Tuesday, June 17, 2025
Homeតារាខ្មែរកែវ សុបញ្ញា សម្រាលកូនខែសីហា

កែវ សុបញ្ញា សម្រាលកូនខែសីហា

ភ្នំពេញ ៖ តារាចម្រៀងកែវ សុបញ្ញា ទទួលបានកាដូធំ នៅឆ្នាំ២០២៥ គឺពពោះកូនស្រីសមតាមបំណងប្រាថ្នា ជាង៧ខែហើយ ដែលនឹងត្រូវសម្រាលនៅចុងខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ។ បញ្ញា ថាការដែលនាងសម្រេចចិត្តយកកូននៅឆ្នាំនេះ ដោយសារតែមានគម្រោងយកកូនតាំងពីឆ្នាំមុន តែឥឡូវទើបបានសម្រេច ។ នាងថាទោះមានកូន តែនាងធ្វើការងារសិល្បៈ សឹងតែដល់ថ្ងៃសម្រាលតែម្ដង ហើយតាមគម្រោង នាងអាចនឹងវិលវិញ នាអំឡុងខែទី៣ បន្ទាប់ពីសម្រាល ពោលគឺនៅខែវិច្ឆិកា ឆ្នាំ២០២៥ ដែលពេលនោះ ក៏មានបទថ្មីៗចេញផងដែរ ។

 កែវ សុបញ្ញា បានប្រាប់តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ថា «ខ្ញុំនិងស្វាមី អាយុច្រើនដែរហើយ អ៊ីចឹងហើយបានជាគិតគួររឿងយកកូន នៅឆ្នាំហ្នឹង ។ ខ្ញុំនឹងសម្រាលកូនស្រីនៅចុងខែសីហា ខាងមុខនេះ ហើយខ្ញុំត្រូវការសម្រាកថែសុខភាព ២ខែ អីចឹងអំឡុងខែវិច្ឆិកា ខ្ញុំនឹងចេញច្រៀងសម្ដែងឡើងវិញ ដែលពេលនោះនឹងមានបទថ្មីៗចេញតែម្ដង ព្រោះឥឡូវយើងបានត្រៀមបទទាំងនោះរួចហើយ» ។

 ឆ្លើយតបសំណួរថា តើ សុបញ្ញា ចង់បានកូនប៉ុន្មាននាក់ ទើបគិតថាគ្រប់គ្រាន់? បញ្ញា បញ្ជាក់ថា ចិត្តនាងចង់បានកូន ៣នាក់ តែនាងថាសុខភាពនាងខ្សោយ មិនសូវខ្លាំងទេ អ៊ីចឹងការយកកូន គឺទៅតាមពេលវេលានិងជាក់ស្ដែង មិនអាចកំណត់ឲ្យច្បាស់លាស់ជាមុនបានឡើយ ។

 កែវ សុបញ្ញា បានឲ្យដឹងដែរថា ទោះជាមានកូន ក៏ស្វាមីមិនហាមឃាត់នាងលេងសិល្បៈដែរ ពោលគឺប្ដីតែងតែសម្របខ្លួនតាមនាងជានិច្ច ខណៈដែលអាជីពក្រៅសិល្បៈរបស់នាង គឺបើកហាងកាត់ដេរសម្លៀកបំពាក់ នៅតែដំណើរការធម្មតា ព្រោះមុខរបរនេះ តពីម្ដាយនាងមក។ ប៉ុន្ដែតាមព័តមានថា បញ្ញា បានចាកចេញពីផលិតកម្មហង្សមាស ទៅហើយ ក្រោយជ្រកនៅផលិតកម្មធំនេះ ជិត១០ឆ្នាំ ដោយមានបទចម្រៀងផ្ទាល់ខ្លួនជាច្រើន ហើយថតភាពយន្ដ បានជាច្រើនរឿង ឥឡូវងាកមកផលិតបទចម្រៀងថ្មីៗ ដោយខ្លួនឯង ពោលគឺដូចគ្នាទៅនឹងពេជ្រ សោភា, សុគន្ធ និសា និង វី ឌីណែត ជាដើម ។

 ទាក់ទងបញ្ហានេះ កែវ សុបញ្ញា បានឲ្យដឹងថា ពេលនេះនាងក្លាយទៅជាតារាឯករាជ្យ (Freelance)  ប៉ុន្ដែនាងនៅតែធ្វើការងារសិល្បៈឲ្យហង្សមាស ដដែល ។ បញ្ញា ថាសម្រាលកូនរួច នាងអត់កាត់បន្ថយការងារសិល្បៈទេ គឺនៅតែបន្ដធ្វើការងារមួយនេះដូចមុន ។

 កែវ សុបញ្ញា អតីតបេក្ខភាព The Voice Cambodia  រដូវកាលទី១ បានរៀបការកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ជាមួយលោកប៉ាល់ ប៉ោស៊ាង ជាមន្រ្ដីកងរាជអាវុធហត្ថ បន្ទាប់ពីលោកបានតស៊ូស្រលាញ់នាង ដល់ទៅ១៥ឆ្នាំ ។ ការយកកូននៅឆ្នាំ២០២៥ របស់សុវណ្ណបញ្ញា នាពេលនេះ គឺដូចគ្នាទៅនឹងអ្នកនាងសួស វីសា និងសារ៉ាយ សក្ខណា ដែរ។ កែវ សុបញ្ញា បន្ថែមថា ក្រោយមានកូន ជីវិតនាងប្រែប្រួល ១៨០ដឺក្រេ ពោលគឺធ្វើអ្វីក៏នឹកគិតដល់កូនដែរ ។ នាងថា ពេលនេះទោះជាកូនមិនទាន់សម្រាល ប៉ុន្ដែចិត្តនាងចេះតែចង់ធ្វើអ្វីមួយទុកឲ្យហើយ ដើម្បីកូន និងរៀបគម្រោងទៅមុខឲ្យបានល្អ កុំឲ្យកូនកើតមកពិបាក៕

RELATED ARTICLES