ភ្នំពេញ ៖ អតីតតារាភាពយន្តល្បីឈ្មោះ លោកយុត្ថារ៉ា ឆានី ដែលបច្ចប្បន្នបានប្តូរអាជីពជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំ បានសម្តែងនូវការឈឺចាប់ សោកស្តាយចំពោះការបាត់បង់ជីវិតរបស់កងទ័ពកម្ពុជា ដែលឈរជើងនៅចំណុចព្រំដែនកម្ពុជា-ថៃ មុំបី ដែលត្រូវទាហានអាវខ្មៅថៃ លួចឆ្មក់បាញ់ប្រហារមកលើលេណដ្ឋាន កាលពីព្រឹកថ្ងៃទិ២៨ ខែឧសភា ឆ្នាំ២០២៥ នោះ ដោយអតីតតារាភាពយន្តរូបនេះ បានថ្លែងថា លោកឈឺចាប់ខ្លាំងណាស់ចំពោះចោរអប្រិយដែលមកបំពានប្រហារដល់ផ្ទះ ហើយចិត្តជាកូនប្រុស បើរូបលោកអាចប្តូរជីវិតឲ្យពូជចោរវិនាសបាន លោកសុខចិត្តប្តូរ និងសូមឲ្យខ្មែរ សាមគ្គីគ្នា ដើម្បីភាពសុខសាន្តនិងឈ្នះអស់មារសត្រូវ។

លោកយុត្ថារា ឆានី បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ថា «នៅក្នុងគ្រួសារមួយដ៏ស្លូតត្រង់ ស្មោះត្រង់ មិនដែលបំពានអ្នកណា ក៏តែងព្យាយាមរក្សាសន្តិភាព មិត្តភាព ប៉ុន្តែបើត្រូវចោរឈ្លានពាន ប្រហារដល់ផ្ទះ តើបងប្អូនណា ឪពុកម្តាយណាមិនខឹង មិនឈឺចាប់ មិនខ្លោចផ្សា? ខ្ញុំជឿជាក់ថា ចិត្តជាឪពុកម្តាយឈឺចាប់បំផុត ប៉ុន្តែការសម្រេចចិត្ត គឺត្រូវតែមានទំនួលខុសត្រូវខ្ពស់បំផុត និងស្វែងរកដំណោះស្រាយដ៏មានប្រសិទ្ធភាព»។

លោកយុត្ថារា ឆានី បានបន្តថា «សូមបងប្អូនទុកចិត្តរដ្ឋាភិបាលនិងកងទ័ពយើង✅ ប្រមុខដឹកនាំ កាយនៅជប៉ុន តែចិត្តបេះដូងនៅព្រំដែនខ្មែរ, សម្តេចតេជោ បទពិសោធ៍ចាស់វស្សា មានមនោសញ្ចេតនា តែមិនស្លូតទេ យុទ្ធសាស្ត្ររាប់មិនអស់ សត្រូវខ្លាចញញើតណាស់✅ មេទ័ពខ្មែរ មេបញ្ជាការចុះផ្ទាល់ អង់អាចក្លាហាន យុទ្ធសាស្ត្រ បទពិសោធន៍ច្បាស់ការណ៍.. ត្រូវចរចាក៏ចរចា, ត្រូវចូលក៏ចូល មិនចេះរួញរា»។
លោកយុត្ថារា ឆានី បន្តទៀតថា «ជាបងប្អូនរួមជាតិ រួមពូជ រួមឈាមតែមួយ ចោរសៀម មកបំពានប្រហារដល់ផ្ទះ ខ្ញុំឈឺចាប់នឹងការប្រមាថនេះណាស់បងប្អូន ចិត្តជាកូនប្រុស បើខ្លួនខ្ញុំអាចប្តូរជីវិតឲ្យពូជចោរវិនាសបាន ខ្ញុំសុខចិត្តប្តូរ! សូមឲ្យខ្មែរសាមគ្គី សុខសាន្ត និងឈ្នះ»។
គួរបញ្ជាក់ថា ការលើកឡើងបង្ហាញនូវការឈឺចាប់របស់អតីតតារាភាពយន្ត លោកយុត្ថារា ឆានី ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីយោធិនកម្ពុជា មួយរូប ឈរជើងនៅចំណូចព្រំដែនកម្ពុជា-ថៃ មុំបី ក្នុងភូមិមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានទាហានអាវខ្មៅថៃ បាញ់ប្រហារ កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ពាក់ព័ន្ធករណីនេះ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា ទាហានថៃ បានបាញ់ប្រហារមុន មកលើលេណដ្ឋានរបស់កងទ័ពកម្ពុជា បណ្តាលឱ្យទ័ពកម្ពុជា ម្នាក់ បាត់បង់ជីវិត ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា ចុះថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពយើងម្នាក់ ។ ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជា ចង់បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញ ឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត»។

ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ «កម្ពុជា ប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ កម្ពុជា ប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។ ក្នុងន័យនេះ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជនទាំងអស់ មេត្តាកុំជឿ និងផ្សព្វផ្សាយនៅតាមបណ្តាញទំនាក់ទំនងសង្គម នូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែន ឱ្យមានអស្ថិរភាពនិងអសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ដូចជារបស់ប្រទេសជាតិទាំងសងខាង។ ក្រសួងការពារជាតិ ក៏សូមស្នើឱ្យសាធារណជនទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ជាពិសេសការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ»៕ ខៀវទុំ
