ភ្នំពេញ ៖ ស្របពេលដែលកញ្ញា សេង ធារី មេធាវីសិទ្ធិមនុស្ស ជាអតីតថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងជា សកម្មជននយោបាយគណបក្សប្រឆាំងមួយរូប បានធ្វើកូដកម្មបង្អត់អាហារនៅក្នុងពន្ធនាគារ ជាលើកទី៤ នោះ ក្រុមអង្គការសង្គមស៊ីវិល ចំនួន៦ បានចេញសេចក្តីថ្លែងការណ៍រួមមួយ វាយតម្លៃថា កូដកម្មបង្អត់អាហាររបស់កញ្ញា សេង ធារី បង្ហាញពីការជាប់ឃុំដោយអយុត្តិធម៌។

សេចក្តីថ្លែងការណ៍រួម របស់អង្គការសង្គមស៊ីវិល ចំនួន៦ រួមមាន ៖ ១. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ២. សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) ៣. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិនុស្ស លីកាដូ (LICADHO) ៤. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) ៥. អង្គការសមធម៌កម្ពុជា (EC) និង ៦. អង្គការសមាគមធាងត្នោត (សធត) មានខ្លឹមសារទាំស្រុងថា «កញ្ញា សេង ធារី ដែលជាមេធាវីសិទ្ធិមនុស្ស ជាអតីតថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងជាសកម្មជននយោបាយគណបក្សជំទាស់ ដ៏មានប្រជាប្រិយភាពមួយរូប កំពុងធ្វើកូដកម្មបង្អត់អាហារ ជាលើកទី៤ ក្នុងពន្ធនាគារ ចាប់តាំងពីកញ្ញា បានជាប់ឃុំ កាលពីខែមិថុនា ឆ្នាំ២០២២ ។ ផលប៉ះពាល់នៃការបង្អត់អាហារខ្លួនឯង ទៅលើសុខុមាលភាពរបស់កញ្ញា ធារី អាចមានទំហំធំធេង ហើយយើងខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់កញ្ញា ។ ការបន្តឃុំខ្លួនកញ្ញា គឺកាន់តែធ្វើឱ្យបញ្ហាសុខភាពរបស់កញ្ញា កាន់តែធ្ងន់ធ្ងរឡើងៗ ។
កូដកម្មបង្អត់អាហាររបស់កញ្ញា ធារី គឺមានរយៈពេល ១៤ថ្ងៃ ដោយកំណត់ធ្វើរហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីគម្រប់ខួបរយៈពេលបីឆ្នាំ ដែលកញ្ញា បានជាប់នៅក្នុងពន្ធនាគារ ។ ការធ្វើកូដកម្មនេះ ក៏ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យមានការយកចិត្តទុកដាក់ចំពោះការជាប់ឃុំរបស់កញ្ញាផ្ទាល់ ក៏ដូចជាអំពាវនាវឱ្យមានការដោះលែងសកម្មជននយោបាយ និងអ្នកការពារសិទ្ធិមនុស្សទាំងអស់ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ដោយអយុត្តិធម៌ ។
កញ្ញា ធារី ដែលមានសញ្ជាតិខ្មែរ-អាមេរិកាំង ត្រូវបានតុលាការផ្តន្ទាទោស ក្នុងសំណុំរឿងដ៏ធំមួយ ជាមួយនឹងសកម្មជនគណបក្សជំទាស់ ជាច្រើននាក់ផ្សេងទៀត ដោយត្រូវបានតុលាការកំណត់ទោស រយៈពេល ៦ឆ្នាំ ក្នុងពន្ធនាគារ ពីបទញុះញង់និងរួមគំនិតក្បត់ ។ កញ្ញា ធារី ត្រូវបានចាប់ខ្លួននៅខាងក្រៅសាលាដំបូងរាជធានីភ្នំ ពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខណៈពេលដែលកញ្ញា កំពុងតវ៉ាដោយអហិង្សា ចំពោះបទចោទ ប្រកាន់ទាំងនោះ ដោយស្លៀកសម្លៀកបំពាក់ជារូបសំណាកនៃសេរីភាព ។ ក្រុមការងារអង្គការសហប្រជាជាតិ ស្ដីពីការឃុំខ្លួនតាមអំពើចិត្ត បានលើកឡើងថា ការឃុំខ្លួនកញ្ញា ធារី គឺព្រោះតែការអនុវត្តសិទ្ធិសេរីភាពរបស់កញ្ញា ក្នុងការបញ្ចេញមតិ ការប្រមូលផ្តុំ និងបង្កើតសមាគមដោយសន្តិវិធីរបស់កញ្ញា ហើយចាត់ទុកការឃុំខ្លួននេះ ជាសកម្មភាពដែលមិនត្រឹមត្រូវ និងជាការរើសអើងផ្នែកនយោបាយ ។
យើងខ្ញុំគាំទ្រដល់ការអំពាវនាវក្រុមការងារអង្គការសហប្រជាជាតិ ស្ដីពីការឃុំខ្លួនតាមអំពើចិត្ត និងស្នើសុំឱ្យរាជ រដ្ឋាភិបាល សូមបញ្ឈប់ការរឹតត្បិតសេរីភាពរបស់កញ្ញា ធារី និងសូមដោះលែងកញ្ញា ធារី ជាបន្ទាន់ និងឥតលក្ខខណ្ឌ ។ យើងខ្ញុំនឹងនៅបន្តឈរជាមួយនឹងកញ្ញា ធារី សង្ឃឹមថា កញ្ញា នឹងមានសុខភាពល្អ ហើយសង្ឃឹមថា សកម្មភាពរបស់កញ្ញា នឹងនាំមកនូវយុត្តិធម៌ចំពោះសកម្មជននយោបាយ និងអ្នកការពារសិទ្ធិមនុស្សគ្រប់រូបទាំងអស់ ដែលត្រូវបានជាប់ឃុំយ៉ាងអយុត្តិធម៌ក្នុងពន្ធនាគារ» ៕ ខៀវទុំ