Friday, June 6, 2025
Homeតារាខ្មែរសុខគា គឹមលាង ធ្វើឲ្យប្រាសាទ ដាវីន ឈឺក្បាល

សុខគា គឹមលាង ធ្វើឲ្យប្រាសាទ ដាវីន ឈឺក្បាល

ភ្នំពេញ ៖ នាដការីរូបស្រស់ សុខគា គីមលាង ហៅកូនស្រមោច បានឈានមួយជំហាន ទៀត គឺការចូលរួមប្រកួតបវរកញ្ញា Miss Universe Cambodia ដើម្បីមានឱកាសតំណាងកម្ពុជា «Universe Woman Cambodia» ទៅប្រកួតវេទិកា Universal Woman នៅប្រទេសឥណ្ឌា នាពេលឆាប់ៗនេះ។ ប៉ុន្ដែខុសពីមុនចូលរួមប្រកួតដែលអ្នកតាមដានភាគច្រើនគិតថា នាដការីរូបស្រស់នេះ មានភាគរយខ្ពស់ជាងបេក្ខនារីបវរកញ្ញាផ្សេង ក្នុងការឈ្នះពានមួយនេះ ព្រោះស្រាប់តែពេលនេះ មានបេក្ខនារីជើងខ្លាំង ដល់ទៅ ២រូបផ្សេងទៀត ចេញមកប្រកួតជាមួយស្រីស្អាត គីមលាង ដែរ នោះគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី អាយុ២៧ឆ្នាំ ដែលជាម្ចាស់មកុដ Miss Grand Cambodia 2022 បានលេចមុខវេទិកាមួយនេះដែរ ខណៈដែលជើងខ្លាំងម្នាក់ទៀត គឺ ថៃ នារីសុជាតា អាយុ៣០ឆ្នាំ អតីត Freshie ចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១០ ដែលបេក្ខនារីទាំង២ សុទ្ធតែមានបទពិសោធន៍ខាងដើរម៉ូដ ឬប្រជែងសម្រស់នេះ មុនគីមលាង ។

តើសុខគា គីមលាង អាយុ២៦ឆ្នាំ ដែលធ្លាប់ហាត់របាំបុរាណ រយៈពេល១៥ឆ្នាំ ពោលគឺតាំងពីអាយុ៩ឆ្នាំ ហើយពេលនេះក្លាយជាគ្រូបង្រៀនរបាំបុរាណ និងរបាំព្រះរាជទ្រព្យ នៅសាលាមធ្យមវិចិត្រសិល្បៈ អាចយកឈ្នះពេជ្រ វត្តីសារ៉ាវឌ្ឍី និងថៃ នារីសុជាតា គ្រងមកុដ ធ្វើជាអ្នកតំណាងបវរកញ្ញាកម្ពុជាទៅប្រកួតសម្រស់នៅប្រទេសឥណ្ឌា បានឬអត់ ?

កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី និងអ្នកនាងថៃ នារីសុជាតា

អ្នកយកព័តមានយើងបានដាក់សំណួរនេះទៅកញ្ញាសុខគា គីមលាង ប៉ុន្ដែត្រូវនាងឆ្លើយយ៉ាងខ្លីថា អត់ទាន់មានពេលឆ្លើយចម្ងល់នេះ ព្រោះមមាញឹកច្រើន ទៅលើហ្វឹកហាត់ (ដែលទំនងម្ចាស់កម្មវិធីមិនទាន់ឲ្យឆ្លើយ)។ ប៉ុន្ដែតាមព័តមានថា សុខគា គីមលាង ពិតជាធ្វើឲ្យប្រាសាទ ដាវីន ឈឺក្បាលខ្លាំង ព្រោះបើទម្លាក់នាងចេញពីកម្មវិធី ក៏មិនកើត តែបើផាត់ចោល ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាជើងខ្លាំងម្នាក់ក្នុងពិភពដើរម៉ូដនោះក៏ពិបាក ស្របពេលដែល ថៃ នារីសុជាតា ក៏ធ្វើបានល្អ ព្រោះក្នុងនាមនាងជាម្ចាស់កម្មវិធី Miss Universe Cambodia និងជាគ្រូ បង្វឹកផង ដាច់ខាតត្រូវតែមានសុក្រឹតភាព ទើបមិនខូចឈ្មោះកម្មវិធី ខណៈដែលក្រៅពីបេក្ខភាពទាំង៣រូប ខាង លើនេះ បេក្ខនារីផ្សេងទៀត ដែលមិនមែនជាតារា ក៏មានសមត្ថភាពមិនធម្មតាដែរ ។

សុខគា គីមលាង បានបត់បែនច្រើន នៅឆ្នាំ២០២៥ នេះពោលគឺប្ដូរចិត្តពីមិនធ្លាប់គិតថាចូលរូបប្រកួតបវរកញ្ញា ប្រែទៅជាហ៊ានប្រឡងវេទិកានេះ ដោយភាពជឿជាក់ទៀតផង។ គីមលាង ដែលធ្លាប់ប្រកាសថា នៅពេលដែលនាងថតភាពយន្ដ ក៏មិនលេងឈុតស្នេហាស្រើបស្រាលសិចស៊ី ឬមិនចូលរួមប្រឡងបវរកញ្ញា ព្រោះខ្លាចមានឈុតប៊ីគីនី នោះ ស្រាប់តែមុននេះនាងប្រាប់អ្នកយកព័ត៌មានយើងថា បើមានឈុតប៊ីគីនី ក៏នាងមិនខ្លាចដែរ។ ប៉ុន្ដែនាងថា ការប្រកួត Miss Universe Cambodia នេះមិនតម្រូវឲ្យមានឈុតប៊ីគីនី នោះទេ ។

សូមរំលឹកថា មុនឈានចូលប្រកួតបវរកញ្ញា សុខគា គីមលាង ធ្លាប់ថតភាពយន្ដ រឿង «សាសនាងងឹត» របស់ផលិតកម្ម LD  និងចាប់ដៃជាមួយលោក ឆន សុវណ្ណារាជ សម្ដែងខ្សែរឿងស្នេហា កម្មវិធី «សាកស្រលាញ់គ្នាបានទេ?» បន្ទាប់ពីល្បីក្នុង MV បទរបស់វណ្ណដា «អាមុំបងអើយ» ។ ចំណែកប្រាសាទ ដាវីន ក្រៅពីបង្កើតកម្មវិធីខ្លួនឯង ធ្វើគ្រូបងឹក (Coach) ខ្លួនឯងនោះនាងក៏មានតំណែងធំមួយនៅហង្សមាស ដែរ នោះគឺជាគណៈកម្មការក្នុងកម្មវិធី The Amazing Star ចាប់ដៃជាមួយ មាន សូនីតា។

មហាជនរង់ចាំមើលថា នាដការីសម្រស់គួរឲ្យក្នក់ក្នាញ់ សុខគា គីមលាង ដែលអះអាងថា មិនទាន់ដល់ពេលវេលាយកប្ដី ព្រោះជាប់ដៃប្រកួតបវរកញ្ញា នេះ អាចទៅប្រជែងសម្រស់នៅឥណ្ឌា បានដូចបំណង ឬត្រូវឃាំងផ្លូវដោយពេជ្រ វត្តីសារ៉ាវឌ្ឍី និងថៃ នារីសុជាតា? …៕

អ្នកនាងប្រាសាទ ដាវីន​ ពេលសម្ភាសន៍ជាមួយអ្នកកាសែត​

RELATED ARTICLES