Thursday, May 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខារ៉ាអូខេ ផ្ទះសំណាក់ បង្កប់សេវាផ្លូវភេទ សមត្ថកិច្ចបង្ក្រា---/ប

ខារ៉ាអូខេ ផ្ទះសំណាក់ បង្កប់សេវាផ្លូវភេទ សមត្ថកិច្ចបង្ក្រា—/ប

ខេត្តកំពង់ស្ពឺ ៖ ហាងខារ៉ាអូខេ មួយកន្លែង និងផ្ទះសំណាក់ ១កន្លែង ដែលមានទីតាំងស្ថិតនៅជាប់គ្នា បានសហ ការគ្នា លួចលាក់បើកបម្រើសេវាផ្លូវភេទ ដោយមាននារីៗក្មេងចាស់ រង់ចាំបំពេញតម្រូវការភ្ញៀវ លុះសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ប្រទះឃើញភ្ញៀវកំពុងរួមភេទនៅក្នុងបន្ទប់ផ្ទះសំណាក់ និងរកឃើញវត្ថុតាងជាក់ស្តែង (ស្រោមអនាម័យទើបប្រើរួច ចំនួន២) ទើបសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ហាងខារ៉ាអូខេ ម្នាក់ និងម្ចាស់ផ្ទះសំណាក់ ម្នាក់ យកទៅចាត់ការតាមច្បាប់ ព្រមទាំងរំដោះបាននារីបម្រើសេវាផ្លូវភេទ ចាស់ក្មេង សរុប៨នាក់។

ប្រតិបត្តិការបង្ក្រាបហាងខារ៉ាអូខេ និងផ្ទះសំណាក់ បង្កប់សេវាផ្លូវភេទនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចហាងខារ៉ាអូខេ «នាគ មាស» និងផ្ទះសំណាក់ «សុខ សាន្ត» ដែលមានទីតាំងស្ថិតក្នុងភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្នុងប្រតិបត្តិការខាងលើ រួមមាន ទី១-ឈ្មោះឃ្លាំង ភារម្យ ភេទប្រុស អាយុ៣៥ឆ្នាំ ជាម្ចាស់ហាងខារ៉ាអូខេ KTV «នាគ មាស» និងទី២-ឈ្មោះតុញ ខ្លី ភេទប្រុស អាយុ៣៧ឆ្នា ជាម្ចាស់ផ្ទះសំណាក់ «សុខ សាន្ត»។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយបានការអនុញ្ញាតនិងការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង និងមានការសម្របសម្រួលនីតិវិធីផ្ទាល់ ពីលោករ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឆ្មក់ចុះប្រតិបត្តិការស្រាវជ្រាវដល់ទីតាំងខារ៉ាអូខេ «នាគ មាស» និងផ្ទះសំណាក់ «សុខ សាន្ត» ស្ថិតនៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ប្រភពដដែល បន្តថា ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរស ចំនួន២នាក់ (១-ឈ្មោះឃ្លាំង ភារម្យ ជាម្ចាស់ KTV ២-ឈ្មោះតុញ ខ្លី ជាម្ចាស់ផ្ទះសំណាក់)។ ជាមួយនេះ សមត្ថកិច្ច បានធ្វើការសង្គ្រោះនារីក្មេងចាស់ បានចំនួន៨នាក់ ក្នុងនោះជាអនីតិជន ៥នាក់ និងធ្វើការចាប់យកស្រោមអនាម័យដែលប្រើប្រាស់រួច ទម្លាក់ចូលក្នុងធុងសំរាម ដោយមានទឹកកាម ចំនួន ២ស្រោម។

ដោយផ្អែកលើភ័ស្តុតាង និងចម្លើយរបស់ក្រុមនារីបម្រើសេវាផ្លូវភេទខាងលើ សមត្ថកិច្ចបានធ្វើការបញ្ជូនម្ចាស់ទីតាំង រួមជាមួយនារីរងគ្រោះ ទាំង៨នាក់ មកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ចំណែកក្មេងស្រីរងគ្រោះ ជាអនីតិជន ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចខេត្ត ធ្វើការរកដៃគូ សហការ បណ្តុះបណ្តាលជំនាញ តាមលទ្ធភាព ជួយដល់ក្មេងស្រីរងគ្រោះ។ រីឯម្ចាស់ទីតាំងទាំង២ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES