ភ្នំពេញ ៖ តារាបង្ហាញម៉ូដ វិវត្តខ្លួនទៅជាតារាភាពយន្ដ ស្រីស្អាត សាន់ យ៉ានិច្ច បានឲ្យដឹងថា នាងមានបងស្រី រស់នៅប្រទេសអេស្បាញ ហើយចង់ឲ្យនាងយកស្វាមី ជាជនជាតិអេស្ប៉ាញ និងរស់នៅទីនោះដែរ ប៉ុន្ដែនាងថា កុំថាឡើយយកប្ដីអេស្ប៉ាញ សូម្បីតែទៅលេងប្រទេសអេស្ប៉ាញ ក៏នាងមិនចង់ដែរ ដោយមូលហេតុប្រទេសនោះ នៅឆ្ងាយពេក ពិបាកជិះយន្ដហោះណាស់ ខណៈដែលកន្លងមក នាងធ្លាប់បានទៅត្រឹមប្រទេសកូរ៉េ ។កញ្ញា យ៉ានិច្ច បញ្ជាក់ថា នាងគ្មានផែនការភ្ជាប់ស្នេហាជាមួយបុរសអេស្ប៉ាញ នោះទេ ខណៈដែលកន្លងមកក៏មានបុរសអាណិកជនខ្មែរនៅក្រៅប្រទេសញ៉ែដែរ តែអត់មានទំនាក់ទំនងគ្នាច្បាស់លាស់ឡើយ ។ យ៉ានិច្ច អះអាងថា បច្ចុប្បន្ន នាងនៅទំនេរ អត់សង្សារ ហើយក៏គ្មានប្ដីដែរ ។

សាន់ យ៉ានិច្ច អាយុ២៨ឆ្នាំ កម្ពស់១,៦៨ ម៉ែត្រ ទម្ងន់៦០គ.ក្រ បានធ្វើជាតារាបង្ហាញម៉ូដ តាមបណ្ដាកម្មវិធីផ្សេងៗជាច្រើនឆ្នាំ គឺទើបតែនៅចុងឆ្នាំ២០១៩ នាងបានឈានចូលថតភាពយន្ដ ជាតួឯកដំបូង ក្នុងរឿង «ស្នេហ៍លាងគំនុំ» និងថតរឿងទី២ ជាភាពយន្ដបែបុរាណ តែផលិតករឲ្យលាក់ឈ្មោះរឿង និងថ្មីៗនេះ ទើបថតបញ្ចប់ រឿង «ប្ដីខ្ញុំជូនឲ្យនាង» របស់ស្ាថនីយទូរទស្សន៍ PNN ។

ឆ្លើយតបសំណួរថា តើកញ្ញា យ៉ានិច្ច ហ៊ានថតស៊ិចស៊ីដូច ហ្វា ហ្វា ឬអត់ ដើម្បីឲ្យឆាប់ល្បីឈ្មោះ? យ៉ានិច្ច បញ្ជាក់ថា បើថតត្រឹមល្មមៗ នាងហ៊ាន តែបើខ្លាំងដៃពេក នាងមិនប្រថុយឡើយ ។ យ៉ានិច្ច ថាការលេងឈុតថើប ឬប្លង់ខ្លះមើលទៅរោលរាលខ្លាំងនោះ តាមពិត មួយផ្នែកជាបច្ចេកទេសរបស់អ្នកដឹកនាំសម្ដែង មិនមែនលេងឆៅៗដូចគេមើលឃើញឡើយ ហើយនាងឆ្លងកាត់ការថតភាពយន្ដ ទាំង៣រឿងនោះ ទទួលបានបទពិសោធន៍គួរសម ។ ចំណែកតារារៀមច្បង ជា Idol របស់នាង គឺលោកទេព រិន្ទដារ៉ូ ។

សាន់ ស្រីនិច្ច វាចាថា «ខ្ញុំធ្លាប់ថតជាមួយប៉ា រ៉ូ (ទេព រិន្ទដារ៉ូ) គាត់បានជួយប្រាប់តិចនិកខ្ញុំច្រើន ពីរបៀបថត ធ្វើម៉េចឲ្យឆាប់ចាំប៉ារូល និងមិនខ្លាចកាមេរ៉ា ។ ប៉ា រ៉ូ គាត់ថើបខ្ញុំតែក្នុងសាច់រឿងទេ តែនៅខាងក្រៅវិញ គាត់គោរពសិទ្ធិយើងណាស់ មិនដែលកេងចំណេញលើយើងទេ តែខ្ញុំឯណេះតើ ដែលបន់ឲ្យតែគាត់កេងចំណេញមកលើ (សើច)។ កាលខ្ញុំជាអ្នកដើរម៉ូដ អត់ទាន់ថតកុន ខ្ញុំថាមិនចង់ថតរឿងទេ ព្រោះហត់ណាស់ ប្លង់ខ្លះដល់យប់ជ្រៅទៀត ។ ប៉ុន្ដែក្រោយមក ទើបខ្ញុំប្ដូរចិត្តថា វិស័យភាពយន្ដ ល្អ ព្រោះជាការជួបគ្នារវាងតារារៀមច្បង និងសិស្សប្អូន ហើយក្នុងនាមជាតារាសម្ដែងអាជីពម្នាក់ ខ្ញុំចង់លេងឲ្យបានគ្រប់រសជាតិ ទាំងតួកាចឆ្នាស កម្សត់ទឹកភ្នែក និយាយទៅ ឲ្យតែអ្នកដឹកនាំរឿងចង់បាន ឲ្យធ្វើអី យើងអាចធ្វើបានទាំងអស់ ។ ប៉ុន្តែទាក់ទងការថតឈុតសិចស៊ីវិញ បើត្រឹមល្មមៗ មិនរោលរាលខ្លាំង ខ្ញុំអាចថតបាន»។

សាន់ យ៉ានិច្ច បង្ហើបថា នាងចង់ភ្លក្សរសជាតិថតជាតួខ្មោចផងដែរ បើទោះជាបានដឹងថា ការលេងតួមួយនេះ មិនមែនជារឿងងាយស្រួល ព្រោះឈុតភាគច្រើន នៅក្នុងព្រៃ និងចុងឈើ តែម្នាក់ឯង ហើយពេលខ្លះ រាសីល្អ មិនអីទេ តែបើរាសីដាក់វិញ គឺប្រាកដជាពិបាកប្រឈមជាមិនខាន ។ ប៉ុន្តែយ៉ាងណា ស្រីស្រស់ថា នាងនៅតែចង់សាកលេងរឿងខ្មោច ឲ្យតែផលិតករតម្រូវ។

ថ្វីដ្បិតតែ សាន់ យ៉ានិច្ច គ្រវីក្បាល មិនចង់យកប្ដីជនជាតិអេស្ប៉ាញ តាមសំណើបងស្រី ដោយលើកហេតុផលថា ពិបាកជិះយន្ដហោះ ផ្លូវឆ្ងាយពេក ប៉ុន្ដែមានតារាជាច្រើនដួងមកហើយ ដែលយកប្ដីជាជនបរទេស ក្នុងនោះមានដូចជា អ្នកនាងហ៊ាប រ៉ាឌី, ផូ មុន្នីពៅ, អេដា, កុយ អេណា, អឿន ដាលីស និងរ៉េត សារីតា ជាដើម ៕



