Sunday, June 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូផ្ញើនៅពេទ្យ ទៅយក ជា---/ប់ខ្នោះ

លួចម៉ូតូផ្ញើនៅពេទ្យ ទៅយក ជា—/ប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច រួចយកទៅផ្ញើទៅមន្ទីរពេទ្យ ដោយមិនដឹងថាម៉ូតូមានភ្ជាប់ប្រព័ន្ធតាមដាន GPS លុះជនសង្ស័យមកយកម៉ូតូចេញពីកន្លែងផ្ញើ ក្នុងមន្ទីរពេទ្យ ក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់ក្របួចជាប់តែម្តង។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ រហូតមកដល់វេលាម៉ោង៦ព្រលប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចចំណតម៉ូតូមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះយួន ពិសិដ្ឋ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាក Zoomer-X ពណ៌សលាយពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៧ ជារបស់ជនរងគ្រោះឈ្មោះមាស ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះមាស ចំរើន ស្តីពីករណីបាត់ម៉ូតូ ម៉ាក Zoomer-X ពណ៌សលាយពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៧ (ភ្ជាប់ប្រព័ន្ធ GPS) កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងបានប្រទះឃើញម៉ូតូចតនៅចំណតផ្ញើម៉ូតូ មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់ទីតាំងផ្ញើម៉ូតូ របស់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងធ្វើវិធានការស្រាវជ្រាវឃ្លាំមើល រហូតដល់វេលាម៉ោង៦ព្រលប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្រាប់តែឃើញមានជនសង្ស័យម្នាក់ឈ្មោះយួន ពិសិដ្ឋ បានទៅយកម៉ូតូ នៅកន្លែងផ្ញើម៉ូតូខាងលើ ពេលនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទៅយកម៉ូតូខាងលើពីកន្លែងផ្ញើម៉ូតូរបស់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ប្រាកដមែន តែថាម៉ូតូនោះជាម៉ូតូ អ្នកស្គាល់គ្នា ឈ្មោះស្នា ប្រើឱ្យខ្លួនទៅយកនៅមន្ទីរពេទ្យ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES