Friday, June 13, 2025
Homeនយោបាយបណ្តឹងកម្ពុជា ទៅ ICJ បោះជំហានទៅមុខឥតប្រែ ក្រោមឯកភាពជាតិខ្មែរ ដ៏រឹងមាំ

បណ្តឹងកម្ពុជា ទៅ ICJ បោះជំហានទៅមុខឥតប្រែ ក្រោមឯកភាពជាតិខ្មែរ ដ៏រឹងមាំ

ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រា សាទតាមាន់តូច និងប្រាសាទតាក្របី ដែលមានវិវាទជាមួយប្រទេសថៃ នោះមក អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បោះជំហានទៅមុខឥតប្រែប្រួល ក្រោមឯក ភាពជាតិខ្មែរ ដ៏រឹងមាំ ។

លោកប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសរសេរក្នុងគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ថា «បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ ) បោះជំហានទៅមុខឥតប្រែប្រួល ក្រោមឯកភាពជាតិខ្មែរ ដ៏រឹងមាំ!

ដូចដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃទី២ ខែមិថុនា និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឥឡូវនេះ គណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទ តាក្របី ត្រូវបានបង្កើតចេញជារូបរាងហើយ។

គណៈកម្មការនេះ មានភារកិច្ចពិនិត្យនិងសម្រេចជ្រើសរើសមេធាវីអន្តរជាតិ ដើម្បីការពារក្តី ពិនិត្យនិងសម្រេចឯកសារនានាដែលត្រូវដាក់ទៅតុលាការ ធ្វើទំនាក់ទំនងជាមួយតុលាការ និងធ្វើជាតំណាងរបស់កម្ពុជា នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ)… នេះគឺជាដំណើរការទៅមុខឥតងាករេ ស្របតាមឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក៏ដូចជាឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការប្តឹងករណីទាំង៤នេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីរបស់យើង»។

លោកប៉ែន បូណា បានសរសេរបន្តថា «បណ្តឹងនេះ បានទទួលការគាំទ្រជាឯកច្ឆន្ទ ពីរដ្ឋសភា និងព្រឹទ្ធសភា ក៏ដូចជាពីសំណាក់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស និងគ្រប់និន្នាការនយោបាយ ដែលស្តែងឱ្យឃើញពីឯកភាពជាតិខ្មែរ និងក្លាយជាចលនាមហាសាមគ្គីជាតិដ៏ធំមួយ នៅពីក្រោយរាជរដ្ឋាភិបាល និងនៅពីក្រោយកងទ័ពដ៏អង់អាចក្លាហាននៃយើង។ វាក៏ស្តែងឱ្យឃើញផងដែរ ពីជំនឿចិត្តយ៉ាងមុតមាំ និងពីភាពកក់ក្តៅយ៉ាង ខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ ចំពោះរាជរដ្ឋាភិបាល។ 

ពិតណាស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន បានខិតខំប្រឹងប្រែងនិងប្តូរផ្តាច់បំផុតក្នុងការការពារបូរណភាពទឹកដី ដោយមិនអនុញ្ញាតឱ្យបាត់បង់សូម្បីតែមួយមិល្លីម៉ែត្រឡើយ។ ការប្តេជ្ញាចិត្តនេះ មិនមែនត្រឹមតែពាក្យសម្តី ប៉ុន្តែគឺជាសកម្មភាពជាក់ស្តែង។ ការចរចាបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង និងការកសាងផ្លូវក្រវាត់ព្រំដែន ដែលរាជរដ្ឋាភិបាល បាននិងកំពុងធ្វើ គឺជាឧទាហរណ៍ស្រាប់»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តទៀតថា «ឥឡូវនេះភាពប្តូរផ្តាច់ក្នុងការនាំយកករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាភ័ស្តុតាងថ្មីមួយទៀត ដែលបញ្ជាក់ពីភាពប្តូរផ្តាច់របស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ចំពោះបូរណភាពទឹកដី។ សូមកុំភ្លេចថា ថ្នាក់ដឹកនាំរបស់យើង ទាំងសម្តេចតេជោ ទាំងសម្តេចធិបតី មានបទពិសោធន៍គ្រប់គ្រាន់ និងមានភាពរឹងប៉ឹង ណាស់ ហើយដឹងច្បាស់ថា ដំណាក់កាលណាត្រូវធ្វើអ្វី?

