Sunday, June 8, 2025
Homeព័ត៌មានជាតិក្រសួងការពារជាតិកម្ពុជា បង្ហាញលទ្ធផល ជួបពិភាក្សាជាមួយក្រសួងការពារជាតិថៃ

ក្រសួងការពារជាតិកម្ពុជា បង្ហាញលទ្ធផល ជួបពិភាក្សាជាមួយក្រសួងការពារជាតិថៃ

ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការជួបពិភាក្សាជាមួយក្រសួងការពារជាតិថៃ កាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ ចុះថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ មានខ្លឹមសារទាំស្រុងថា «ក្រសួងការពារជាតិ មានកិត្តិយសសូម ជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachal ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ អំពីភាព តានតឹងនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ដែលបានប្រព្រឹត្តិទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ដោយមានខ្លឹមសារសំខាន់ៗដូចខាងក្រោម ៖

ភាគីទាំងពីរ បានឯកភាពគ្នាប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតាមបណ្តោ យព្រំដែន ជាពិសេសតំបន់ដែលកំពុងមានភាពតានតឹង តាមរយៈការរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការសន្ទនាប្រកបដោយសន្តិវិធី ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធា ដែលភាគីទាំងសងខាង សុទ្ធតែមិនចង់ឃើញ។

នៅក្នុងជំនួបនោះ ភាគីថៃ ក៏បានស្នើសុំឱ្យភាគីកម្ពុជា ដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបី ដែលបានប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ភាគីកម្ពុជា បានបដិសេធ មិនទទួលការស្នើសុំនេះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍ តាំងពីដើមរៀងមក។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជា បានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា បានឡើយ។

ភាគីកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ដរាបណាភាគីថៃ នៅតែប្រើប្រាស់ផែនទីខុសគ្នា និងមាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចស្វែងរកចំណុចរួមក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតីគោរពអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) រវាងប្រទេសទាំងពីរ ដូចដែលមានកន្លងមក។

ក្នុងន័យនេះ ភាគីកម្ពុជា បានសម្រេចចិត្តរៀបចំសំណុំរឿង បញ្ជូនវិវាទតំបន់ទាំង៤ រួមមាន តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តជាតិ (ICJ) នៅទីក្រុងឡាអេ ដើម្បីផ្តល់ភាពច្បាស់លាស់ដល់ព្រំដែននៃប្រទេសទាំងពីរ និងការពារកុំឱ្យបញ្ហាទាំងនេះក្លាយទៅជាជម្លោះធ្ងន់ធ្ងរទៅថ្ងៃអនាគត តាមរយៈដំណោះស្រាយមួយដែលយុត្តិធម៌ និងមិនលម្អៀង ព្រមទាំងផ្អែកលើច្បាប់អន្តរជាតិ។ ការសម្រេចចិត្តនេះ បានបង្ហាញយ៉ាងច្បាស់ ការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីធានាថា ព្រំដែនរវាងប្រទេសទាំងពីរ នៅតែជាព្រំដែន សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាមួយគ្នានេះ ភាគីកម្ពុជា ក៏នឹងបន្តប្រើប្រាស់យន្តការដែលមានស្រាប់ ដូចជា GBC/JBC/RBC ដើម្បីពិភាក្សាលើចំណុដទៃទៀត នាថ្ងៃខាងមុខ។

ជាការឆ្លើយតប ភាគីថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិរបស់កម្ពុជា ក្នុងការដាក់ចំណុចទាំង៤ខាងលើ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ លើសពីនេះ ភាគីថៃ ក៏បានបញ្ជាក់និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញច្រានស្ថានការណ៍ ដែលបានធ្វើឱ្យប៉ះពាល់សតិអារម្មណ៍កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបញ្ឆេះកំហឹងជាតិសាសន៍ ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ ការលុបកិច្ចប្រជុំ JBC និងព័ត៌មានដែលគ្មានប្រភពច្បាស់លាស់»៕ ខៀវទុំ

RELATED ARTICLES