ខេត្តបន្ទាយមានជ័យ ៖ ត្រីទីឡាព្យ៉ា (ឡាប់យ៉ា) ១រថយន្ត ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ បម្រុងយកទៅចែកចាយលក់នៅលើទីផ្សារកម្ពុជា តែត្រូវបានមន្ត្រីជំនាញជលផលថ្នាក់ជាតិ ចុះធ្វើការបង្ក្រាបដោយផ្ទាល់ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លើកំណាត់ផ្លូវជាតិលេខ៥៨ ផ្លូវស្របតាមព្រំដែន ស្ថិតក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

តាមប្រភពមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ បានឱ្យដឹងកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ថា រថយន្តដឹកត្រីនេះ ជាប្រភេទរថយន្តម៉ាកតូយ៉ូតា កាមរីកែច្នៃ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2C-0865 ត្រូវបានឃាត់អូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផល កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីមន្ត្រីជំនាញជលផលថ្នាក់ជាតិ ចុះបង្ក្រាបដោយផ្ទាល់ លើកំណាត់ផ្លូវជាតិលេខ៥៨ ទិសដៅពីស្រុកម៉ាឡៃ ឆ្ពោះមកកាន់ផ្លូវជាតិលេខ៥ សំដៅឆ្លងកាន់ខេត្តបន្ទាយមានជ័យ បន្តទៅខេត្តផ្សេងទៀត នៅជុំវិញបឹងទន្លេសាប។

មន្ត្រីជំនាញជលផលខេត្តបន្ទាយមានជ័យ បានបន្តថា ករណីនេះ គឺជាករណីដែលថ្នាក់ជាតិ ចុះដោយផ្ទាល់ ដោយខណ្ឌជលផល គ្រាន់តែបានចូលរួមសហការប៉ុណ្ណោះ។ ចំពោះនីតិវិធីលើការផាកពិន័យ ឬធ្វើការចាត់ចែងយ៉ាងណានោះ លោកពុំទាន់ទទួលបាននៅឡើយ ដោយគ្រាន់តែដឹងថា ត្រីក្នុងរថយន្ត ជាត្រីទីឡាព្យ៉ា ហៅឡាប់យ៉ា នាំចូលពីក្រៅប្រទេស។

តាមមន្ត្រីជលផលថ្នាក់ជាតិ បានឱ្យដឹងថា ត្រីខាងលើ ជំនាញនឹងធ្វើការផាកពិន័យតាមច្បាប់ជលផល តែបើតាមប្រភពដែលទទួលបាន ត្រីខាងលើ ត្រូវបាននាំចូលពីប្រទេសថៃ តាមច្រកតំបន់ម៉ាឡៃ ដោយឆ្លងកាត់មន្ត្រីជំនាញជាច្រើន ប្រចាំច្រក ដូចជា គយនិងគណៈ កម្មការច្រកទ្វារ ជាដើម។ មួយរយៈនេះ ឈ្មួញបានសម្រុកនាំចូលត្រីក្លាស្សេ ពីប្រទេសថៃ រួមមាន ត្រីប្រា ត្រីកន្ធរ ខ្លះមានច្បាប់ និងខ្លះអត់ច្បាប់ ដើម្បីបន្តយកទៅចែកចាយលក់នៅតាមខេត្តជុំវិញបឹងទន្លេសា៕


