Friday, June 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកជី បាក់ជញ្ជាំងទ្រុង ធ្លាក់ជីពេញផ្លូវ

ឡានដឹកជី បាក់ជញ្ជាំងទ្រុង ធ្លាក់ជីពេញផ្លូវ

ភ្នំពេញ ៖ រថយន្តសណ្តោង ១គ្រឿង ដឹកជីកសិកម្ម ម៉ាកអ៊ុយរ៉េ (UREA) រាប់សិបបាវ កំពុងបើកបរសុខៗ ដល់ត្រង់ចំណុចរង្វង់មូលមួយកន្លែង ស្រាប់តែបាក់ជញ្ជាំងទ្រុងម្ខាង បណ្តាលឱ្យធ្លាក់ជី រាប់សិបបាវ រាយប៉ាយពេញផ្លូវ ប៉ុន្តែសំណាងល្អ ពុំបានបណ្តាលឱ្យប៉ះពាល់អ្នកដំណើរណាម្នាក់ បង្កឱ្យមានគ្រោះថ្នាក់នោះឡើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅតាមមហាវិថីឈ្នះ-ឈ្នះ ត្រង់ចំណុចរង្វង់មូលស្ពានអាកាសផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

រថយន្ត ម៉ាក FUSO ពណ៍ស ឆ្នូតពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN-0381 និងសណ្តោងកន្ទុយរ៉ឺម៉កពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 4A-4532 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកជីអ៊ុយរ៉េខាងលើនេះ បានបើកបរធ្វើដំណើរតាមមហាវិថីឈ្នះ-ឈ្នះ ក្នុងទិសដៅពីត្បូង ទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ដោយសារតែផ្ទុកធ្ងន់ពេក បានបាក់ជញ្ជាំងទ្រុងខាងស្តាំ បណ្តាលឱ្យធ្លាក់ជី រាប់សិបបាវ រាយប៉ាយពេពេញផ្លូវតែម្តង ប៉ុន្តែជាសំណាងល្អ មិនបានសង្កត់លើអ្នកដំណើរតាមម៉ូតូ ឬម៉ូតូកង់បី និងរថយន្តធុនតូចជាដើម បង្កឱ្យមានគ្រោះថ្នាក់នោះឡើយ។

ប្រភពដដែល បន្តថា ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះទៅពិនិត្យមើល និងសម្រួលចរាចរណ៍ មិនឱ្យកកស្ទះ។ ចំណែកខាងបុគ្គលិកក្រុមហ៊ុនផ្លូវល្បឿនលឿន បានចុះទៅដែរ ហើយបានឱ្យខាងតំណាងរថយន្តលើកជីដឹកចេញពីកន្លែងកើតហេតុ។

បន្ទាប់មក តំណាងរថយន្តខាងលើ បានយករថយន្តធុនយក្ស ១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-6597 មកដឹកជីនោះ យកទៅរក្សាទុកនៅក្នុងឃ្លាំងស្តុករបស់ខ្លួន៕

RELATED ARTICLES