ភ្នំពេញ ៖ តារារ៉េបល្បី លោកម៉ាន់ វណ្ណដា ត្រូវបានសង្សារសំណព្វចិត្ត នាងឡូរីន (Lauryn) ចាប់ឱបថើបយ៉ាងស្អិតល្មូតក្នុងឈុតដែលនាងលេងខ្លូនសិចស៊ីនៅមាត់សមុទ្រ ស្លៀកឈុតប៊ីគីនី ។ វណ្ណដា ពេញចិត្តសង្សារខ្លាំងណាស់ ដោយលើកបីត្រកងម្ចាស់ស្នេហ៍ ដើរលេងលើឆ្នេខ្សាច់ នាពេលរាត្រី ដែលមើលទៅពិតជារ៉ូមែនទិក។

ការបង្ហាញភាពស្អិតល្មូតរបស់វណ្ណដា និងសង្សារនេះ បន្ទាប់ពីតារារ៉េប រូបនេះ ទើបតែទិញរថយន្ដម៉ាកឡាំបូគីនី (Lamborghini) URUS 2022 តម្លៃជាង ៣០ម៉ឺនដុល្លារ និងផ្ទះទ្រនំស្នេហ៍ មួយល្វែងផងដែរ ។ ការចំណាយមួយប្រាវនេះ វណ្ណដា ជះលុយមិនក្រោម ៥០ម៉ឺនដុល្លារទេ ទៅលើរថយន្ដ និងផ្ទះ ប៉ុន្ដែដំណឹងរៀបការជាមួយសង្សារ នៅតែគ្មានស្រមោល បើទោះជាក្រុមគ្រួសារទាំងសងខាង បានដឹងឮ ហើយគាំទ្រស្នេហាពួកគេយ៉ាងពេញទំហឹងក៏ដោយ។

សូមបញ្ជាក់ថា វណ្ណដា មុនជិះរថយន្ដ Lamborghini URUS 2022 លោកជិះ Ford Everest តែរាល់ពេលទិញឡានថ្មី តារារ៉េប រូបនេះ តែងតែបញ្ជាក់ថា រូបគេមិនដែលបង់រំលស់ទេ គឺបង់ផ្ដាច់តែម្ដង។ ការលេងម៉ូដ រថយន្ដ Lamborghini នៅឆ្នាំ២០២៥ របស់វណ្ណដា គឺដូចគ្នាទៅនឹងតារាចម្រៀង ងួន ចាន់ដាវិត ហៅជីដេវីត ដែលជិះរថយន្ដម៉ាកនេះដែរ គ្រាន់តែវណ្ណដា ជិះឡានខ្ពស់ ដេវីត ជិះឡានទាប ទើបមានការលើកឡើងនៅលើបណ្ដាញសង្គមថា «អ្នកទាប ជិះឡានខ្ពស់ អ្នកខ្ពស់ ជិះឡានទាប»។ តាមរយៈការជិះរថយន្ដម៉ាកដូចគ្នា និងតម្លៃប្រហាក់ប្រហែលគ្នានេះ គេជឿថា អ្នកកាំទ្រ (Fan) របស់ដេវីត នឹងលែងបង្អាប់វណ្ណដា ថាមិនមានលុយទិញឡានថ្លៃ ឬថាជួលឡានគេជិះទៀតនោះជាមិនខាន ។ ប៉ុន្ដែគេរង់ចាំមើលថា តើវណ្ណដា នឹងហ៊ានលេងម៉ូដខោអាវថ្លៃៗ និងនាឡិកា ៣០ម៉ឺនដុល្លារ ដូចដេវីត ដែរឬអត់ ព្រោះតាមព័ត៌មានថា ស្វាមីបូព្រឹក្ស ពាក់ខោអាវសុទ្ធតែតម្លៃរាប់ពាន់ ឬម៉ឺនដុល្លារ ជាសម្លៀកបំពាក់ម៉ាកល្បីៗពីបរទេស ខណៈដែលវណ្ណដា ស្លៀកពាក់យ៉ាងសាមញ្ញបំផុត។

គួរកត់សម្គាល់ថា គិតមកដល់ឆ្នាំ២០២៥ នេះវណ្ណដា និងងួន ចាន់ដាវិត នៅតែជាតារារ៉េប លំដាបជូរមុខគេ មិនទាន់មានតារារ៉េប ណាផ្ដួលបានទេ បើទោះជាមុននេះ វណ្ណដា បានបាត់បង់ដៃស្ដាំរបស់ខ្លួន គឺលោកសង្ហា រត់ទៅចូល Galaxy ក៏ដោយ។ ប្រភពបានឲ្យដឹងថា វណ្ណដា ក្រៅពីរកប្រាក់ចំណូលបានច្រើនពីអាជីពចម្រៀង ក្នុង១ឆ្នាំៗនោះ រូបគេត្រូវប៉ាន់ស្ពតធំៗ ហេតុនេះហើយបានជាមានលុយទិញផ្ទះ និងឡានទំនើប ចំពេលដែលតារាមួយចំនួន កំពុងតែជួបវិបត្តិសេដ្ឋកិច្ច រហូតមានខ្លះត្អូញចង់ដាច់បាយទៀតផង ។ ប៉ុន្ដែទោះជាឆ្នាំនេះ វណ្ណដា សម្រេចបំណងធំ ទិញឡានថ្លៃ និងផ្ទះដែលខ្លួនស្រលាញ់ តែដំណឹងដឹកដៃសង្សារ ចូលរោងការ នៅតែអត់ស្រមោលដដែល ខណៈដែលដេវីត ត្រៀមរៀបការនៅថ្ងៃទី៧ ខែមិថុនា នេះហើយ ដោយបានយកធៀបការទៅអញ្ជើញវណ្ណដា រួចហើយទៀតផង ។

ប្រភពបានឲ្យដឹងថា វណ្ណដា តែងតែគាំទ្រសង្សាររបស់ខ្លួនជានិច្ច ទោះជាពេលខ្លះLauryn ស្លៀកពាក់ស៊ិចស៊ី បញ្ចេញគល់សុដន់ និងគល់ភ្លៅយ៉ាងណាក៏ដោយ ប៉ុន្តែវណ្ណដា មិនមានគម្រោងបង្រៀនសង្សារ ឲ្យចេះច្រៀងរ៉េប ដូចដេវីត បង្រៀនទេព បូព្រឹក្ស នោះទេ ។

គួររំលឹកដែរថា វណ្ណដា មុនចាប់ដៃ Lauryn លោកក៏ធ្លាប់ប្រេះឆាស្នេហ៍នាង Nam ផងដែរ តែស្នេហាថ្មីនេះ វណ្ណដា ត្រូវបានឪពុកម្ដាយលោកពេញចិត្តខ្លាំង និងជំរុញឲ្យតែឆាប់រៀបការទៀតផង។ សម្រាប់ឡូរីន តែងតែដើរតាមសង្សារ ទាំងក្នុងនិងក្រៅស្រុក ហើយតាមព័ត៌មានថា ការតែងខ្លួនរបស់នាង គឺធ្វើទៅតាមវណ្ណដា ចូល ចិត្ត ពោលគឺនាងផ្គាប់ចិត្តសង្សារគ្រប់ពេល ៕

