Friday, June 6, 2025
Homeតារាខ្មែរយក់ ថិតរដ្ឋា ស្រក១៨គីឡូ

យក់ ថិតរដ្ឋា ស្រក១៨គីឡូ

ភ្នំពេញ ៖ យក់ ថិតរដ្ឋា ដែលឡើងគីឡូដល់ទៅ ៦៥គ.ក្រ ក្រោយមានស្វាមី និងកូន៣នាក់នោះ ពេលនេះនាងបានសម្រកគីឡូ មកត្រឹម ៤៧គ.ក្រ គឺស្រកដល់ទៅ ១៨គ.ក្រ ដែលធ្វើឲ្យមានរាងស្វែល វិលទៅរកភាពដើមវិញសឹងតែដូចកាលនៅលីវ ។ ទោះជាយ៉ាងណា ការស្រក ១៨គ.ក្រ នេះ អ្នកនាងថិតរដ្ឋា នៅមិនទាន់ចង់បញ្ឈប់ត្រឹមនេះទេ គឺនាងចង់ស្រុកគីឡូថែមទៀត ។

លោកឃុំ ប៉ុណ្ណាដែត ស្វាមីយក់ ថិតរដ្ឋា បានប្រាប់ «នគរធំ» កាលពីរសៀលថ្ងៃ៣ ខែឧសភា ឆ្នាំ២០២៥ ថាលោកអរគុណគ្លីនិកមួយដែលបានជួយឲ្យភរិយាលោកស្រកទម្ងន់ ដល់ទៅ ១៨គ.ក្រ ធ្វើឲ្យនាងមានរាងដែលចង់បានមកវិញ។ លោកប៉ុណ្ណាដែត បន្ថែមថា ប្រពន្ធលោក ត្រូវបានគ្រូពេទ្យជំនាញនៅគ្លីនិកនោះ បានផ្ដល់យោបល់និងណែនាំច្រើន ពីវិធីសម្រកទម្ងន់ ហើយបានលទ្ធផលបែបនេះ ។ ស្វាមីអ្នកនាងរដ្ឋា បន្ថែមថា ភរិយាលោក ក៏តមអាហារច្រើនដែរ រាល់ថ្ងៃនេះ ហើយបើស្រាបៀរ គឺឈប់ផឹកតែម្ដង នៅញ៉ាំតែស្រាវីស្គី ម្ដងម្កាលប៉ុណ្ណោះ ព្រោះស្រានេះ កម្ចាត់ខ្លាញ់ អត់ឡើងគីឡូទេ ។ លោកប៉ុណ្ណាដែត បានឲ្យដឹងដែរថាត្រឹមទម្ងន់ ៤៧គីឡូ នេះ ភរិយាលោកមិនទាន់ពេញចិត្ត ១០០% ទេ ព្រោះនាងចង់ស្រកបាន ២គីឡួទៀត ពោលគឺគាត់ព្យាយាមចង់បានទម្ងន់ត្រឹម ៤៥គ.ក្រ ទើបពេលនេះ តមទាំងអាហារ និងឆ្លៀតហាត់ប្រាណជាប្រចាំ ។

ទោះជា យក់ ថិតរដ្ឋា វិលមករកគីឡូដើមវិញ តែលោកប៉ុណ្ណាដែត ថានាងក៏មានសុខភាពខ្សោយជាងមុនបន្ដិចដែរ ពោលគឺបើកាលនៅធាត់ កម្លាំងពេញ តែពេលស្រកច្រើនគីឡូបែបនេះ ខុសពីមុនតិចតួច ។ លោកប៉ុណ្ណាដែត បានឲ្យដឹងថា អំឡុងពេលដែលភរិយាសម្រកទម្ងន់ច្រើនគីឡូនេះ នាងមានការងារច្រើន ដោយចេញ ច្រៀងតាមបណ្ដា Events ផ្សេងៗ ជាបន្ដបន្ទាប់តែម្ដង ហើយពិសេសក៏ធ្វើជា BA របស់ផលិតផលមួយ ដែលជាអាជីវកម្មថ្មីរបស់លោកដែរ ។

សូមបញ្ជាក់ថា យក់ ថិតរដ្ឋា បានរៀបការជាមួយលោកឃុំ ប៉ុណ្ណាដែត កាលពីឆ្នាំ២០០៥ ដែលចំណងស្នេហា ២០ឆ្នាំនេះ ពួកគេទទួលបានកូន ៣នាក់ គឺកូនប្រុសទី១ ឈ្មោះឃុំ រដ្ឋាណាលីដូ អាយុ១៨ឆ្នាំ, កូនប្រុសទី២ ឈ្មោះឃុំ រដ្ឋាណាលីឌី អាយ្១០ឆ្នាំ និងកូនស្រី ទី៣ ឈ្មោះឃុំ រដ្ឋាណាតាលី អាយុ៥ឆ្នាំ ។

ឆ្លើយតបសំណួរថា តើលោកឃុំ ប៉ុណ្ណាដែត មានគម្រោងយកកូនទី៤ ឬយ៉ាងណា? លោកថា កូន៣នាក់ គ្រប់គ្រាន់ហើយ។ លោកថា ការចិញ្ចឹមកូន នាសម័យនេះ មិនដូចការចំណាយចិញ្ចឹមកូននាសម័យមុន ហេតុនេះលោកគិតថា មានកូនប្រុសពីរនាក់ ស្រីមួយនាក់ លោកនិងភរិយា សមតាមបំណងហើយ អត់ចង់យកថែមទៀតទេ ។          

សូមរំលឹកថា យក់ ថិតរដ្ឋា ធ្លាប់មានបទចម្រៀងល្បីៗជាច្រើន នៅផលិតកម្ម SSB, ហង្សមាស និងថោន ជាដើម ហើយការមមាញឹកឡើងវិញ តាមឆាកតន្រ្ដីនានា ពេលនេះ គេឃើញភាគច្រើននាងរំលឹកអនុស្សាវរីយ៍ចាស់ៗ តាមរយៈការច្រៀង Cover បទខ្លួនឯង។ អ្នកគាំទ្ររបស់ថិតរដ្ឋា ជាច្រើន បានបង្ហាញការពេញចិត្តចំពោះតារាចម្រៀងវ័យ ៤២ឆ្នាំ រូបនេះ ដែលសម្រកបានរាងស្អាតមកវិញ រួចផុតពីគេពេបជ្រាយ បើទោះជាពេលនេះ នាងមានកូន ៣នាក់ទៅហើយក្ដី ប៉ុន្ដែទឹកដមសំឡេងនាង នៅតែដូចដើម ៕

RELATED ARTICLES