Friday, May 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់សិស្សបង្ហោះម៉ូតូ ពិន័យលាងបង្គ---/ន់

ចាប់សិស្សបង្ហោះម៉ូតូ ពិន័យលាងបង្គ—/ន់

ខេត្តកណ្តាល ៖ ក្មេងទំនើងបង្ហោះម៉ូតូ មួយក្រុម ត្រូវបាននគរបាលស្រុកស្អាង ឃាត់ខ្លួនយកមកអប់រំ ធ្វើកិច្ច សន្យា រយៈពេល៤៨ម៉ោង នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដោយដាក់ពិន័យឱ្យលាងបន្ទប់ទឹក និងធ្វើអនាម័យជុំវិញអធិការដ្ឋាន រួចទើបអនុញ្ញាតឱ្យត្រឡប់ផ្ទះវិញ។ ចំណែកម៉ូតូ ត្រូវបានដកហូតទុករយៈពេល៣ខែ ជាការព្រមាន។

ការឃាត់ខ្លួនក្រុមស្ទាវបង្ហោះម៉ូតូនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវលំចុងព្រែកប៉ាង ស្ថិតនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង។

ក្មេងទំនើងទាំង៦នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះពៅ ធារ៉ា អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិត្រើយត្រឹង្ស ឃុំ ព្រែកអំបិល ស្រុកស្អាង។ ទី២-ឈ្មោះម៉ែន គង្គា អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិកូនជ្រែ ឃុំ ព្រែកអំបិល ស្រុកស្អាង។ ទី៣-ឈ្មោះ ជួន ច័ន្ទណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។ ទី៤-ឈ្មោះវ៉ៃ ដាវីត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង។ ទី៥-ឈ្មោះសុវណ្ណ សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង និងទី៦-ឈ្មោះរិន សុទ្ធារៈ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិកោះខែល ឃុំ កោះខែល ស្រុកស្អាង។

ចំណែកបក្ខពួក៤នាក់ទៀត ដែលបានរត់គេចខ្លួន រួមមាន ទី១-ឈ្មោះស៊ុម សិលា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង។ ទី២-ឈ្មោះហ៊ុន សេងហាក់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង។ ទី៣-ឈ្មោះដេត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង និងទី១០-ឈ្មោះសាម៉េត សៀងឡេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង។

ចំពោះវត្ថុតាងដកហូត រួមមាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AC-7015។ ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1ID-4431។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមក្មេងទំនើងរួមមាន ឈ្មោះមែន គង្គា ឈ្មោះជួន ច័ន្ទណារ៉ា ឈ្មោះវ៉ៃ ដាវីត ឈ្មោះពៅ ធារ៉ា ឈ្មោះរិន សុទ្ធារៈ ឈ្មោះសុវណ្ណ សីហា ឈ្មោះស៊ុម សិលា ឈ្មោះហ៊ុន សេងហាក់ ឈ្មោះសាម៉េត សៀងហេង និងឈ្មោះដេត បាននាំគ្នាបង្ហោះម៉ូតូចំនួន៥គ្រឿង នៅចំណុចកើតហេតុខាងលើ។ ខណៈពេលនោះ ក៏មានប្រជាពលរដ្ឋប្រទះឃើញ និងបានរាយការណ៍មកសមត្ថកិច្ច ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍កោះខែល សហការជាមួយប្រជាការពារឃុំ បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ បាននាំខ្លួនក្រុមក្មេងទំនើង៦នាក់ និងវត្ថុតាង ម៉ូតូ ចំនួន២គ្រឿង ខាងលើ យកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។ ចំណែកក្រុមក្មេងទំនើង ឈ្មោះស៊ុម សិលា ឈ្មោះហ៊ុន សេងហាក់ ឈ្មោះសាម៉េត សៀងឡេង និងឈ្មោះដេត បាននាំគ្នាជិះម៉ូតូ ចំនួន ៣ គ្រឿងទៀត គេចខ្លួនបាត់អស់។

ចំពោះករណីខាងលើ កម្លាំងជំនាញបានសូមគោលការណ៍អប់រំរយៈពេល៤៨ម៉ោង នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដោយឱ្យក្មេងទំនើងទាំង៦នាក់ ធ្វើការលាងសម្អាតបន្ទប់ទឹក និងធ្វើអនាម័យជុំវិញអធិការដ្ឋាន ធ្វើកិច្ចសន្យា រួចទើបឱ្យអាណាព្យាបាលធានាត្រឡប់ផ្ទះវិញ។ ដោយឡែកវត្ថុតាង ម៉ូតូដែលជិះធ្វើសកម្មភាពបង្ហោះ ត្រូវបានឃាត់ទុកទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង រយៈពេល៣ខែ៕

RELATED ARTICLES