Wednesday, June 11, 2025
Homeតារាខ្មែរនូ ណា រៀបការឆ្នាំ២០២៦

នូ ណា រៀបការឆ្នាំ២០២៦

ភ្នំពេញ ៖ តារាសម្ដែងដ៏ស្រស់សោភា កញ្ញាហួ លីហេង ហៅ នូ ណា បានភ្ជាប់ពាក្យជាមួយលោកញ៉ាញ់ ខ័ណ្ឌរស្មី កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោយអ្នកទាំងពីរស្វែងយល់ចិត្តគ្នាអស់មួយរយៈ។ នូ ណា បង្ហើបថា នាងមានគម្រោងរៀបការនៅឆ្នាំ២០២៦ ខាងមុខនេះហើយ តែមិនទាន់កំណត់ថ្ងៃច្បាស់លាស់ទេ ព្រោះរង់ចាំដេញពេលាសិន។

 នូ ណា បានប្រាប់ «នគរធំ» កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ថា «បើពួកយើងរៀបការចុងឆ្នាំ២០២៥ នេះ ហាក់ដូចជាឆាប់ពេក ព្រោះទើបភ្ជាប់ពាក្យ ។ អីចឹងមានតែធ្វើនៅឆ្នាំ២០២៦ ខាងមុខនេះ តែអត់ទាន់ច្បាស់ថ្ងៃទេ ព្រោះរង់ចាំតាអាចារ្យដេញពេលា រកថ្ងៃល្អ សិន ។ ប៉ុន្ដែច្បាស់ថានឹងធ្វើនៅឆ្នាំ២០២៦ ហ្នឹងហើយ» ។

 នូ ណា អាយុ២៦ឆ្នាំ បានប្រឡូកអាជីពសិល្បៈ រយៈពេល ៩ឆ្នាំមកហើយ តាមរយៈការថតភាពយន្ដ, ស្ពតពាណិជ្ជកម្ម និង MV ជាដើម ។ នាងថា អនាគតស្វាមីនាង ជាមន្រ្ដីរាជការ រស់នៅរាជធានីភ្នំពេញ ហើយនាងនិងគូដណ្ដឹង ទាក់ទងស្រលាញ់ ស្វែងយល់ចិត្តគ្នា មួយរយៈខ្លី  ទើបឈានដល់ពិធីភ្ជាប់ពាក្យ។ នូ ណា ប្រាប់ថា មូលហេតុដែលត្រូវភ្ជាប់ពាក្យនៅខែមិថុនា នេះ ព្រោះតែនាងគិតថា ថ្ងៃរៀបការក៏កាន់តែខិតចូលមកកៀកហើយដែរ អ៊ីចឹងមិនអាចពន្យារពេលតទៅទៀតបានទេ ។

 កញ្ញានូណា និងគូដណ្ដឹង

កញ្ញាឈិន មុនីនាថ ជាសង្សារនាយព្រែក ដែលជាមិត្តភក្ដិជិតដិតរបស់កញ្ញានូ ណា បានទៅចូលរួមពិធីភ្ជាប់ពាក្យនាងដែរនោះ បាននិយាយថា ពួកម៉ាកនាងម្នាក់នេះ កំពូលរើសប្ដីហើយ មិនងាយទេ ទម្រាំត្រូវចិត្ត។ នាងថា ឃើញមិត្ដភក្ដិបានប្ដី រំភើបជំនួសសាមីខ្លួន ។

 សូមបញ្ជាក់ថា តារាសម្ដែងរូបស្រស់ ធ្មេញច្រពើស នូ ណា មានសម្រស់គួរឲ្យក្នក់ក្នាញ់ខ្លាំង ដែលទៅដល់ណាក៏មានគេមានការចាប់អារម្មណ៍នាង បើទោះជា នូ ណា មិនដែលលេងខ្លួនសិចស៊ី ស្លៀកលេចលើលេច ក្រោមក៏ដោយ។ ការមានគូដណ្ដឹងរបស់នូ ណា នាពេលនេះក៏ជាកាបិទផ្លូវប្រុសទាំងឡាយដែលចង់ឆក់ស្នេហ៍នាងផងដែរ ព្រោះឥឡូវនាងមានអង្គរក្សបេះដូងទៅហើយ។

 ឆ្លើយតបសំណួរថា ក្រោយមានស្វាមី តើនូ ណា នៅតែបន្ដលេងសិល្បៈទៀត ឬឈប់?  នូណា វាចាថា គូ ដណ្ដឹងនាង មិនហាមឃាត់នាងថតសិល្បៈទេ គឺនៅលើនាង ។ ប៉ុន្ដែជាគោលការណ៍ នាងទទួលថតតែរឿងណាដែលខ្លួនស្រលាញ់ពេញចិត្ត ហើយកន្លងមក នាងផ្ដោតលើTVC ច្រើនជាងសម្ដែងភាពយន្ដ ។ ស្រីស្អាតរូបនេះ បញ្ជាក់ថា អាជីពសិល្បៈ មិនមែនជាផ្នែកគោលរបស់នាងដែលត្រូវសម្រុកថត ១០០% ដូចគេទេ ហើយក្រោយរៀបការរួច បំណងធំរបស់នាង គឺចង់ធ្វើជំនួញ (Business ) តែអាជីពសិល្បៈ ក៏នាងមិនចោលដែរ គឺនៅតែធ្វើការងារណាដែលខ្លួនស្រលាញ់ ។          

កញ្ញា ហួ លីហេង ហៅនូ ណា ធ្លាប់ត្រូវបានគេចាប់អារម្មណ៍ភាពយន្ដហង្សមាស រឿង «សិសិររដូវក្នុងបេះដូង» និងរឿងមួយចំនួនទៀត រួមទាំង MV បទតារាល្បីៗ ក្នុងនោះក៏មានបទរបស់លោកឆាយ វីរៈយុទ្ធ ផងដែរ ។ ដោយសាតែមានសម្រស់ស្អាតពីធម្មជាតិ នូ ណា តែងតែលេចមុខតាមស្ពតសម្អាងការ ជាញឹកញាប់ដែរ ប៉ុន្ដែពេលនេះ ដល់វេននាងតែងខ្លួនជាកូនក្រមុំមែនទែនហើយ ដែលបុរសជិតក្លាយជាស្វាមីស្របច្បាប់របស់នាង គឺជាអ្នកក្រៅរង្វង់សិល្បៈ ៕

RELATED ARTICLES