ខេត្តស្វាយរៀង ៖ ជនសង្ស័យជាជនជាតិវៀតណាម ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានមកទទួលកញ្ចប់បញ្ញើតាមប្រៃសណីយ៍ ដែលផ្ញើចេញមកពីប្រ ទេសថៃ ដោយក្នុងកញ្ចប់បញ្ញើ មានសារធាតុញៀន (កញ្ឆាក្រៀម) ជាងកន្លះគីឡូក្រាម។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចសាខាប្រៃសណីយ៍ក្រុងបាវិត។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៊ួយ វៀតអាន់ ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅបណ្តោះអាសន្ន ក្នុងបន្ទប់ជួល មួយកន្លែង ក្នុងក្រុងបាវិត។

តាមប្រភពផែនការងារប្រឆាំងគ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ថា កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចសាខាប្រៃសណីយ៍ក្រុងបាវិត បន្ទាប់ពីទទួលបានព័ត៌មានពីភ្នាក់ងារប្រៃសណីយ៍ខេត្តស្វាយរៀង ថាមានកញ្ចប់បញ្ញើសង្ស័យជាសារធាតុញៀនដែលមានកញ្ចប់លេខកូដ EE20489766TH ផ្ញើពីប្រទេសថៃ តាមរយៈប្រៃសណីយ៍កម្ពុជា គោលដៅមកកាន់ក្រុងបាវិត ខេត្តស្វាយរៀង និងដោយមានកិច្ចសហការល្អជាមួយបុគ្គលិកប្រៃសណីយ៍សាខាក្រុងបាវិត កម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរ បាលក្រុងបាវិត ដោយមានការសម្របសម្រួលនីតិវិធីពីលោកហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសា លាដំបូងខេត្តស្វាយរៀង បានស្រាវជ្រាវនិងឈានដល់បង្ក្រាបមុខសញ្ញាជួញដូរ ដឹកជញ្ជូនសារធាតុញៀនឆ្លង ដែន ដោយឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះប៊ួយ វៀតអាន់ ជាជនជាតិវៀតណាម ព្រមទាំងដកហូតសារធាតុញៀន (កញ្ឆាក្រៀម) ចំនួន២កញ្ចប់ ទម្ងន់ ៥៥២,១៣ក្រាម ទូរស័ព្ទដៃ ចំនួន២គ្រឿង អត្តសញ្ញាប័ណ្ណជនជាតិវៀតណាម ១សន្លឹក និងបណ្ណ័បើកបររថយន្ត ១សន្លឹក។
ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