ខេត្តកំពង់ស្ពឺ ៖ យុវជន២នាក់ កំពុងឈប់ម៉ូតូទិញមាន់អាំង ស្រាប់តែលេចមុខក្មេងទំនើង ២នាក់ ប្រដាប់ដោយសោដែក ជិះម៉ូតូដឹកគ្នាមកដល់ ធ្វើសកម្មភាពវាយយុវជនម្នាក់ បណ្តាលឱ្យបែកក្បាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ទាំង២នាក់ បានជិះម៉ូតូគេចខ្លួនបាត់ ដោយក្នុងនោះ ជនដៃដល់ម្នាក់ បានរត់ទៅសម្ងំដេកនៅសណ្ឋាគារ មួយកន្លែង អស់រយៈពេល៦ថ្ងៃ ក៏ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់ ខណៈបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួន។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចកន្លែងលក់មាន់អាំង ម្តុំថ្នល់បំបែក ស្ថិតក្នុងភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច។ រហូតមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនដៃដល់បានម្នាក់ នៅចំណុចក្នុងសណ្ឋាគារ សៀងហៃ ស្ថិតនៅក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ឹម លីហ៊ួ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងក្រឡឹង ឃុំឃុំគិរីវ័ន ស្រុកភ្នំស្រួច។ ចំណែកបក្ខពួកម្នាក់ទៀត មិនស្គាល់អត្តសញ្ញា ណ កំពុងរត់គេចខ្លួន។ ដោយឡែកជនរងគ្រោះ មានឈ្មោះឈឹម ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្រាំងបឹង ឃុំតាំងសំរោង ស្រុកភ្នំស្រួច។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកភ្នំស្រួច បានទទួលពាក្យបណ្តឹងពីឈ្មោះឈីម ចិត្រា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្រាំងបឹង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយក្នុងពាក្យបណ្តឹង បានរៀបរាប់ថា កាលពីវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ រូបខ្លួន (ជនរងគ្រោះ) និងមិត្តភក្តិ ឈ្មោះព្រុំ វីន ភេទប្រុស អាយុ២១ឆ្នាំ ដែលរស់នៅភូមិជាមួយគ្នា បានជិះម៉ូតូ ១គ្រឿង ចេញពីហូបបុកល្ហុង នៅភូមិក្រាំងប្រស្រុក ឃុំគិរីវ័ន សំដៅទៅផ្ទះ។ លុះពេលជិះដល់ចំណុចថ្នល់បំបែក ស្ថិតក្នុងភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច បានឈប់ម៉ូតូចុះទិញមាន់អាំង ដើម្បីយកទៅផ្ទះ ស្រាប់តែពេលកំពុងអង្គុយចាំយកមាន់អាំង លេចមុខជនសង្ស័យចំនួន២នាក់ ទី១-ឈ្មោះស៊ឹម លីហ៊ួ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិត្រពាំងក្រឡឹង ឃុំឃុំគិរីវ័ន ស្រុកភ្នំស្រួច និងម្នាក់ទៀតមិនស្គាល់ឈ្មោះ បានជិះម៉ូតូ ១គ្រឿង មិនចាំម៉ាក មកពីទិសខាងជើង បានមកឈប់ក្បែរពួកខ្លួន រួចបានយកសោដែក សម្រាប់ដោះម៉ូតូ មកវាយទៅលើខ្លួន (ឈីម ចិត្រា) ត្រូវចំដៃខាងឆ្វេង និងក្បាល បណ្តាលឱ្យបែកហូរឈាម រងរបួសធ្ងន់។ លុះពេលធ្វើសកម្មភាពវាយរួច ក្រុមជនសង្ស័យដៃដល់ទាំងពីរនាក់ខាងលើ បានជិះម៉ូតូត្រឡប់ទៅ ទិសខាងជើងវិញបាត់ទៅ។ ចំណែកខ្លួន (ជនរងគ្រោះ) ត្រូវបានមិត្តភក្តិឈ្មោះព្រុំ វីន ដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង។
ប្រភពដដែល បន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ នៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដោយមានបញ្ជាពីលោកស្នងការ ហើយលោកស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌស្រាល សហការជាមួយកម្លាំងអធិការនគរបាល ស្រុកភ្នំស្រួច និងកម្លាំងនគរបាលស្រុកគិរីសាគរ នៃខេត្តកោះកុង បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះស៊ឹម លីហ៊ួ នៅចំណុចក្នុងសណ្ឋាគារ សៀងហៃ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយដកហូតម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KQ-3479 ប្រគល់ឱ្យការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីសាកសួរ។

បន្ទាប់មក នៅវេលាម៉ោង៨និង៣៨នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចបានបន្តទៅដកហូតវត្ថុតាង (សោលេខ២៤) ដែលធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ នៅចំណុចភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច។ ចំណែកបក្ខពួកជនដៃដល់ដែលរត់គេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