ភ្នំពេញ ៖ តារាចម្រៀង ទេព បូព្រឹក្ស បានក្លាយជាក្រមុំកូន១ របស់លោកងួន ចាន់ដាវិត ហៅជី-ដេវីត ក្នុងពិធីមង្គលការតាមប្រពៃណីខ្មែរ នៅថ្ងៃទី៧ ខែមិថុនា ឆ្នា២០២៥ ដែលពិធីនេះ រៀបចំនៅ ដឺព្រីមៀរ សេនធ័រ សែនសុខ ច្រកចូលអគា D ។ ខុសពីពិធីអាពាហ៍ពិពាហ៍ ដ៏ទៃទៀត ព្រោះបូព្រឹក្ស-ដេវីត មានការតុបតែងលម្អទៅដោយក្បូរក្បាច់រចនាប្រាង្គបា្រសាទជាច្រើន តាមតំបន់ (Zone) នីមួយៗ ដូចជា Zone ច្រកចូលត មានរូបប្រាសាទអង្គរវត្ត, Zone ប្រាសាទកោះកេរ និង Zone ប្រាសាទព្រះវិហារ ជាដើម ។

តាមរយៈការតាំងលម្អផ្ទាំងបដាជាប្រាង្គប្រាសាទ ពេញសាលមង្គលការនេះ ជាលើកទី១ សម្រាប់តារាខ្មែរ ដែលមានការរៀបចំបែបនេះ មើលទៅប្លែកនិងបង្កប់ទៅដោយវប្បធម៌ ហើយក៏កាត់បន្ថយការតាំងលម្អផ្កាដែលនាំចូលពីបរទេស ដូចមង្គលការតារាល្បីៗផ្សេងទៀត ឬកូនមន្រ្ដីធំ ជាដើម ។

ប្រភពថា ការដេគ័រសាលមង្គលការយ៉ាងប្រណិតនេះ ចាយលុយច្រើន តែទាំងបូព្រឹក្ស និងដេវីត នៅមិនទាន់បង្ហាញពីចំណាយក្នុងពិធីមង្គលការធំរបស់ខ្លួននេះទេ បើទោះជាមានការបង្ហើបពីក្រុមការងាររបស់នាងថា លើសពី១០ម៉ឺនដុល្លារ ក៏ដោយ។ ប៉ុន្ដែឆ្លងកាត់មង្គលការតាមក្បួនខ្នាតប្រពៃណីនេះ បូព្រឹក្ស និងដេវីត ប្រាកដជាកាត់បន្ថយរឿងគេធ្លាប់រិះគន់ថា ពួកគេមិនឲ្យតម្លៃប្រពៃណីខ្មែរ យកកូនមុនរៀបការនោះ បានខ្លះជាមិនខាន ។

សូមបញ្ជាក់ថា នៅថ្ងៃចូលរោងការ (ថ្ងៃទី៦ ខែមិថុនា) របស់ទេព បូព្រឹក្ស និងលោកងួន ចាន់ដាវិត នេះដែរ គេឃើញមានការរៀបចំពិធីក្រុងពាលី និងសូត្រមន្ដ និងពិធីជុំពេលា ជាវខាន់ស្លា ជាដើម ខណៈដែលនៅព្រឹកថ្ងៃទី៧ ខែមិថុនា មានពិធីហែជំនួន កាត់សក់ និងសំពះផ្ទឹមចងដៃ… ពោលគឺរៀបចំតាមប្រពៃណីខ្មែរទាំងអស់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅមុនថ្ងៃមង្គលការ ៣ថ្ងៃ បូព្រឹក្ស ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមថា សម្រស់នាងមានការប្រែប្រួល ពោលគឺច្រមុះឡើងខ្ពស់ស្រួច រីឯបបូរមាត់រាងបេះដូង ត្រូវបានអ្នកថា ដូច Logo ឡាន Mazda ។

