ភ្នំពេញ ៖ តារាសម្ដែងរូបស្រស់ កញ្ញា ជី បេឡា បានក្លាយជាថៅកែស្រី ហាងសមុទ្រ Bella Seafood នៅផ្លូវ២៣៣ ម្ដុំសាលាសន្ធរម៉ុក ដោយបានធ្វើពិធីសម្ពោធ កាលពីពាក់កណ្ដាលខែឧសភា ឆ្នា២០២៥ ។ បេឡា ឲ្យដឹងថា ការចំណាយដើមទុនក្នុងអាជីវកម្មនេះ អស់ទឹកប្រាក់ច្រើន ហើយនាងចូលហ៊ុនគ្នាជាមួយសង្សារ ។

កញ្ញាបេឡា និងសង្សារ
ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បេឡា មិនប្រាប់ពីទំហំទឹកប្រាក់ដែលនាងបានចំណាយបើកហាង ថាអស់ប៉ុន្មានទេ គ្រាន់តែថា អស់ច្រើន ហើយបើកលក់មួយរយៈខ្លីមកនេះ នាងថាមានអតិថិជនពេញៗ។ នាងថាការបើកហាងលក់គ្រឿងសមុទ្រនេះ ដោយសាតែសង្សារនាងមានជំនាញខាងគ្រប់ គ្រងហាង និងធ្វើចុងភៅ ទើបនាងរកស៊ីផ្នែកនេះ ខណៈដែលរូបនាង អត់ចេះធ្វើម្ហូប ឬជំនាញចុងភៅឡើយ ។

ជី បេឡា វាចា «ខ្ញុំអត់ចេះធ្វើម្ហូបអីទេ តែសង្សារខ្ញុំគាត់ចេះធ្វើម្ហូប គ្រប់គ្រងហាងអីអ៊ីចឹងទៅ។ ហាងនេះចាយលុយអស់ច្រើន មិនដូចរកស៊ីលក់អីវ៉ាន់តាម Online ទេ ហើយបើកចំសេដ្ឋកិច្ចមិនសូវល្អអ៊ីចឹងខ្ញុំក៏មានការបារម្ភដែរ ។ ប៉ុន្ដែការរកស៊ី មិនអាចចាំបានទេ អ៊ីចឹងហើយខ្ញុំមានតែចេញរកស៊ីពេលហ្នឹងសិន ហើយនាពេលខាងមុខ យើងនឹងសិក្សាទៅលើមុខរបរផ្សេងៗទៀត»។

ទាក់ទងរឿងសង្សារ កញ្ញា ជី បេឡា ឲ្យដឹងថា នាងទើបតែទាក់ទងគ្នាបានជិត ១ឆ្នាំប៉ុណ្ណោះ និងគ្មានគម្រោងភ្ជាប់ពាក្យឬរៀបការឆាប់ៗទេ ។ ប៉ុន្តែនាងថា អត់ខ្លាចបញ្ចេញឲ្យគេដឹងថានាងមានសង្សារទេ ព្រោះតែអត់ដឹងថា បើលាក់ទៅ មិនដឹងជាបានការអី។ នាងថា រាល់ថ្ងៃ ប្រឹងរកស៊ីសិន ខណៈដែលការងារសិល្បៈរបស់នាងក៏នៅតែបន្ដជាធម្មតា ។

ជី បេឡា បានប្រឡូកសិល្បៈ កាលពីឆ្នាំ២០១៩ តែបានផ្អាកកន្លះឆ្នាំ ទើបឈានមកបន្ដយ៉ាងសកម្ម រហូតមក ដល់ពេលនេះ ។ បេឡា ថានៅឆ្នាំ២០២៥ នេះមិនទាន់បានថតរឿងថ្មីៗទេ ព្រោះជាប់ដៃរៀបចំនិងគ្រប់គ្រងហាង ។ ប៉ុន្តែការថតរឿងខ្លីៗ (Short Film) និងស្ពត នាងនៅតែចេញថតជារាល់ថ្ងៃ ហើយក៏គ្មានជាប់កុងត្រាខាងក្រុមហ៊ុន ឬផលិតកម្មណាដែរ គឺអាចថតឲ្យខាងណាក៏បាន។

ក្រៅពីស្រីស្រស់ ជី បេឡា នៅឆ្នាំ២០២៥ នេះតារាដែលរកស៊ីបើកភោជនីយដ្ឋាន មានដូចជា លោកព្រាប សុវត្ថិ, សារ៉ាយ សក្ខណា, សឿន ផានផាភួង និងគីម ហួរ ជាដើម ។ សម្រាប់បេឡា ទោះជាពេលនេះមានអាជីវកម្មមួយក្រៅសិល្បៈ ប៉ុន្ដែរូបនាងមិនចោលអាជីពចាស់ទេ ហើយសង្សារនាង ថែមទាំងមិនចេះប្រចណ្ឌទៀតផង នៅពេលដែលនាងលេងស្និទ្ធជាមួយតារាប្រុសផ្សេងៗទៀត ក្នុងឈុតឱបថើប ពិសេសគឺជាមួយលោក ណម ។

តាមប្រភពបានឲ្យដឹងថា ការដែលតារាសិចស៊ី ជី បេឡា ហ៊ានឱបថើបសង្សារ ជាសាធារណៈ នាពេលនេះ ដោយសាតែនាងច្បាស់លាស់ជាមួយបុរសនោះ ១០០% ទៅហើយទោះជាទើបបង្កាត់ភ្លើងស្នេហាជាមួយគ្នា រយៈពេលខ្លី ។ ប៉ុន្ដែរឿងដែលសំខាន់ ស្រីស្រស់បេឡា មិនចង់ឲ្យតាតា ដែលសម្បូរដុល្លារ តាមញ៉ែរំខាននាងទៀតទេ ហេតុនេះវិធីទប់ស្កាត់អ្នកចង់ឆ្មក់ស្នេហាលើនាងនោះ គឺមានតែបង្ហាញសង្សារ ជាចំហបែបនេះ ទើបលែងមានអ្នកតាមដាក់អន្ទាក់ស្នេហ៍នាងទៀត ៕
