេះ មានបង្កប់រយលានអត្ថន័យ ក្រោមស្មារតីមហាសាមគ្គីជាតិខ្មែរ ដ៏រឹងមាំ ដើម្បីការពារបូរណភាពទឹកដី។

ទី១- ជានិច្ចកាល កម្ពុជា តែងឈរខាងសន្តិភាព និងគោរពច្បាប់អន្តរជាតិ ពោលគឺបញ្ហាធំប៉ុនណាក៏ដោយ ក៏កម្ពុជា ចង់ដោះស្រាយដោយសន្តិវិធី និងខិតខំឱ្យអស់លទ្ធភាព។ ជាក់ស្តែង បន្ទាប់ពីការចរចាទ្វេភាគី អស់ជាច្រើនទសវត្សរ៍ ហើយបានជាប់គាំង ទៅមុខលែងរួច កម្ពុជា មិនជ្រើសរើសយកការប្រយុទ្ធគ្នាដោយអាវុធទេ តែបានសម្រេចបញ្ជូនវិវាទទាំង៤នេះ ទៅដោះស្រាយនៅឯតុលាការយុត្តិធម៌អន្តរជាតិ ដោយសន្តិវិធី។

ទី២- រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន ពិតជាមានឆន្ទៈមោះមុត និងប្តូរផ្តាច់ឥតប្រែប្រួល ក្នុងការការពារបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមិល្លីម៉ែត្រឡើយ ហើយប្រឆាំងដាច់ខាតចំពោះការឈ្លានពាន។

ទី៣- លិខិតទៅកាន់តុលាការ ICJ នៅថ្ងៃនេះ ក៏បានឆ្លុះបញ្ចាំងពីមហាសាមគ្គីជាតិខ្មែរ ដ៏រឹងមាំនៅជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពីព្រោះនេះគឺជាឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដោយមានការគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភា និងព្រឹទ្ធសភា ក៏ដូចជាពីសំណាក់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស។ អាចនិយាយបានថា លិខិតនេះ តំណាងឱ្យសំឡេងតែមួយ របស់ប្រជាជាតិខ្មែរទាំងមូល។

ទី៤- ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ នេះ គឺជាខួបទី ៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចឱ្យកម្ពុជា ឈ្នះក្តីថៃ ក្នុងវិវាទប្រាសាទព្រះវិហារ។ ដូច្នេះការដាក់លិខិតស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិ ដោះស្រាយវិវាទតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ចំថ្ងៃ១៥ មិថុនា គឺជានិមិត្តរូបនៃជោគជ័យជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងបេសកកម្មការពារបូរណភាពទឹកដី។

ទី៥- ព្រឹត្តិការណ៍នេះទៀតសោត ក៏សបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាអ្នកធានាការពារបូរណភាពទឹកដី មិនឱ្យបាត់បង់ ការពារសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ ចេញពីការប្រមាថមាក់ងាយរបស់បរទេស ជាអ្នកលើកស្ទួយកិត្យានុភាពជាតិកម្ពុជា ឱ្យកាន់តែខ្ពស់ត្រដែតឡើង ក្រោមការគាំទ្រដ៏រឹងមាំពីប្រជាពលរដ្ឋខ្មែរ និងជាអ្នកសាងប្រវត្តិសាស្ត្រថ្មី សម័យទំនើប សម្រាប់កម្ពុជា ក្នុងសករាជតេជោ-ធិបតី នាសតវត្សទី២១នេះ»។

គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ជាមួយប្រទេសថៃ។

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៥ ថា «កម្ពុជា ជ្រើសរើសយកច្បាប់អន្តរជាតិ និងសន្តិភាព។

ថ្ងៃនេះ ទី១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយ ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជា ឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។

ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះ កើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណង គឺដូចគ្នា ៖  គឺកម្ពុជា ជ្រើសរើសយកការដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិ ធម៌អន្តរជាតិ (ICJ) សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមាន ហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគី មិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រា សាទព្រះវិហារ កាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន»។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា «កម្ពុជា ត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយ នៅបន្តមានបញ្ហាមិនចេះចប់ ជាមួយគ្នា។

សូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា»។

សម្តេចហ៊ុន ម៉ាណែត បន្តទៀតថា «សូមបញ្ជាក់ ÷ ចំពោះលិខិតផ្លូវការនេះ ក្រសួងការបរទេស និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ បានចាត់តាំងមន្ត្រីមួយរូប ធ្វើដំណើរតាមយន្តហោះ ដើម្បីនាំយកលិខិតនេះដោយផ្ទាល់ ទៅប្រគល់ជូនស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហូឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្សិក។ នៅថ្ងៃចន្ទ ស្អែកនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហូឡង់ នឹងប្រគល់ដោយផ្ទាល់ដៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ»។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរបន្ថែម នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ថា «ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃចន្ទ ទី១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃ ជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចរាល់។

កម្ពុជា មិនដកថយទេ ពីការប្រើប្រាស់យន្តការច្បាប់ តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ រាជរដ្ឋាភិបាល នឹងបន្តធ្វើកិច្ចការនេះ ប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ»៕ ខៀវទុំ

RELATED ARTICLES