គួររំលឹកថា មុនឈានចូលរោងការ ទេព បូព្រឹក្ស ត្រូវបានលោកងួន ចាន់ដាវិត សុំរៀបការ ដល់ទៅ២ដង កាលពីចុងឆ្នាំ២០២៤ បន្ទាប់ពីពួកគេធ្លាប់ដឹកដៃគ្នាទៅថត Pre-Wedding នៅកោះម៉ាល់ឌីវ កាលពីឆ្នាំ២០១៩ តែពេលនោះ បានរំសាយគម្រោងរៀបការ ។ អាពាហ៍ ពិពាហ៍របស់បូព្រឹក្ស-ដេវីត នេះ ចំពេលដែលពួកគេប្រារព្ធខួបស្នេហា ១០ឆ្នាំ និងមានកូនប្រុសមួយ ឈ្មោះទេព បញ្ចាវរាប ហៅ Albert អាយុ២ឆ្នាំកន្លះ។ បូព្រឹក្ស និងស្វាមី ក៏បង្ហាញអារម្មណ៍រីករាយផងដែរ ទៅលើមិត្តភក្ដិរបស់អ្នកទាំងពីរ នោះគឺ DJ SODA ដែលហោះពីប្រទេសកូរ៉េ មកចូលរួមមង្គលការរបស់អ្នកទាំពីរ។


ប្រភពថា អាពាហ៍ពិពាហ៍របស់តារារ៉េប ទេព បូព្រឹក្ស-ងួន ចាន់ដាវិត នេះក៏ធ្វើឲ្យផ្អើលអស់ពិភពតារារ៉េប (Rapper) តែម្ដង ព្រោះជាការរៀបចំធំ និងចំណាយលុយច្រើនជាងមង្គលការអ្នកចម្រៀងរ៉េប ផ្សេងទៀត ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរ បូព្រឹក្ស និងស្វាមី ក៏ត្រៀមចំណាយលុយ ១ដុំធំទៀត ដើម្បីធ្វើពិធីជប់លៀង ឲ្យអ្នកគាំទ្រ (Fan) របស់អ្នកទាំងពីរចំនួន៣០០០នាក់ ដែលបានចុះឈ្មោះរួច នៅថ្ងៃទី៨ ខែមិថុនា ឆ្នា២០២៥ ដើម្បីជាការប៉ះប៉ូវខ្លាចមានអ្នកគាំទ្រខ្លះមិនសប្បាយចិត្តដែលមិនបានហៅពួកគេចូលរួមក្នុងពិធីមង្គលការ នៅថ្ងៃទី៧ ខែមិថុនា ។



ក្រៅពីទេព បូព្រឹក្ស តារាដែលដឹកដៃប្ដីចូលរោងការ ក្រោយមានកូន មានដូច ជាលោកស្រីឧកញ៉ា ម៉ៅ ចំណាន និងឌុច លីដា ជាដើម ខណៈដែលតារាយកកូនមុនរៀបការ មានបរិមាណកាន់តែច្រើន ដូចជាសឿន ផានផាភួង, នៅ សុនិតា, សុន ស្រីពេជ្រ, ផាត់ ផាន់ណា, ពេជ្រ សូលីកា, សួង សាខារ៉ានីត, កែវ ពេជ្រពិសី, យុគ ចិន្ដា និងខាត់ សុឃីម ជាដើម ។ សម្រាប់មង្គលការរបស់ទេព បូព្រឹក្ស-ងួន ចាន់ដាវិត នឹងអាចត្រូវបានចាត់ទុកជាពិធីរៀបការធំជាងគេ នៅឆ្នាំ២០២៥ ផងដែរ ប្រសិនបើគ្មានតារាណាហ៊ានចំណាយលុយរៀបចំលម្អក្បាច់ប្រាង្គប្រាសាទ តាំងពេញសាលដូចពួកគេ និងជះលុយជប់លៀង Fan រាប់ពាននាក់នោះទេ ។ ប៉ុន្ដែអ្វីដែលមហាជនចាំអ៊ុតមើលថា តើប្ដីប្រពន្ធតារារ៉េប ១គូនេះ ក្រោយរៀបការរួច កាន់តែល្បី ឬចុះខ្សោយក្នុងអាជីព?…៕





