ភ្នំពេញ ៖ ដូចរាល់ឆ្នាំដែរ លី ម៉ារីណា មិនដែលភ្លេចធ្វើខួបកំណើតរបស់ខ្លួននោះទេ គឺនៅឆ្នាំនេះ នាងបានធ្វើពិធីជប់លៀងទ្រង់ទ្រាយធំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ គម្រប់អាយុ៤៤ឆ្នាំ ។ ប៉ុន្ដែខួបកំណើតលើកនេះ ម៉ារីណា បានយកកូនប្រុសនាង ឈ្មោះសាត ថៃសាន់ និងកូនស្រីប្ដី កញ្ញាច័ន្ទ សាន់តាណា មកចូលរួមដែរ ។

ស្វាមីលី ម៉ារីណា លោកទៀង ច័ន្ទសារ បានចេញសាទៅភរិយា នៅថ្ងៃខួបកំណើតថា «ដួងចិត្តប្ដីតែម្នាក់គត់» ។

អ្នកនាងលី ម៉ារីណា និងស្វាមី
តារារួមអាជីពដែលទៅចូលរួមខួបកំណើតលី ម៉ារីណា បានខ្សឹបខ្សៀវគ្នាថា ពួកគេទៅខួបម៉ារីណា លើកទី១០០ ដែលការលើកឡើងបែបនេះ ដោយសាតែឃើញលី ម៉ារីណា ធ្វើខួបកំណើតនាងនិងកូនប្រុស មិនដែលខានមួយឆ្នាំឡើយ ខណៈដែលកាលពីថ្ងៃទី៥ ខែមីនា ស្វាមីនាង លោកទៀង ច័ន្ទសារ ក៏បានធ្វើខួបកំណើតគម្រប់៥៥ឆ្នាំដែរ ។ យ៉ាងណា តារាដែលជិតស្និទ្ធជាមួយម៉ារីណា ពួកគេនៅតែទៅចូលរួមខួបកំណើតនាងដូចរាល់ឆ្នាំ បើទោះជាពេលខ្លះរអ៊ូថា ធ្វើខួបញឹកជាងតារាផ្សេងទៀតក្ដី ។

អ្នកនាងលី ម៉ារីណា និងកូនប្រុសសាត ថៃសាន់
សូមបញ្ជាក់ថា លី ម៉ារីណា បានក្លាយជាភរិយាលោកទៀង ច័ន្ទសារ អធិការនគរបាល ខណ្ឌដូនពេញ រយៈពេល ១ឆ្នាំកន្លះហើយ តែពេលនេះ បំណងពពោះកូនភ្លោះ នៅតែមិនទាន់បានសម្រេចទេ ។ ម៉ារីណា នៅតែបន្ដអាជីពចាស់ តែនាងថា ក្នុង១ឆ្នាំ ទទួលថតភាពយន្ដ តែមួយរឿងប៉ុណ្ណោះ ដើម្បីទុកពេលវេលារកស៊ី ។ ភរិយាលោកអធិការរូបនេះ ក៏នៅតែចេញមុខLive លក់អីវ៉ាន់ តាម Online ដដែល ព្រោះនាងចង់មានប្រាក់ចំណូលខ្លួនឯង អត់ចាយលុយប្ដីទាំងស្រុងឡើយ ។

អ្នកនាងលី ម៉ារីណា និងកញ្ញាច័ន្ទ សាន់តាណា
តារារួមអាជីព បានបង្ហើបថា លី ម៉ារីណា ពូកែចងចិត្តស្វាមីខ្លាំងណាស់ ពោលគឺនាង ជំនាញធ្វើម្ហូបដែលប្ដីចូលចិត្ត ហេតុនេះហើយ លោកអធិការ ទោះជារវល់ខាងក្រៅយ៉ាងណា ក៏កម្រចោលបាយផ្ទះណាស់ ។ ប៉ុន្តែម៉ារីណា ប្រាកដជាត្រូវប្ដីស្រលាញ់ជាងនេះទ្វេដងជាមិនខាន បើនាងជោគជ័យពពោះកូនដំបូងឲ្យស្វាមី នៅឆ្នាំ២០២៥ បន្ទាប់ពីខកខានឆ្នាំ២០២៤ ។ ដោយឡែកទាក់ទងរឿងការធ្វើខួបកំណើតរាល់ឆ្នាំនេះ តាមព័តមានថា តាំងពីមុនម៉ារីណា រៀបការជាមួយលោកច័ន្ទសារ ដែលខួបកំណើតនាង ស្វាមីជាអ្នកចេញលុយឲ្យទាំងអស់ ។

លី ម៉ារីណា បង្ហាញពីក្ដីសុខសុភមង្គល បន្ទាប់ពីរៀបការស្វាមីថ្មីរួច ហើយជាញឹកញាប់នាងតែងតែចេញសារសរសើរគុណសម្បត្តិប្ដី លើបណ្ដាញសង្គម ។ ចំណែកលោកច័ន្ទសារ ឃើញម៉ារីណា ស្រលាញ់កូនស្រីភរិយាដើមលោក ដូចកូនបង្កើតនោះ លោកមានភាពកក់ក្ដៅខ្លាំង ខណៈដែលលោកក៏ធ្លាប់ឈរទទួលភ្ញៀវ ថ្ងៃខួបកូនដើមម៉ារីណា ដែរ ពោលគឺស្រលាញ់កូនដើមប្រពន្ធ ដូចភរិយាស្រលាញ់កូនលោកដែរ ។

ក្រៅពីលី ម៉ារីណា តារាដែលយកប្ដីជាបុរសពោះម៉ាយ មានដូចជា អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន, ឱក សុគន្ធកញ្ញា និងស៊ឹម សូលិកា ជាដើម ៕

