Saturday, May 23, 2026
Homeសន្ដិសុខសង្គមក្រសួងការពារជាតិកម្ពុជា បដិសេធថៃ ចោទផ្ទុះអាវុធ៥គ្រាប់ នៅភ្នំបាក់

ក្រសួងការពារជាតិកម្ពុជា បដិសេធថៃ ចោទផ្ទុះអាវុធ៥គ្រាប់ នៅភ្នំបាក់

ខេត្តឧត្ដរមានជ័យ ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធការចោទប្រកាន់របស់ភាគីថៃ ថាកងកម្លាំងកម្ពុជា ផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមាន ជ័យ ។ កម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ក្នុងចេតនាបង្កការ ភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន ។

ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃសុក្រ ៦កើត ខែជេដ្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៦ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណា ចក្រកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ មេត្តាជ្រាបថា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤០នាទី ផេកក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចុះផ្សាយថា មានឮស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានចោទ ប្រកាន់មកលើកងកម្លាំងកម្ពុជា ថាជាអ្នកបង្កហេតុខាងលើ ។ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើ ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្ក ភាពតានតឹងតាមបណ្តោយព្រំដែន។

ក្រសួងការពារជាតិកម្ពុជា មិនអាចទទួលយកបានឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ម្តងហើយម្តង ទៀត ពីសំណាក់យោធាថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក ។

 អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យភាគីថៃ បញ្ឈប់ការចុះផ្សាយព័ត៌មានមួលបង្កាច់ទាំងនេះ ជាបន្ទាន់ ហើយត្រឡប់មកគោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញនិងដោយស្មោះត្រង់ សុចរិត នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ជាពិសេស ការអនុលោមតាមចំណុចទី៨ នៃសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការប្រឆាំងទៅនឹងព័ត៌មានក្លែង ក្លាយ ដើម្បីកសាងជំនឿទុកចិត្តទៅវិញទៅមក និងបរិយាកាសអំណោយផលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

  ឆ្លៀតក្នុងឱកាសនេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួនបំផុត នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។

 គួរកត់សម្គាល់ថា ស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នារយៈពេលចុងក្រោយនេះ បន្តក្នុងភាពតានតឹងនៅឡើយ គឺក្រៅពីកងកម្លាំងថៃ បានបន្តពង្រីកសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ និងថ្មីៗនេះ បានចូលហាមឃាត់ពលរដ្ឋខ្មែរ មិនឲ្យធ្វើស្រែចម្ការ និងក្រោយពីភាគីថៃ បានលួចបោះ បង្គោលនៅក្នុងតំបន់ព្រំដែន នៃខេត្តបន្ទាយមានជ័យ ព្រមទាំងបន្តកសាងសំណង់រឹង នៅលើទឹកដីខ្មែរ តាមបណ្ដោយព្រំដែន ដែលខ្លួនកំពុងឈរជើងកាន់កាប់ដោយខុសច្បាប់នោះ នាពេលថ្មីនេះ កងទ័ពភូមិន្ទថៃ បានបញ្ជាឲ្យកងកម្លាំងខ្លួន ត្រៀមជើងការប្រយុទ្ធ ក្រោមលេចចោទប្រកាន់មួលបង្កាច់ខុសការពិតថា មានការបាញ់ កាំភ្លើងធំ ប្រភេទ M79 ពីភាគីកម្ពុជា ចូលទីតាំងយោធាថៃ ក្នុងតំបន់ហួយតាម៉ារីយ៉ា នៅភូមិសាស្រ្តទល់ មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ របស់កម្ពុជា។ ប៉ុន្តែក្រសួងការពារជាតិកម្ពុជា បានច្រានចោលទាំងស្រុង ជាបន្តបន្ទាប់ ដោយចាត់ទុកការចុះផ្សាយទាំងនេះ ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ ដែលអាចបង្កឲ្យស្ថានការណ៍ព្រំដែនកាន់តែតានតឹង ។

  អ្វីជាការកត់សម្គាល់បន្ថែមទៀត មុនចោទកម្ពុជា ថាបានធ្វើឲ្យផ្ទុះអាវុធ ៥គ្រាប់ នៅតំបន់ភ្នំបាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ កងទ័ពថៃ កាលពី ៣ថ្ងៃមុននេះ បានធ្វើសមយុទ្ធយោធា នៅខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា ដោយផ្តោតលើប្រតិបត្តិការសឹក ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងការឆ្លើយតបរហ័ស។ កងទ័ពភូមិភាគទី១ ថៃ អះអាងថា សមយុទ្ធទ្រង់ទ្រាយនេះ មានគោលបំណងពង្រឹងសមត្ថភាពការពារអធិបតេយ្យ និងត្រៀមទប់ទល់នឹងការគំរាមកំហែងនានាតាមបណ្តោយព្រំដែន នាពេលអនាគត ៕

RELATED ARTICLES