ដូច្នេះ សូមបងប្អូនយើងស្ងប់ចិត្ត កុំអន្ទះសា និងរង់ចាំចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថនឹងន អត់ធ្មត់ ហើយប្រើបញ្ញា ជាជាងប្រើអារម្មណ៍ ជាពិសេស កុំនាំគ្នាកញ្ជ្រោលតាមការញុះញង់របស់ក្រុមជ្រុលនិយមជិតខាង ដែលចង់បានទឹកដីយើងឱ្យសោះ។ សូមបងប្អូនពិចារណាសារសម្តេចធិបតី នៅថ្ងៃនេះ ដែលសម្តេច បានលើកយកទស្សនៈរបស់កំពូលអ្នកប្រាជ្ញចិន ឡៅ ជឺ មកសរសេរក្នុងហ្វេសប៊ុក ថា ៖ រក្សាភាពស្ងៀមស្ងាត់ ផ្តោតជានិច្ចលើគោលដៅធំ ពេលមានឱកាស កុំរារែកក្នុងការវាយលុក»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែលគណៈ កម្មការនេះ មានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ជាអនុប្រធាន លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធាន លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអនុប្រធាន លោកឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាអនុប្រធាន និងលោកបណ្ឌិត ស៊ា កុសល រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រ តិបត្តិការអន្តរជាតិ ជាអនុប្រធាន ព្រមទាំងមានសមាជិក ចំនួន ១០រូបផ្សេងទៀត។

គណៈកម្មការរៀបចំឯកសារដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី មានភារកិច្ច ៖ -ពិនិត្យនិងសម្រេចជ្រើសរើសមេធាវីអន្តរជាតិ ការពារក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមសំណើរបស់ក្រុមការងារកិច្ចការច្បាប់។ -ពិនិត្យនិងសម្រេចលើឯកសារដែលបានចងក្រងដោយក្រុមការ ងារកិច្ចការច្បាប់ ជាមួយមេធាវីអន្តរជាតិ សម្រាប់បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ។ -ពិនិត្យនិងសម្រេចលើការងាររបស់ក្រុមការងារកិច្ចការការទូត តាមការចាំបាច់ ។ -ធ្វើទំនាក់ទំនងការងារជាមួយតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដំណើរការនីតិវិធីច្បាប់ ក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។ -ធ្វើជាតំណាងរបស់កម្ពុជា នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ចាប់ពីដំណាក់កាលនៃការដាក់ពាក្យប្ដឹង រហូតដល់ការបញ្ចប់នីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ។ -រាយការណ៍អំពីលទ្ធផលការងារ និងស្នើសុំការណែនាំតាមការចាំបាច់ពីប្រមុខរាជរដ្ឋាភិបាល។ -អនុវត្តការកិច្ចផ្សេងទៀត តាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។

គណៈកម្មការនេះ មានក្រុមការងារចំណុះចំនួន២ គឺ ១-ក្រុមការងារកិច្ចការច្បាប់ (មានភារកិច្ច ៖ -ពិនិត្យនិងផ្តល់យោបល់លើបញ្ជីឈ្មោះមេធាវីដែលបានមកពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីដាក់ជូនគណៈកម្មការពិនិត្យនិងសម្រេច។ -រៀបចំនិងចងក្រងឯកសារជាមួយមេធាវីអន្តរជាតិ សម្រាប់បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដាក់ជូនគណៈកម្មការពិនិត្យនិងសម្រេច។ -សិក្សា ស្រាវជ្រាវ និងផ្តល់យោ បល់ផ្នែកច្បាប់ជូនគណៈកម្មការ) និង ២- ក្រុមការងារកិច្ចការការទូត (មានភារកិច្ចសម្របសម្រួលជាមួយស្ថានតំណាងកម្ពុជា នៅបរទេស ក្នុងទំនាក់ទំនងពាក់ព័ន្ធនឹងឯកសារនានាជាមួយមេធាវីអន្តជាតិ)៕ ខៀវទុំ

RELATED ARTICLES