Thursday, June 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអា.../ចោរព្រហើន លួចលើដងផ្លូវ បើកទ្វាររ៉ឺម៉កឃ្លុប លួចទឹកដោះគោ

អា…/ចោរព្រហើន លួចលើដងផ្លូវ បើកទ្វាររ៉ឺម៉កឃ្លុប លួចទឹកដោះគោ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពលួចបើកទ្វាររ៉ឺម៉កឃ្លុប ១គ្រឿង លួចយកទឹកគោដោះ ចំនួន២កេស ទាំងកណ្តាលថ្ងៃ និងនៅកណ្តាលផ្លូវ ត្រង់ចំណុចភ្លើងស្តុប ១កន្លែង លុះត្រូវបានប្រជាពលរដ្ឋធ្វើដំណើរថតជាប់សកម្មភាព បង្ហោះតាមបណ្តាញសង្គម ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចបាត់។

ករណីអំពើលួចនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤៦នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅលើដងផ្លូវម៉ៅសេទុង ក្រុមទី៩ ភូមិ២ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆេង សុងឡេង ហៅអាខ្វេ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះជុក ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ (កំពុងរត់គេចខ្លួន)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវែលាម៉ោង៤ និង៤៦នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ មានករណីអំពើលួច បានកើតឡើង ដោយមានជនសង្ស័យ ចំនួន២នាក់ ភេទប្រុស បានធ្វើសកម្មភាពលួចបើកទ្វាររ៉ឺម៉កឃ្លុប ១គ្រឿង លួចយកទឹកគោដោះ ចំនួន២កេស ស្ថិតនៅលើដងផ្លូវម៉ៅសេទុង ក្រុមទី៩ ភូមិ២ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតមានករណីខាងលើ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះបើកការស្រាវជ្រាវរហូត ឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះឆេង សុងឡេង ហៅអាខ្វេ នៅចំណុចផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តនីតិវិធី។ ចំណែកឯបក្ខពួកឈ្មោះជុក បានរត់គេចខ្លួនបាត់។

ចំពោះវត្ថុតាងចាប់យក មាន ទឹកដោះគោ ម៉ាក SO NATURAL ចំនួន១៤ប្រអប់ និងទឹកដោះគោម៉ាក ORANIC OAT BEVERAGE ចំនួន១កេស និងកូនកន្ត្រៃដងពណ៌បៃតង ចំនួន១ (ចាប់យកពីឈ្មោះឆេង សុងឡេង ហៅ អាខ្វេ)។

ដោយឡែក ជនរងគ្រោះ ជាម្ចាស់រ៉ឺម៉កកង់បី សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីមកដាក់ពាក្យបណ្តឹង អនុវត្តតាមនីតិវិធី ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាក សួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

RELATED ARTICLES