ខេត្តកំពង់ស្ពឺ ៖ ក្រុមជនខិលខូច បានដាក់គ្រឿងចក្រអេស្កាវ៉ាទ័រ (អាអ៊ិច) ធ្វើការឈួសឆាយ ជីកកាយដីរបស់ប្រជាពលរដ្ឋអាស្រ័យផលនៅក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ជិត១សប្តាហ៍ហើយ មិនទាន់ឃើញមានអាជ្ញាធរ ឬខាងជំនាញមានវិធានការនៅឡើយ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបង្ហើបប្រាប់ថា ក្រុមជនខិលខូច បានដាក់គ្រឿងចក្រ អេស្កាវ៉ាទ័រ ធ្វើការឈួសឆាយ ជីកកាយដីរបស់ប្រជាពលរដ្ឋអាស្រ័យផល នៅចំណុចព្រះអង្គកែវ ស្ថិតនៅក្នុងភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សកម្មភាពឈូសឆាយនេះ មានរយៈពេលជិត ១សប្តាហ៍ហើយ បើទោះបីប្រជាពលរដ្ឋចុះទៅធ្វើការហាមឃាត់ ក៏តៃកុងអេស្កាវ៉ាទ័រ និងអ្នកបញ្ជា មិនស្តាប់ ដោយគេនិយាយថា បទបញ្ជាររបស់មេ (ថ្នាក់លើ) ។

ប្រភពដដែល បន្តថា ដីតំបន់នោះ នៅក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ក្រោមការគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ហើយជារៀងរាល់ថ្ងៃ មានមន្ត្រីតាមស្នាក់ការរងរបស់ដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ជិះម៉ូតូយាមកាមយ៉ាងយកចិត្តទុកដាក់ ការពារធនធានធម្មជាតិ មានដូចជា បទល្មើសព្រៃឈើ ការកាប់បំផ្លាញរុករានទន្ទ្រានយកដីព្រៃ៘ ប៉ុន្តែគ្រឿងចក្រអេស្កាវ៉ាទ័ររបស់ជនខិលខូច បានដាក់ចូលធ្វើការឈូសឆាយដីនោះ ជិត១សប្តាហ៍ហើយ មិនឃើញមានកម្លាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឬកម្លាំងរបស់បរិស្ថានខេត្តកំពង់ស្ពឺ ចុះធ្វើការទប់ស្កាត់ និងបង្ក្រាបគ្រឿងចក្រនោះទេ។

ប្រជាពលរដ្ឋ បានទទូចសុំឱ្យមន្ត្រីនិងកម្លាំងជំនាញ ចុះអន្តរាគមន៍ពិនិត្យមើលករណីគ្រឿងចក្រចូលលួចធ្វើការឈូសឆាយ ជីកកាយដី ចំណុចព្រះអង្គកែវ នេះផង។

ជុំវិញករណីនេះ អ្នកសារព័ត៌មាននៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕


